អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​ចិន​ម្នាក់​ត្រូវ​បណ្តេញ​ពី​បក្ស ដោយ​សង្ស័យថា​បានទទួល​សញ្ជាតិ​កាណាដា​
25, Dec 2018 , 9:19 pm        
រូបភាព
លោក Bu Jianjie
លោក Bu Jianjie
ដោយ:
​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី ២៤ ខែធ្នូ បាន​ឲ្យ​ដឹងថា អ្នកវិទ្យាសាស្ត្រ​ទទួលបន្ទុក​ផ្នែក​នាវាមុជទឹក​ម្នាក់ ត្រូវបាន​បណ្ដេញ​ពី​បក្ស​កុ​ម្មុយ​នី​ស​ចិន និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការស៊ើបអង្កេត ពីបទ​បានទទួល​សញ្ជាតិ​កាណាដា​ដោយ​ខុសច្បាប់ និង​សកម្ម​ភាពមិនប្រក្រតី​ផ្សេងៗ​ទៀត​។

 
​លោក Bu Jianjie អតីត​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ 718 នៃ​ឧស្សាហកម្ម​សាងសង់​នាវា​ចិន  កំពុង​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​លើ​សំណុំរឿង​ជាច្រើន​ករណី​។ យោងតាម​សេចក្តីថ្លែងការណ៍​មួយ របស់​គណៈកម្មការ​ក​ណ្តា​ល​សម្រាប់​ត្រួតពិនិត្យ​វិន័យ​ចិន បាន​ឲ្យ​ដឹងថា​៖  «​លោក Bu Jianjie បាន​ល្មើ​សនឹង​បទបញ្ជា​របស់​បក្ស  ដោយ​ពុំបាន​រាយការណ៍​អំពី​រឿង​ផ្ទាល់ខ្លួន ជុំវិញ​រឿង​ដែល​លោក​បានទទួល​សញ្ញា​តិ​កាណាដា​»​។ 
 
​ក្រៅ​ពីបទ​ចោទ​នេះ លោក Bu Jianjie ក៏​ទទួលរង​ការចោទប្រកាន់​មួយចំនួនទៀត រួមមាន ការធ្វើ​ជំនួញ​មិន​ត្រឹមត្រូវ​តាមច្បាប់​, អំពើ​កេង​បន្លំ និង​ស៊ីសំណូក​ជាដើម​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហុងកុង South China Morning Post ស្ថាប័ន​ឃ្លាំមើល​វិន័យ​របស់​បក្ស​កុ​ម្មុយ​នី​ស​ចិន​នេះ បាន​អះអាងថា លោក Bu ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​លោភលន់ និង​បានធ្វើ​ឲ្យ​បាត់បង់​វិន័យ​ទាំងអស់​។​
 
​មែនទែនទៅ លោក Bu កាលពី​ឆ្នាំ​២០០៦ បាន​ចំណាយពេល​ក្នុង​កាណាដា  ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Western Ontario និង​សា​លក​វិទ្យាល័យ Queen ។ យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០០៦ នៅពេល​លោក​បាន​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ លោក​បាន​ប្រាប់​អាជ្ញាធរ​ចិន​ថា លោក​បាន​លះបង់​ឱកាស​រស់នៅក្នុង​ប្រទេស​កាណាដា​។ 
 
​មេធាវី​ម្នាក់​ដែល​ដឹង​ពី​ច្បាស់​ពី​ច្បាប់​សញ្ជា​តិ​របស់​ចិន បាន​លើកឡើងថា សេចក្តីថ្លែងការណ៍​រប​ស់​គណៈកម្មការ​កណ្តាល​សម្រាប់​ត្រួតពិនិត្យ​វិន័យ​ចិន បាន​អះអាងថា លោក Bu មានបំណង​ទទួលយក​សញ្ជាតិ​កាណាដា ស្របពេល​ដែល​លោក​កំពុងកាន់​លិខិតឆ្លងដែន​ចិន​របស់លោក​។  មេធាវី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​លើកឡើងថា វា​ជា​រឿង​រសើប​នោះ បាន​បកស្រាយ​បែបនេះ​៖ «​ច្បាប់​របស់​ចិន​អនុញ្ញាត​ឲ្យ​ប្រជាជនមាន​សញ្ជាតិត្រឹម​តែមួយ​ប៉ុណ្ណោះ  ហើយ​ខ្ញុំ​គិតថា ចិន​នឹងមិន​បណ្តោយ​ឲ្យ​លោក Bu ទៅ​រស់នៅ​កាណាដា​នោះឡើយ​»​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​ក្រុង​អូ​តា​វ៉ា និង​ក្រុង​ប៉េកាំង​មាន​ភាព​តានតឹង​យ៉ាងខ្លាំង ចាប់តាំងពី​ដើមខែ​ធ្នូ​មកម្ល៉េះ ពោលគឺ​នៅពេលដែល​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបាន​ឃាត់ខ្លួន​នៅ​កាណាដា តាម​ការស្នើសុំ​របស់​ស​ហ​រដ្ឋ​អាមេរិក​។ គិត​មក​ត្រឹម​ពេលនេះ ពលរដ្ឋ​កាណាដា​ចំនួន​បី​រូប​ហើយ ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​ឃាត់ខ្លួន​ក្នុងប្រទេស​ចិន​។  យ៉ាងណាមិញ គេ​ពុំទាន់​មាន​ភស្តុតាង​ណាមួយ បង្ហាញថា ករណី​របស់លោក Bu ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ការទូត​រវាង​ប្រទេស​ទាំងពីរ​នេះ​នៅឡើយ​ទេ​៕
 

Tag:
 ​ចិន​
  បក្ស​កុ​ម្មុយ​នី​ស​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com