អន្តរជាតិ
ចិន​ថា ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​មាន​ការវិវត្ត​ទៅមុខ
25, Dec 2018 , 11:16 am        
រូបភាព
ដោយ:
​កាល​ចុង​សប្តាហ៍​កន្លងទៅ ចិន និង​អាមេរិក​បាន​ឈានដល់​ការសម្រេច «​ដំណើរការ​ថ្មី​»​មួយ​ស្រប​ពេលដែល​ភាគី​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ៩០​ថ្ងៃ​សិន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃទី​អាទិត្យ ទី​២៣ ខែធ្នូ​ក្រោយ​ជំនួប​ថ្នាក់​អនុរដ្ឋមន្ត្រី​កាលពី​ពីរ​ថ្ងៃមុន​។

 
​យោងតាម​សេចក្តីថ្លែងការណ៍​ក្រសួងពាណិជ្ជកម្ម​ចិន ភាគី​អាមេរិក និង​ចិន​បានរៀបចំ​កិច្ចពិភាក្សា​កម្រិត​«​អនុរដ្ឋមន្ត្រី​»​មួយ តាម​ទូរ​សព្ទ​កាលពី​សុក្រ​កន្លងទៅ​។​ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន ក្នុងនោះ​ក៏មាន តុល្យភាព​ពាណិជ្ជកម្ម និង​ការពង្រឹង​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ជាដើម ដែលជា​បញ្ហា​រសើប​បំផុត​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម​ចិន បានបញ្ជាក់​ទៀតថា ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ស្តីពី​គម្រោង​រៀបចំ​ជំនួប​លើក​ក្រោយៗ​ទៀតផង​ដែរ​។ នេះ​គឺ​ជំនួប​តាម​ទូរ​សព្ទ​លើក​ទី​ពីរ​ហើយ​ក្នុងពេល​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ក្នុង​គោលដៅ​ពិភាក្សា​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ​កម្ម ដែល​កំពុង​ឆាបឆេះ​។ 
 
​ទន្ទឹមនឹង​នេះដែរ សភា​ក្រុង​ប៉េកាំង​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែធ្នូ​ថា ខ្លួន​កំពុង​សិក្សា​លើ​ច្បាប់​គ្រប់គ្រង​លើ​ការវិនិយោគ​បរទេស​ថ្មី​មួយ​ដែល​ការពារ​ការ​លួច​យក​បច្ចេកវិទ្យា និង​សិទ្ធិ​ផ្សេងទៀត​របស់​បណ្តា​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ចិន​ដែរ​។ គម្រោង​តាក់តែង​ច្បាប់​ថ្មី​នេះ ទំនងជា​ឆ្លើយតប ការរិះគន់​របស់រប​ស់​ក្រុមមន្ត្រី​មកពី​បណ្តា​ប្រ​ទស​លោកខាងលិច ជុំវិញ​ការ​លួច​យក​បច្ចេកវិទ្យា និង​កម្មសិទ្ធិបញ្ញា ព្រមទាំង​ភាពអយុត្តិធម៌​នៃ​ការបើកចំហ​ទ្វារ​ទីផ្សារ​ចិន ដើម្បី​ទទួលយក​ក្រុមហ៊ុន​បរទេស​ជាដើម​។​
 
​គួរ​បញ្ជាក់ថា ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​៩០​ថ្ងៃ ដែលមាន​គោលដៅ​រក​ផ្លូវ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​ចិន​ក្នុង​បញ្ហា​ពាណិជ្ជកម្ម ត្រូវបាន​ធ្វើឡើង​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង កាលពីដើម​ខែធ្នូ នៅក្រៅ​កិច្ចប្រជុំ G-20 នៅ​អា​ហ្ស​ង់​ទីន​៕
 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com