អន្តរជាតិ
គុយបា នឹង​កែ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​បង្កើត​តំណែង​នាយករដ្ឋមន្ត្រី
24, Dec 2018 , 9:59 pm        
រូបភាព
​នៅ​ចុង​សប្ដាហ៍​មុន សភា​គុយបា​បានអនុម័ត​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​ជំនួស​រដ្ឋធម្មនុញ្ញ​បន្សល់​ពី​សម័យ​សង្គ្រាមត្រជាក់​។ ក្នុង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ បក្ស​កុម្មុយនីស្ត​គុយបា នឹង​នៅតែ​ជា​កម្លាំងចលករ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ដដែល ហើយ​រដ្ឋ​ក៏​បន្ត​គ្រប់គ្រង​លើ​សេដ្ឋកិច្ចជាតិ​ទៀត ប៉ុន្តែ​នឹង​ផ្ដល់​ភាពស្របច្បាប់​ដល់​កម្មសិទ្ធិ​ឯកជន​ដែល​កំពុង​កើនឡើង​។ អ្វី​គួរ​ចាប់អារម្មណ៍ គុយបា​ក៏​នឹងមាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ថ្មី​ផងដែរ​។

   
 
​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​គុយ​មាន​២២៩​មាត្រា ឆ្លង​ផុត​សភា​ដែលមាន​សមាជិក​សុទ្ធតែ​មកពី​បក្ស​កុម្មុយនីស្ត​គុយបា​។ ជំហាន​បន្ទាប់ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ នឹងត្រូវ​ដាក់​ឲ្យ​បោះឆ្នោត​ក្នុង​ប្រជាមតិ​ថ្ងៃទី​២៤ ខែកុម្ភៈ​ខាងមុខ​។  
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​គុយបា ក្នុង​ច្បាប់កំពូល​ថ្មី​នេះ គុយបា​នៅតែ​អនុវត្ត​នយោបាយ​បែប​កុម្មុយនីស្ត ហើយ​បក្ស​កុម្មុយនីស្ត​គុយបា នឹង​បន្ត​ដឹកនាំ​ប្រទេស​ដដែល​។ យ៉ាងណាក្ដី កម្មសិទ្ធិឯកជន នឹងត្រូវ​បានទទួល​ស្គាល់​ដោយ​ច្បាប់ ហើយ​គុយបា ក៏​ទទួលស្គាល់​សារសំខាន់​នៃ​ការវិនិយោគ​ពី​បរទេស និង​បើកទ្វារ​ចំហ​ដល់​ការរៀប​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ការរៀប​ការ​រវាង​ភេទ​ដូចគ្នានេះ ជា​រឿងចម្រូងចម្រាស​មួយ​នៅ​គុយបា​។ ក្រុម​អ្នកការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បានស្នើ​ឲ្យ​មានការ​លុបចោល​និយមន័យ​ក្នុង​ច្បាប់​ដែល​កំណត់ថា អាពាហ៍ពិពាហ៍​ជាការ​រួមរស់​ជាមួយគ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដោយ​ប្តូរ​ទៅជា «​ការរួមរស់​ជាមួយគ្នា​រវាង​មនុស្ស​ពីរ​នាក់​» ដោយមាន​សិទ្ធិ និង​កាតព្វកិច្ច​ស្មើគ្នា​វិញ​។ គណៈកម្មការ​តាក់តែង​រដ្ឋធម្មនុញ្ញ បានស្នើ​យោបល់​ពី​ប្រជាជន​លើ​រឿងនេះ តែ​រង​ការជំទាស់​ខ្លាំង ហើយក៏​ដកចេញ​ពី​សេចក្ដីព្រាង​តែម្ដង​។​
 
​ជំនួស​ឲ្យ​ការកំណត់​និយមន័យ​ច្បាស់លាស់​លើ​ការរៀប​ការ​របស់​ភេទ​ដូចគ្នា សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​រដ្ឋ​សង្គម​មួយ​នេះ បាន​ចំហ​ទ្វារ​សម្រាប់​វិសោធនកម្ម​នៅពេល​អនាគត បើសិនជា​កាលៈទេសៈ​អំណោយ​ផល​នោះ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ​ក្នុង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ គឺជា​ការកំណត់​អាណត្តិ និង​អាយុ​របស់​ប្រធានាធិបតី ព្រមទាំង​ការបង្កើត​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​។ អតីត​ប្រធានាធិបតី ហ្វី​ដែល កា​ស្ត្រូ និង រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​កាន់តំណែង​ប្រធានាធិបតី​សរុប​ជាង​៦​ទសវត្សរ៍ មុនពេល​លោក Miguel Diaz-Canel ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨ នេះ​។ យ៉ាងណាមិញ លោក រ៉ា​អ៊ូ​ល នៅ​បន្ត​កាន់តំណែង​អគ្គលេខាបក្ស​ដល់​ឆ្នាំ​២០២១ ៕
 

Tag:
 គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com