អន្តរជាតិ
សមាជិកសភា​ហ្វីលីពីន ស្នើ​យក​ថ្ងៃ ១២​កក្កដា ជា​ថ្ងៃ​ឈប់សម្រាក​ប្រារព្ធ​ជ័យជម្នះ​សមុទ្រ​ចិន​ខាងត្បូង​
24, Dec 2018 , 11:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​មួយរូប​របស់​ហ្វីលីពីន បានដាក់​សំណើ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ការឈប់​សម្រាក ឬ​បុណ្យជាតិ​រយៈពេល​មួយថ្ងៃ ដើម្បី​រម្លឹក​ពី​ជ័យជម្នះ នៃ​ការចេញ​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ទីក្រុង​ឡាអេ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​។ សំណើ​របស់​សមាជិកសភា​រូបនេះ ក៏​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​ស្មារតី​ប្រជាជន​ហ្វីលីពីន​ឲ្យ​ស្រលាញ់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

 
​តំណាងរាស្ត្រ​ហ្វីលីពីន​មួយ គឺ​លោក Alejano, Gary C មកពី​ក្រុង Quezon បាន​ថ្លែងប្រាប់​សារព័ត៌មាន South China Morning Post ថា លោក ចង់​ឲ្យ​មាន​ថ្ងៃ​បុណ្យជាតិ​មួយថ្ងៃ​ដើម្បី​រម្លឹក​ដល់​សាលក្រម​ទីក្រុង​ឡាអេ  ស្តីពី​ជ័យជម្នះ​របស់​ហ្វីលីពីន​លើ​រឿងក្តី​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ហៅថា សមុទ្រ​ខាងលិច​ហ្វីលីពីន​នោះ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកតំណាងរាស្ត្រ​រូបនេះ បាន​អះអាងថា តាមរយៈ​សំណើ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់​ថ្ងៃ​១២ កក្កដា ជា​ថ្ងៃ​ឈប់សម្រាក នឹង​អាច​បណ្តុះ​ស្មារតី​របស់​ពលរដ្ឋ​ហ្វីលីពីន និង​មោទកភាព​របស់​ជាតិ​ផងដែរ​។  អ្នកតំណាងរាស្ត្រ ក៏បាន​បន្ថែម​ផងដែរ​ថា ការណ៍ ដែល​លោក ធ្វើសំណើ​បែបនេះ ក៏​ព្រោះតែ​លោក មិន​ពេញចិត្ត​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​ហាក់ដូចជា​មិនសូវ​អើពើ​នឹង​សាលក្រម​មួយ​នេះ​។ 
 
​តាម​អ្នកតំណាងរាស្ត្រ ដែលជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិន​សំចៃមាត់​ផងដែរ​នោះ ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ក្លាយជា​ច្បាប់​មែន​នោះ អង្គភាព​ពាក់ព័ន្ធ​រប​ស់​រដ្ឋាភិបាល​ហ្វីលីពីន​មួយចំនួន​ពិសេស​វិស័យ​អប់រំ ក៏​តម្រូវ​ឲ្យ​ដាក់បញ្ចូល​ជា​ព្រឹត្តិការ​ណ៍័​ប្រវត្តិសាស្ត្រ​នៃ​ជ័យជម្នះ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​ទៅក្នុង​កម្មវិធីសិក្សា​ផងដែរ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០១៦ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​ជា​ឯក​ច្ឆ័​ន​លើ​បណ្តឹង​របស់​ហ្វីលីពីន​ប្រឆាំង​ចិន​។ សាលក្រម​លក្ខណៈ​ចាប់បង្ខំ​នេះ បាន​បកស្រាយ​ថា ចិន មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​ទាមទារ​លើ​តំបន់​ចំណុច​ទាំង​ប្រាំបួន​ត្រេ​(Nine-Dash Line) ដែល​ស្ទើរតែ​ស្មើនឹង​តំបន់​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​
 
​ដំណើរការ​រឿងក្តី​របស់​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​ពេលនោះ មិនមាន​ការចូលរួម​ពី​ភាគី​ចិន​ឡើយ ដែល​ហេតុនេះហើយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន ប្រកែក​មិន​ទទួលស្គាល់ សាលក្រម និង​ថែមទាំង​ចាត់ទុក​សាលក្រម​នោះ ដូចជា​សម្រាម​យ៉ាង​ដូច្នេះ​ឯង​។ គួរកត់សម្គាល់​នោះ ទោះបី​មាន​សាលក្រម​នេះ​នៅ​នឹង​ដៃ​ក៏ដោយ រដ្ឋាភិបាល​ហ្វីលីពីន​របស់លោក ឌូ​ទើ​តេ មិនដែល​អនុវត្ត​ឡើយ ដោយសារ​មិន​ចង់​មាន​ជម្លោះ​ជាមួយនឹង​ចិន​។​
 
​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​អធិបតេយ្យ​មួយ ដែលមាន​រឿងចម្រូងចម្រាស់​នៃ​ការ​កម្មសិទ្ធិ​គ្រប់គ្រង​។ រដ្ឋ​អាស៊ាន រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​គ្រប់គ្រង​តំបន់​មួយចំនួន​នៃ​សមុទ្រ​នេះ តាមច្បាប់​អន្តរជាតិ ខណៈ ចិន ប្រកាស​ខ្លួន​ថា ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដែនសមុទ្រ​នេះ​ស្ទើរតែ​ទាំងស្រុង​តែម្តង​៕ 

Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com