អន្តរជាតិ
ចិន​៖ អនុបណ្ឌិត និង​បណ្ឌិត​រាប់លាន​នាក់​ចោល​ជីវិត​ហ៊ឺហា​នៅ​ទីក្រុង​ទៅធ្វើ​កសិកម្ម​នៅ​ទីជនបទ​
25, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​អនុបណ្ឌិត និង​បណ្ឌិត​ច្រើន​លាន​នាក់​សម្រេចចិត្ត​បោះបង់ចោល​ជីវិត​ស៊ី​វិ​ល័យ​នៅ​ទីក្រុង​ទៅ​ស្រែចម្ការ​ដើម្បី​ចាប់យក​ការងារ​ជា​កសិករ​វិញ​។ អ្នកខ្លះ​ធ្វើបែបនេះ​ដោយ​ប​សារ​ធុញថប់​នឹង​ជីវិត​ស្មុគស្មាញ​នៅ​ទីក្រុង ប៉ុន្តែ​ខ្លះទៀត​ដែល​រៀន​បាន​ជ្រៅជ្រះ​ចង់​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាតិ​។


 
​កាលពី​ឆ្នាំ ២០១៧ ក្រសួងកសិកម្ម​ចិន​បាន​ផ្សាយ​ថា មនុស្ស​ប្រាំ​ពីរលាន​នាក់​បាន​ត្រឡប់​ពី​ទីក្រុង​ទៅ​ជនបទ ប៉ុន្តែ​ស្ថាប័ន​នេះ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​កាលបរិច្ឆេទ​ឬ​ពេលវេលា​ច្បាស់លាស់​នៃ​ចលនា​ចំណាកស្រុក​នេះ​ទេ​។ ប៉ុន្តែ​ពលរដ្ឋ​ចិន​រហូតដល់ ៦០​ភាគរយ​ឯណោះ​ដែល​ជ្រើស​រើសយក​ការងារ​កសិកម្ម​។ 
 
​យោងតាម​សារព័ត៌មាន South China Morning Post ក្នុងចំណោម​ពលរដ្ឋ​ចិន​ដែល​កំពុង​ត្រឡប់​ទៅ​ស្រែចម្ការ​ដើម្បី​ធ្វើ​ការងារ​កសិកម្ម​នោះ មាន​និស្សិត​កាន់តែច្រើន​ហើយ​ភាគច្រើន​សុទ្ធតែ​កាន់​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដូចជា​អនុបណ្ឌិត និង​បណ្ឌិត​ផង​។​
 
​លោក Zheng Lixing ដែលមាន​ដើមកំណើត​នៅ​ខេត្ត Shaanxi ស្ថិតក្នុង​ចំណោម​អ្នក​វេច​សញ្ញាបត្រ​បណ្ឌិត​ចាកចោល​ទីក្រុង​មក​ធ្វើស្រែ​ចម្ការ​នៅ​ទីជនបទ​។ លោក Zheng ដែល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក Polymer មកពី​សាកលវិទ្យាល័យ Tianjin បាន​អះអាងថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មក​ធ្វើស្រែ​ចម្ការ​គឺ​បញ្ហា​ដែល​កើតមានឡើង​ក្នុង​វិស័យ​កសិកម្ម​ជាពិសេស​ករណី​ជ្រូក​ងាប់​រាប់ពាន់​ក្បាល​អ​ណ្តែត​តាម​ដង​ទន្លេ Huangpu នាទី​ក្រុង​សៀង​ហៃ​កាលពីឆ្នាំ ២០១៣។ លោកចាប់ផ្តើមគិតគូ​រពីស្ថានភាពកសិកម្ម និងអនាគត​​នៃវិស័យនេះ បើសិនគ្មា​ន​ការ​លើកស្ទួយត្រឹមត្រូវដែរ។  
 
​បើតាម​សារព័ត៌មាន South China Morning Post ដដែល​ក្រោយ​បញ្ចប់​ការសិក្សា លោក Zheng រួមជាមួយ​សិស្ស​បញ្ចប់​ថ្នាក់​សាកលវិទ្យាល័យ​បួន​នាក់​ផ្សេងទៀត​បាន​ត្រឡប់មក​ស្រុកកំណើត​នៅ​ខេត្ត Shaanxi វិញ ហើយ​នាំគ្នា​ទិញ​ដី ១៣ ហិកតា​ដើម្បី​ប្រកប​របរ​កសិកម្ម​។ 
 
