អន្តរជាតិ
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ដាក់​ដំណើរការ​មូលដ្ឋានទ័ព​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ទប់ស្កាត់​ការ​ឈ្លា​ន​ពី​ខាងក្រៅ​
24, Dec 2018 , 11:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ថ្មីៗ​នេះ បាន​ដំណើរការ​មូលដ្ឋាន​កង​ទ័ព​មួយ ដែលមាន​ទីតាំង​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​កន្លែង​ឥណ្ឌូណេស៊ី និង​ចិន ធ្លាប់​មានរឿង​ប្រទាំង​ប្រទើស​ជាមួយនឹង​គ្នា​។ ការសម្រេច​បើក​មូលដ្ឋាន​កងទ័ព​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ទប់ទល់​ជាមួយនឹង​ការគំរាមកំហែង​សន្តិសុខ​ពី​បណ្តា​ប្រទេស​ខាងក្រៅ​។​

 
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ ១៨ ធ្នូ​កន្លងទៅ បានប្រកាស​ដំណើរការ​មូលដ្ឋាន​កង​ទ័ព​មួយ​នៅលើ​ប្រជុំ​កោះ Natuna ជាមួយនឹង​ការប្តេជ្ញាចិត្ត​ការពារ​មិន​ឲ្យ​រដ្ឋ​ខាងក្រៅ​ណាមួយ​មក​បំពាន​ដែន​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​បានឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន South China Morning Post​។ 

អត្ថបទទាក់ទង

 
​នាឱកាស​នៃ​កម្មវិធី​ប្រកាស​ដំណើរការ​ជា​ផ្លូវការ មេទ័ព​ជើងគោក​ឥណ្ឌូណេស៊ី លោក Marshal Hadi Tjahjanto បាន​អះអាងថា មូលដ្ឋាន​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​បម្រើ​ការងារ​ការពារ និង​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​សន្តិសុខ ជាពិសេស​នោះ​នៅតាម​តំបន់​ព្រំដែន​តែម្តង​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ​មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​ដាក់​ដំណើរការ​មូលដ្ឋាន​នេះ ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ក៏​បានចេញ​ថ្លែងការណ៍​ម៉ឺងម៉ាត់​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បង្ហាញ​ពី​ភាពជា​ម្ចាស់​នៃ​តំបន់​ប្រជុំ​កោះ Natuna ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​១៦​ម៉ឺន​នាក់​ហើយ​នោះ​។  
 
​ខណៈ​មិន​បញ្ចេញ​ឈ្មោះ​ភាគី​ដែល​ប៉ុនប៉ង​រំលោភ​លើ​តំបន់ Natuna នោះ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ប្រសិនបើ​អ្នក​ឲ្យ​យើង ប្រយុទ្ធ គ្មាន​បញ្ហា​ឡើយ​។ យើង អាច​ប្រយុទ្ធ​បាន​»​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ប្រជុំ​កោះ Natuna ជា​បណ្តុំ​កោះ​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ​ដែល​ឥណ្ឌូណេស៊ី បាន​អះអាងថា​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។ Natuna ក៏​ស្ថិត​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ចិន ជា​ភាគី ប្រកាស​ជា​ម្ចាស់​កម្មសិទ្ធិ​ស្ទើរតែ​ទាំង​ស្រុក​នៃ​តំបន់​នោះ​។​
 
​នៅ​ឆ្នាំ​២០១៦​កន្លងទៅ ឥណ្ឌូណេស៊ី និង​ចិន បាន​មានការ​ប្រឈមមុខ​ផ្នែក​ការទូត​គ្នា​ខ្លាំង ក្រោយពី​ឥណ្ឌូណេស៊ី បាន​រឹបអូស​នាវា​នេសាទ​របស់​ពលរដ្ឋ​ចិន ដោយ​ឥណ្ឌូណេស៊ី ចោទថា បាន​បំពាន​ចូលក្នុង​ដែន​អធិបតេយ្យ​ខ្លួន​ក្នុង​តំបន់ Natuna​។ គឺ​ពេលនោះ​ហើយ ដែល​ឥណ្ឌូណេស៊ី ប្រកាស​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​ទីនោះ ហើយ​ថែមទាំង​ប្តេជ្ញា​មិន​ឲ្យ​បាត់បង់​ទឹកដី​របស់ខ្លួន​សូម្បី​មួយ​សង់​ទី​ម៉ែត​ក៏ដោយ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com