អន្តរជាតិ
អ្នកជំនាញ​ជឿថា រលក​យក្ស​ស៊ូណាមិ​ដ៏​សាហាវ​នៅ​ឥណ្ឌូណេស៊ី​កើត​ព្រោះ​ផ្ទុះ​ភ្នំភ្លើង Anak Krakatau
24, Dec 2018 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្លាប់​ដោយសារ​រលក​យក្ស​ស៊ូណាមិ​បង្កដោយ​ប​ន្ទុះ​ភ្នំភ្លើង Anak Krakatau នៅ​តំបន់​ភាគខាងត្បូង​កោះ​ស៊ូ​ម៉ា​ត្រា និង​ភាគ​ខាងលិច​កោះ​ជ្វា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​កើន​លើស ២០០ នាក់​នៅត្រឹម​ថ្ងៃ​ចន្ទ​ទី ២៤ ខែធ្នូ​នេះ​។ ខាង​អាជ្ញាធរ​កំពុង​បន្ត​រុករក​និង​សង្គ្រោះ​ជនរងគ្រោះ​នៅ​តំបន់​ដែល​ពិបាក​ទៅដល់​នៅឡើយ ហើយ​គេ​បារម្ភ​ថា​អ្នកស្លាប់​អាច​កើនឡើង​ថែមទៀត​។


 
​ឥណ្ឌូណេស៊ី​រងគ្រោះ​ជាថ្មីទៀត​ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង Anak Krakatoa ឬ ជា​ភាសា​ឥណ្ឌូណេស៊ី Anak Krakatau និង​រលក​យក្ស​ស៊ូណាមិ​នៅ​ចុង​សប្តាហ៍​កន្លងទៅ ដោយ​គ្រោះមហន្តរាយ​នេះ​បន្សល់ទុក​មនុស្ស​យ៉ាងហោចណាស់ ២៨១​ស្លាប់ និង​ជាង ១០០០​នាក់​ផ្សេងទៀត​រងរបួស​។ គ្រោះមហន្តរាយ​រលក​យក្ស​ដ៏​សាហាវ​ដែល​កើតឡើង​កណ្តាលយប់​ថ្ងៃ​សៅរ៍​កើតឡើង​បន្ទាប់ពី​មាន​ភ្នំភ្លើង​ផ្ទុះ ហើយ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ជ្វា ជាទី​តាំង​ដែល​រងគ្រោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រុក​Pandeglang នៃ​ខេត្ត​ជ្វា​ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ ហើយ​បើតាម​ការអះអាង​របស់​ពលរដ្ឋ​ក្នុង​តំបន់​រលក​យក្ស​ស៊ូណាមិ​ដែល​កើត​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​មាន​កម្ពស់​ដល់​ទៅ​បី​ម៉ែត្រ​ឯណោះ​។ 
 
​អាច​និយាយបានថា វា​ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​កើតឡើង​នៅ​ឥណ្ឌូណេស៊ី​រាប់​ចាប់ពី​ខែកញ្ញា​។ កាលពី​ខែកញ្ញា ប្រជាជន​ឥណ្ឌូណេស៊ី​យ៉ាងហោចណាស់ ២០០០​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​ក្រុង Palu នៃ​កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi)​។ គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​បង្កើត​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដែរ​។ 
 
១.​មូលហេតុ​ចម្បង​អ្វីដែល​បង្កើត​រលក​យក្ស​ស៊ូណាមិ ?
 
​បើតាម​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​ដែល​ដក​សម្រង់​សេចក្តីសន្និដ្ឋាន​របស់​អ្នកជំនាញ​ខាង​ភ្នំភ្លើង និង​ខាង​អាកាសធាតុ ករណី​ស៊ូណាមិ​ដែល​កើតឡើង​នៅ​ម៉ោង​ប្រហែល ៩ ៖៣០​នាទី​យប់​ថ្ងៃ​សៅរ៍ គឺអាច​បណ្តាលមកពី​ករណី​ផ្ទុះ​ភ្នំភ្លើង Anak Krakatau ឬ មានន័យថា «​ក្មេង​នៃ​ភ្នំ Krakatau» ដែល​បណ្តាល​ឲ្យ​បាក់​ដី​ក្រោម​សមុទ្រ​។ 
 
​បើតាម​សារព័ត៌មាន BBC ភ្នំ Anak Krakatau បានករ​កើតឡើង​ពី​ចេញ​ភ្នំភ្លើង Krakatau នៅ​ឆ្នាំ ១៩២៧ ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភ្នំភ្លើង​នេះ​មាន​សកម្មភាព​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ អាជ្ញាធរ​បាន​ដាស់តឿន​ប្រជាជន​កុំ​ឲ្យ​ទៅ​ក្បែរ​ភ្នំភ្លើង ដើម្បី​ធានា​សុវត្ថិភាព​។ 
 
​តាមពិត​ទៅមុន​មាន​ស៊ូណាមិ​កើតឡើង ភ្នំ​នេះ​បាន​ផ្ទុះ​រយៈពេល​ជាង​ពីរ​នាទី​កាលពី​ថ្ងៃ​សុក្រ​ទី ២១ ខែធ្នូ ដោយ​ខាង​អាជ្ញាធរ​តំបន់​បានប្រកាស​ផ្តល់ដំណឹង​ឲ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​ភ្នំភ្លើង​នេះ​យ៉ាងហោច ២​គីឡូម៉ែត្រ​។ ប៉ុន្តែ​គ្មាន​ការជម្លៀស ឬ​ផ្តល់​ការព្រមាន​ពី​លទ្ធភាព​នៃ​ការកើតឡើង​នៃ​រលក​យក្ស​ស៊ូណាមិ​នេះឡើយ​។ ក្រោយ​ស៊ូណាមិ ភ្នំភ្លើង​នេះ​បាន​ផ្ទះ​ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​។​
 
