អន្តរជាតិ
ចិន​ទាត់ចោល របាយការណ៍​ថា​ខ្លួន​សម្ងំ​ផលិត​យន្តហោះ​ចម្បាំង​នៅ​ប៉ា​គី​ស្ថាន​ក្រោម​គម្រោង​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​»
24, Dec 2018 , 5:37 pm        
រូបភាព
​សប្តាហ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ផ្សព្វផ្សាយ​ថា គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​វាល់​លាន​របស់​ចិន​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​» កំពុង​ប្រែក្លាយជា​គម្រោង​វិនិយោគ​អំណាច​យោធា​វិញ​នៅ​ប៉ា​គី​ស្ថាន​។ ភ្លាមៗ​នោះ តំណាង​រដ្ឋាភិបាល​ចិន​ចេញមុខ​បកស្រាយ និង​ទាត់​ចោលការ​អះអាងថា​នេះ ដោយ​ចាត់ទុកថា វា​ជាការ​ឃោសនា​របស់លោក​ខាងលិច​ប៉ុណ្ណោះ​។

 

 
​កាសែត​អាមេរិក New York Times ដកស្រង់​ផែនការ​សម្ងាត់​មួយ​ដោយ​បង្ហាញថា គម្រោង​វិនិយោគ​ដែល​រដ្ឋាភិបាល​ចិន​តែងតែ​អះអាងថា មាន​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​តែ​ម្យ៉ាង​នោះ មិន​ដូច​ការអះអាង​នោះឡើយ​។ តាម New York Times គម្រោង​នៅ​ប៉ា​គី​ស្ថាន​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​ដែលមាន​ដើមឡើយ​គោលដៅ​បង្កើត​ច្រករបៀង​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​-​ចិន​នោះ​កំពុង​ប្រែក្លាយជា​គម្រោង អភិវឌ្ឍ​អំណាច​យោធា​វិញ ។ 
 
​កាសែត​អាមេរិក​ខាងលើ​បញ្ជាក់​បន្ថែមថា ចិន​ចាប់ដៃ​ជាមួយ​ប៉ា​គី​ស្ថាន​ដើម្បី​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ផលិត​យន្តហោះ​ចម្បាំង រួមជាមួយ​សម្ភារ​យោធា និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ផ្សេងទៀត​ដែល​សុទ្ធសឹងតែ​បម្រើ​ប្រយោជន៍​យោធា​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ដ៏​ធំ​មហិមា​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​មហិច្ឆតា​ពង្រឹង​អំណាច​យោធា​របស់​ចិន​បែបនេះ​។ 
 
​ក្រោយ​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​គម្រោង​សេដ្ឋកិច្ច​របស់​ចិន​ប្រែក្លាយជា​គម្រោង​យោធា តំណាង​ក្រុង​ប៉េកាំង​បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់ និង​អះអាងថា លោកខាងលិច​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ខូចកេរ្តិ៍​ឈ្មោះ​ខ្លួន​ប៉ុណ្ណោះ​។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNBC អនុប្រធាន​បេសកកម្ម​ការទូត​ចិន​ប្រចាំ​ក្រុង​ឥ​ស្លា​ម៉ា​បាត Lijian Zhao បាន​បង្ហោះ​សារ​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​ដោយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់ New York Times​។ លោក​បាន​ហៅ​របាយការណ៍​របស់ New York Times ថា​ជាការ​ឃោសនា​របស់លោក​ខាងលិច ហើយ​បានប្រកាស​ជាថ្មី​ថា គម្រោង​បង្កើត​ច្រករបៀង​សេដ្ឋកិច្ច​ទ្វេភាគី​ជាមួយ​ប៉ា​គី​ស្ថាន​ជា​រឿង​សេដ្ឋកិច្ច​សុទ្ធសាធ​តែម្តង​។​
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​ខ្លះ​អះអាងថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​ចិន​ប្រើប្រាស់​គម្រោង​សេដ្ឋកិច្ច​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​។ អ្នកជំនាញ​ពន្យល់ វា​មិនមែន​មានន័យថា គម្រោង​ក្រវាត់​មួយ​វិថី​មួយ​ទាំងមូល​នោះ​មាន​គោលដៅ​យោធា​ទាំងស្រុង​ឡើយ ប៉ុន្តែ​ប្រាកដ​ណាស់​ថា គម្រោង​ខ្លះ​ដែល​ជួយ​បម្រើ​ប្រយោជន៍​យោធា​ពិតមែន ហើយក៏​អាច​អនុញ្ញាត​ឲ្យ​ទាហាន​ចិន​ប្រើប្រាស់​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​ដែរ​។ ក្នុងនោះ​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប៉ា​គី​ស្ថាន​នេះ រួមជាមួយ​គម្រោង​នៅ​ស្រីលង្កា និង​ជី​ប៊ូ​ទី​ជាដើម​។ 
 
