អន្តរជាតិ
អ្នកនយោបាយ​ថៃ​វ័យ​៧៤​ឆ្នាំ​ម្នាក់​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី ដោយ​យក​គំរូ​តាម​លោក​មហា​ធៀ​
25, Dec 2018 , 8:39 am        
រូបភាព
លោកមហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ឆ្វេង), លោក Wan Nor ប្រធានគណបក្ស Prachachart (ស្តាំ)
លោកមហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ឆ្វេង), លោក Wan Nor ប្រធានគណបក្ស Prachachart (ស្តាំ)
ដោយ:
​អ្នកនយោបាយ​ជើងចាស់​មួយរូប ឈ្មោះថា Wan Muhamad Noor Matha ដែល​ត្រូវបាន​គេ​ស្គាល់​ថា Wan Nor បាន​និយាយថា លោក​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ ដោយ​យក​គំរូ​តាម​ភាពជោគជ័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់​។

 
​ថ្លែង​នៅក្នុង​កម្មវិធី​របស់​ប​ក្ស​មួយ នៅ​ថ្ងៃអាទិត្យ​ទី​២៣ ខែធ្នូ លោក Wan Nor ដែល​សព្វ​ថ្ងៃជា​ប្រធាន​គណបក្ស Prachachart បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រើប្រាស់​គំរូ​នៃ​ភាពជោគជ័យ​របស់លោក​មហា​ធៀ ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។ ទោះបីជា​យ៉ាងនេះ​ក្តី លោក​សង្ឃឹមថា បក្ស​លោក​អាច​ដណ្តើម​កៅអី​បាន​ត្រឹម​២០​ប៉ុណ្ណោះ​ក្នុង​សភា ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ​។​
 
​ស្ថិតក្នុង​វ័យ​៧៤​ឆ្នាំ លោក Wan Nor ធ្លាប់មាន​បទពិសោធន៍​នយោបាយ​ក្រាស់ក្រែល ក្នុងនោះ​រួមមាន ជា​អតីត​ប្រធានសភា​ថៃ និង​អតីតរដ្ឋមន្ត្រី​ដឹកជញ្ជូន​ជាដើម​។ បើតាម​កាសែត Bangkok Post  លោក​បានលើកឡើង​បែបនេះ​៖«​វា​មិនមែន​ត្រឹម​ជា​ក្តី​ស្រមៃ​ឡើយ ក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​ក្លាយជា​នាយក​ដ្ឋ​មន្ត្រី​ចាស់​ជាងគេ​បំផុត​ក្នុង​លោក ទោះបីជា​គណបក្ស​លោក​កាន់កាប់​ត្រឹម​១៤​កៅអី​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​»​។​
 
​ទាក់ទិន​នឹង​គោលនយោបាយ​របស់​បក្ស​វិញ លោក Wan Nor បាន​គូសបញ្ជាក់ថា គណបក្ស​លោក​គឺ​ប្រឆាំង​ដាច់ខាត​ទៅនឹង​អំពើ​ភេរវកម្ម និង​អំពើហិង្សា​គ្រប់​ទម្រង់​ទៅលើ​ប្រជាជន ព្រមទាំង​រដ្ឋប្រហារ​យោធា​ផងដែរ​។ សុភមង្គល​ពិតប្រាកដ​របស់​ជាតិ គឺ​ពឹង​ផ្អែកលើ​សុភមង្គល​ប្រជាជន​តែម្តង​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា លោក មហា​ធៀ ដែល​ក្នុងឆ្នាំនេះ​បាន​ក្លាយជា​ប្រធាន​សម្ព័ន្ធភាព Pakatan Harapan បានឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨​។ ស្ថិតក្នុង​វ័យ​៩៣​ឆ្នាំ លោក​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃ​១០ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​៕
 

Tag:
 ថៃ​
  នយោបាយ​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com