​ដោយឡែក​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី Sutopo Purwo Nugroho បាន​ចេញមុខ​បកស្រាយ​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ ជុំវិញ​ការរិះគន់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពី​មូល​ហេតុដែល​មិនបាន​ជូនដំណឹង​ប្រកាសអាសន្ន​ជាមុន​ពី​ករណី​រលក​យក្ស​ស៊ូ​។ លោក Sutopo Purwo Nugroho បាន​ពន្យល់ថា ប្រព័ន្ធ​ផ្តល់ដំណឹង​ប្រកាសអាសន្ន​ជាមុន​ត្រូវបាន​ដំឡើង​ដើម្បី​ចាប់​សញ្ញា​រញ្ជួយ​ដី មិនមែន​តាមដាន​ករ​ណី​បាក់​ដី​ក្រោម​សមុទ្រ និង​ការផ្ទុះ​នៃ​ភ្នំភ្លើង​ដែល​បង្កើត​ឲ្យ​មាន​រលក​យក្ស​ដ៏​សាហាវ​នេះឡើយ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា គ្មាន​ការដាក់​ប្រព័ន្ធ​ចាប់​សញ្ញា​ជាមុន​នៃ​រលក​យក្ស​ស៊ូណាមិ​ឲ្យ​ដំណើរការ​មុន​មាន​គ្រោះមហន្តរាយ​កើតឡើង​មែន ដ្បិតថា អាជ្ញាធរ​គ្មាន​លុយ​គ្រប់គ្រាន់​។ ម្យ៉ាង​ប្រព័ន្ធ​នេះ​លែង​ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ ២០១២ ដោយសារ​វា​ខូចខាត​និង​មាន​បញ្ហា​បច្ចេកទេស​ផង​។ 

២. ភ្នំភ្លើង​មេ Krakatau ធ្លាប់​ផ្ទុះ​ធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់​ជាង ១០០​ឆ្នាំមុន​
 
​រលក​យក្ស​ស៊ូណាមិ​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ​វា​ជា​រឿង​កម្រ​ដែល​រលក​យក្ស​ស៊ូណាមិ​កើតចេញពី​ភ្នំភ្លើង​បែបនេះ​។ ឆ្នាំ ២០០៤ ប្រទេស ១៣ នៅ​មហាសមុទ្រ​ឥ​ណ្ឌោះ​បាន​រងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ ហើយ​មនុស្ស​ប្រហែល​ជាង ពី​សែន​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​ជាង​មួយ​សែន​នាក់​ជា​ប្រជាជន​ឥណ្ឌូណេស៊ី​។ 
 
​ត្រឡប់មក​ករណី​រល​ក​យក្ស​ស៊ូណាមិ​សប្តាហ៍​មុន​ដែល​កើតចេញពី​ប​ន្ទុះ​ភ្នំភ្លើង​និង​ការបាក់​ដី​បាតសមុទ្រ​នេះ​វិញ វា​ធ្លាប់មាន​ប្រវត្តិ​កើតឡើង​ពីមុន​ដែរ​។ បើតាម BBC ភ្នំ Krakatau ដែលជា​ភ្នំភ្លើង​មេ​ដែល​បង្កើតបានជា​ភ្នំភ្លើង​ក្មេង​នៃ​ភ្នំ Krakatau ឬ  Anak Krakatau នេះ​បាន​ផ្ទុះ​នៅក្នុង​ឆ្នាំ ១៨៨៣ នា​ខែសីហា​។ វា​ជា​គ្រោះមហន្តរាយ​ផ្ទុះ​ភ្នំភ្លើង​ដ៏​អាក្រក់ និង​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ករណី​ផ្ទុះ​ភ្នំភ្លើង​លើ​ពិភពលោក​ដោយសារ​វា​មាន​កម្លាំង​ស្មើនឹង ១៣០០០​ដង​គ្រាប់បែក​បរិ​មា​ណូ​ដែល​ត្រូវបាន​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ សំឡេង​ផ្ទុះ​លាន់លឺ​រាប់រយ​គីឡូម៉ែត្រ​។  ប​ន្ទុះ​ភ្នំភ្លើង​ម​ហ​មារ​នេះ​បង្កើតបានជា​រលក​ស៊ូណាមិ​ដែលមាន​កម្ពស់​រហូតដល់ ៤១​ម៉ែត្រ ហើយ​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង បី​ម៉ឺន​នាក់​ឯណោះ​។ ចំណែក​មនុស្ស​រាប់ពាន់​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារតែ​ផេះ​ក្តៅ​ដែល​ចេញពី​ភ្នំភ្លើង​នេះដែរ​។​
 
​ក្រោយ​ការផ្ទុះ​នេះ ភ្នំ Krakatau បាន​បាត់​បន្តិច​ម្តងៗ រហូតដល់​ឆ្នាំ ១៩២៧ ទើប​ភ្នំ Anak Krakatau លេច​រូបរាង​ចេញមក​ម្តង​៕
 

Tag:
 Anak Krakatau
  ភ្នំភ្លើង​
  ឥណ្ឌូណេស៊ី​
  ស៊ូណាមិ​
© រក្សាសិទ្ធិដោយ thmeythmey.com