​កសិករ​ដែលមាន​សញ្ញា​ប​ត្រ​ទាប​បំផុត​ថ្នាក់អនុបណ្ឌិត​ទាំងនោះ​ភាគច្រើន​នាំគ្នា​អនុវត្ត​វិធីសាស្ត្រ​កសិកម្ម​បែប​សរីរាង្គ និង​ខ្លះទៀត​ចំណាយ​ពេលវេលា​ធ្វើ​ការងារ​នានា​ពាក់ព័ន្ធ​នឹង​ការអភិរក្ស​ទឹក​សម្រាប់​ប្រើប្រាស់​និង​ដាំ​ដុះ​កសិកម្ម​។ ពួកគេ​ក៏មាន​មហិច្ឆតា​ចង់​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ធ្វើ​សកម្ម​ដែលមាន​លក្ខណៈ​ប្រពៃណី​នៅតាម​ទីជនបទ​ដាច់ស្រយាល​ដែរ​។​
 
​ជាធម្មតា ដី​កសិកម្ម​ភាគច្រើន​នៅតាម​ទីជនបទ​បាត់បង់​ជីវជាតិ​ដោយសារ​ប្រជាជន​នាំគ្នា​ប្រើប្រាស់​ជីគីមី​ខ្លាំងពេក​។ ការប្រើប្រាស់​ជីគីមី​លើស​កំណត់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​សន្តិសុខ​ស្បៀង​របស់​ចិន​ទាំងមូល ហើយ​ទិន្នផល​កសិកម្ម​ធ្លាក់ចុះ​ខ្លាំង និង​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​កសិករ​និង​អ្នក​បរិភោគ​ទៀត​។ 
 
​ដោយ​ឃើញ​បញ្ហា​នេះ លោក Zheng រួមជាមួយ​ក្រុមការងា​រ​ដែលជា​ក្រុម​កសិករ​ជំនាន់​ថ្មី​សម្រេច​អនុវត្ត​កសិកម្ម​បែប​សរីរាង្គ​ក្នុង​គោលដៅ​លើកទឹកចិត្ត​កសិករ​ចិន​ឯទៀត​ឲ្យ​ងាក​មក​រៀនសូត្រ​និង​អនុវត្ត​បច្ចេកទេស​កសិកម្ម​បែប​សរីរាង្គ​វិញ​ដែរ​។ ប៉ុន្តែ​បញ្ហាលំបាក​គឺ គេ​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងតិច​ពីរ ឬ​បី​ឆ្នាំ​ដែរ​ដើម្បី​ទុក​ឲ្យ​ដី​កសិកម្ម​នោះ​ឲ្យ​មាន​ជីវជាតិ​ឡើងវិញ មុននឹង​ចាប់ផ្តើម​បង្កបង្កើនផល​ជាថ្មី​។ 
 
​ក្រៅពី​លោក Zheng កសិក Yixi Kanzhuo ដែល​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ធុរកិច្ច​ពី​សាកលវិទ្យាល័យ​ធុរកិច្ច​អន្តរជាតិ និង​សេដ្ឋកិច្ច​ក្រុង​ប៉េកាំង​ក៏​ចាក​ចេញពី​ទីក្រុង​មកជួយ​កសិករ​ចិន​ឲ្យ​រៀនសូត្រ​ពី​ការអនុវត្ត​បច្ចេកទេស​កសិកម្ម​ដែល​បែប​ធម្មជាតិ​ដែរ​។  មាន​ដើមកំណើត​នៅ​ក្រុង Dalian លោកស្រី Yixi ធ្លាប់​បម្រើ​ការងារ​នៅ​អង្គការ​សង្គម​ស៊ីវិល​ដ៏​ធំ See Foundation ដែលមាន​ប្រតិបត្តិ​ការការពារ​បរិ​ស្ថាន មុននឹង​ទៅធ្វើ​ការងារ​កសិកម្ម​នៅ​ក្រុង Yushu នៅ​ខេត្ត Qinghai​។ 
 
​តាមពិតទៅ មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន​កំពុង​បន្ត​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​នៅពេល​បច្ចុប្បន្ន ហើយ​វា​ជា​រឿង​អាទិភាព​បំផុត​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង​។ កន្លងមក​លោក ស៊ី បានផ្តល់​អនុសាសន៍​ថា ចិន​ចាំបាច់​ត្រូវ​ជំរុញ​និង​លើកទឹកចិត្ត​បណ្តា​បញ្ញា​វ័​ន្ត​ដែលមាន​ចំណេះដឹង​និង​ទេ​ព្យ​កោសល្យ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​នាំគ្នា​ឆ្ពោះទៅ​ទីជនបទ​ដើម្បី​ធ្វើ​ឲ្យ​កសិកម្ម​រស់​រវើក​ឡើង​វិញ និង​ជំរុញ​ការច្នៃប្រឌិត​ផងដែរ​។ 
 
​វិធាន​ការដែល​ចិន​កំពុង​អនុវត្ត​គឺ គ្មាន​ការយកពន្ធ ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ផ្សេងទៀត​ដល់​សហគ្រាស​នៅតាម​ទីជនបទ​ឡើយ​។ ច្បាស់​ណាស់​ថា វា​ជា​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​តាម​ទីជនបទ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព​៕
 

Tag:
 ចិន​
  អនុបណ្ឌិត​
 ​បណ្ឌិត​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com