​កាលពី​ឆ្នាំមុន មហា​យក្ស​ចិន​បានសម្រេច​បើក​ដំណើរការ​មូលដ្ឋាន​យោធា​ទីមួយ​ជា​ផ្លូវការ​នៅ​តំបន់​កុយរមាស​អាហ្វ្រិក​នារ​ដ្ឋ​ជី​ប៊ូ​ទី​។ ក្រោយមក​គេ​ឃើញ​មានការ​ពិភាក្សា​និង​វាយតម្លៃថា កំពង់ផែ​ផ្សេងទៀត​ដូចជា Hambantota ស្រីលង្កា​ដែល​កំពុងស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន និង​កំពង់ផែ​ទឹក​ជ្រៅ Gwadar នៅ​ប៉ា​គី​ស្ថាន​សុទ្ធតែជា​ទីតាំង​ដែលមាន​សក្តានុពល​សម្រាប់​កងទ័ពជើងទឹក​រប​ស់​ចិន​ដូចគ្នា​។ 
 
- គម្រោង​យក្ស​របស់​ចិន​កាន់តែ​ខូច​ឈ្មោះ ហើយ​ឥណ្ឌា​អាច​រៀប​ជើង​ព្រួល​ទប់ទល់​វិញ​
​ព័ត៌មាន​ដែល​បង្ហាញថា ចិន​សម្ងំ​ផលិត​សម្ភារ​យោធា​ជាមួយ​ប៉ា​គី​ស្ថាន​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នៃ​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​គម្រោង​ប្រកបដោយ​មហិច្ឆតា និង​មាន​គោលដៅ​ចម្បង​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល​នោះ​។ 
 
​ម្យ៉ាង​ព័ត៌មាន​នេះ​ក៏​លេចឡើង​ស្រប​ពេលដែល​ប្រទេស​មួយចំនួន​កាន់តែ​មិន​សប្បាយចិត្ត និង​ចាប់ផ្តើម​ដាក់​មន្ទិលសង្ស័យ​កាន់តែខ្លាំង​ឡើង​ពី នយោបាយ​ការទូត​អន្ទាក់​បំណុល​របស់​ចិន ដូចគ្នា​។ ប្រជាជន​ខ្លះ​ខឹងសម្បារ និង​មិន​ពេញចិត្ត​ឡើយ​ចំពោះ​លក្ខខណ្ឌ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ និង​ការបង្កើត​ការងារ​ក្រោម​គម្រោង​របស់​ចិន​នេះដែរ​។ ដូច្នេះហើយ​តិច​ឬ​ច្រើន គំនិត​ផ្តួចផ្តើម​មួយ​នេះ​នឹង​ប្រឈម​ការទិតៀន និង​មានការ​ប្រឆាំង​កាន់តែច្រើនៗ​ឡើង​ពី​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​ចៀស​មិន​ផុត​ឡើយ​។​
 
​ក្រៅតែពី​ការ​ខូច​ឈ្មោះ ការចោទប្រកាន់ថា ចិន​មាន​គម្រោង​អភិវឌ្ឍ​យោធា​នៅ​ប៉ា​គី​ស្ថាន​កំពុង​ក្លាយជា​ក្តីកង្វល់​ធំ​សម្រាប់​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ដែលជា​សត្រូវ​ធំ​បំផុត​របស់​ប៉ា​គី​ស្ថាន​ដែរ​។ វា​មានការ​វាយតម្លៃ​ជាមុន​ហើយ​ថា គម្រោង​សេដ្ឋកិច្ច​តែមាន​បង្កប់​ទិដ្ឋភាព​យោធា​នេះ នឹងធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នា​កាន់តែខ្លាំង​រវាង​មហាអំណាច​ទាំងពីរ​ចិន និង​ឥណ្ឌា​ផង​។ ជាក់ស្តែង សម្រាប់​ក្រុង​ញូ​វ​ដេលី​ផ្ទាល់ វា​ជា​រឿង​ចាំបាច់​ដែល​ខ្លួន​ត្រូវ​បង្កើន​អំណាច និង​សកម្មភាព​យោធា​ជាមុន ដ្បិតថា គម្រោង​របស់​ក្រុង​ប៉េកាំង​មិន​ខុសពី​ការព្យាយាម​ហ៊ុមព័ទ្ធ​ខ្លួន​នោះឡើយ​៕
 
 

Tag:
 ចិន​
  ខ្សែក្រវាត់​មួយ​វិថី​មួយ​
  ប៉ា​គី​ស្ថាន​
  យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com