កីឡាជាតិ
ជាតិ
​លោក កែវ រ៉េមី ស្នើ​គ្រូឧទ្ទេស ITF ចូលរួម​ពង្រឹង​សុក្រឹតភាព​ក្នុង​កាត់ក្តី​ការប្រកួត​លំដាប់​ពិភពលោក​
24, Dec 2018 , 10:19 pm        
រូបភាព
លោក កែវ រ៉េមី (ស្តាំ) និងលោក Kim Ung Chol ចូលរួមបើកវគ្គបណ្តុះបណ្តាលចៅក្រមកីឡាតេក្វាន់ដូ ITF
លោក កែវ រ៉េមី (ស្តាំ) និងលោក Kim Ung Chol ចូលរួមបើកវគ្គបណ្តុះបណ្តាលចៅក្រមកីឡាតេក្វាន់ដូ ITF
ដោយ:
​គ្រូឧទ្ទេស​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ លោក Kim Ung Chol ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អន្តរជាតិ​មកពី​ប៊ុលហ្គារី បាន​ចែករំលែក​បទពិសោធ និង​បច្ចេកទេស​កីឡា​តេ​ក្វាន់​ដូ ITF ដល់​ចៅក្រម គ្រូបង្វឹក និង​កីឡាករ​កម្ពុជា​។ តាមរយៈ​គ្រូឧទ្ទេស​នេះ លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ស្នើ​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ ដែល​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​ឆ្នាំ​២០១៩ ខាងមុខ កាត់ក្តី​ឲ្យ​យុត្តិធម៌​ដល់​កម្ពុជា​។​

 
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​លោក កែវ រ៉េមី ស្នើ​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ ដែល​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​នា​ឆ្នាំ​២០១៩ ខាងមុខ កាត់ក្តី​ឲ្យ​យុត្តិធម៌​សម្រាប់​កីឡាករ​កម្ពុជា​។ សំណើរ​នេះ ត្រូវបាន​លោក កែវ រ៉េមី ស្នើ​តាមរយៈ​លោក Kim Ung Chol ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អន្តរជាតិ ដែលជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​ចៅក្រម​កីឡា​តេ​ក្វាន់​ដូ ITF​។ 


 
​ការស្នើ​បែបនេះ​របស់លោក កែវ រ៉េមី បន្ទាប់ពី​លោក​យល់ថា អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ​នៅ​ប៉ែក​អឺរ៉ុប​មួយចំនួន កាត់ក្តី​មិន​ឈរលើ​គោលការណ៍​យុត្តិធម៌ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​កម្រិត​ពិភពលោក​។ «​យើង​ហៅ​គ្រូឧទ្ទេស​មកពី​ប៊ុលហ្គារី គឺ​ចំ​តែម្តង ដោយសារ​នៅ​ឆ្នាំ​២០១៩ ការប្រកួត​ជើងឯក​ពិភពលោក​គេ​រៀបចំ​នៅ​ប្រទេស​ប៊ុលហ្គារី​តែម្តង​។ ដូច្នេះ​តាមរយៈ​លោក Kim Ung Chol ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អន្តរជាតិ យើង​នឹង​ស្នើ​តាមរយៈ​គាត់ ឲ្យ​ប្រាប់​ចៅក្រម​អន្តរជាតិ​នៅ​ប៉ែក​អឺរ៉ុប កាត់ក្តី​ឲ្យ​យុត្តិធម៌​សម្រាប់​កម្ពុជា​»​។ ការលើកឡើង​បែបនេះ​របស់លោក កែវ រ៉េមី ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម​កីឡា​តេ​ក្វាន់​ដូ ITF កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​វគ្គ​បណ្តុះបណ្តាល​ចៅក្រម​កីឡា​តេ​ក្វាន់​ដូ ITF ក្រោម​បទឧទ្ទេស​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ លោក Kim Ung Chol មកពី​ប៊ុលហ្គារី មាន​សិក្ខាកាម​៥៨​រូប​ចូលរួម​។ វគ្គ​បណ្តុះបណ្តាល​ផ្តោត​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​នេះ រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២១-២៤ ខែធ្នូ ឆ្នាំ​២០១៩​។ វគ្គ​នេះ​ផ្តោត​សំខាន់​លើ​បច្ចេកទេស​កាត់ក្តី​លើ​វិញ្ញាសា​សម្តែង​មេគុន​។ 


 
«​ដើម្បី​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម មាន​សុ​ក្រិត​ភាព​ក្នុងការ​កាត់ក្តី យើង​ត្រូវមាន​វគ្គ​បំប៉ន​លើ​បច្ចេកទេស​មេគុន ព្រោះ​លក្ខណវិនិច្ឆ័យ​លើ​វិញ្ញាសា​មេគុន យើង​ផ្តោតលើ​៤​ចំណុច ភាពជាក់លាក់ លំនឹង ការគ្រប់គ្រង​ដណ្តើម និង​រលក​នៃ​ការ​វាយ​។ បើ​ពួកគាត់​មិន​យល់​ពី​បច្ចេកទេស​ទាំងនេះ​ទេ នឹងធ្វើ​ឲ្យ​ការកាត់ក្តី​ក្នុងការ​ប្រកួត​មាន​ភាពលំអៀង​»​។ នេះ​ជា​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម ដែល​លើកឡើង​ដោយ​លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។​
 
​ធនធាន​អាជ្ញាកណ្តាល​ចៅក្រម​កីឡា​តេ​ក្វាន់​ដូ ITF ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ បើតាម​លោក បួន​ហ៊ីង សុធី​យ៉ា បច្ចុប្បន្ន​សហព័ន្ធ​មាន​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​តែ​ពីររូប​ប៉ុណ្ណោះ គឺ​លោក បួន​ហ៊ីង សុធី​យ៉ា និង​លោក ហ៊ឹម លីដា​។ ដើម្បី​វិ​វត្ត​ខ្លួន​ពី​អាជ្ញាកណ្តាល​ចៅក្រម​ជាតិ​ទៅ​អន្តរជាតិ កីឡាករ​នីមួយៗ​ត្រូវមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​ជាមុនសិន មុន​ប្រឡង​យក​សញ្ញាបត្រ​ពី​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អន្តរជាតិ​។​
 
​អគ្គលេខាធិការ​ខាងលើ​រំពឹងថា សិក្ខាកាម​ទាំង​៥៨​រូប​ខាងលើ​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​កាត់ក្តី​ឲ្យ​កាន់តែ​ល្អប្រសើរ ពិសេស​នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ចែករំលែក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​៕   


 

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  បួន​ហ៊ីង សុធី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com