អន្តរជាតិ
ក្រោយ​បង្ខំ​ឲ្យ​លាលែង លោក ត្រាំ រិះគន់​លោក ម៉ា​ធី​ស
26, Dec 2018 , 8:39 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​រិះគន់​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ទើប​ប្រកាស​លាលែង ជេ​ម ម៉ា​ធី​ស និង​ទស្សនៈ​របស់លោក​ចំពោះ​សម្ព័ន្ធមិត្ត​អាមេរិក​។ លោក ត្រាំ ចោទ​ប្រមុខ​ការពារជាតិ​រូបនេះ​នេះ​ថា មើលមិនឃើញ​ការចំណាយ​ពិតប្រាកដ​របស់​យោធា​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ដែល​ត្រូវបាន​កេងចំណេញ​ស្រស់ៗ​ដោយ​សម្ព័ន្ធមិត្ត​អាមេរិក​ផ្ទាល់​។ យ៉ាងណាមិញ ចាប់ពីពេលនេះ លោក ត្រាំ លែង​ឲ្យ​មានការ​កេងចំណេញ​បែបនេះ​ទៀតហើយ​។​

 
​ទំនង​លាក់​ក្នុង​ចិត្ត​យូរ​មកហើយ​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​លោក ជេ​ម ម៉ា​ធី​ស ដែល​សុំលាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​មិនទាន់បាន​មួយ​សប្ដាហ៍​ផង​នោះ​។ លោក ត្រាំ មិន​សប្បាយ​ចិត្តនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្ដោត​ខ្លាំង​លើ​ការលាលែង​ពី​តំណែង​របស់លោក ម៉ា​ធី​ស និង​លិខិត​សុំលាលែង ដែល​បាន​បង្កប់​អត្ថន័យ​រិះគន់​លោក​ប្រធានាធិបតី​ជុំវិញ​បញ្ហា​នៅ​ស៊ី​រី និង​ការប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​។​
 
​តាម​សំណេរ​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម Twitter លោក ត្រាំ បាន​រិះគន់​លោក ម៉ា​ធី​ស ចំៗ ដែលជា​រឿង​មិន​ធ្លាប់មាន​រវាង​អ្នក​ទាំងពីរ​។ លោក​ប្រធានាធិបតី​អាមេរិក​សរសេរថា អាមេរិក​បានទទួល​បន្ទុក​ការចំណាយ​របស់​យោធា​ប្រទេស​អ្នកមាន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​ក្នុងពេល​ដំណាលគ្នា​នេះ ប្រទេស​ទាំងនោះ​បែរជា​កេងចំណេញ​មួយ​ទំហឹង​ពី​អាមេរិក និង​អ្នក​បង់ពន្ធ​អាមេរិក​លើ​វិស័យ​ពាណិជ្ជកម្ម​ទៅវិញ​។​
 
«​ឧ​ត្ត​ម​សេនីយ៍ ម៉ា​ធី​ស មិន​បានឃើញ​រឿងនេះ​ជា​បញ្ហា​ឡើយ​។ តែ​បញ្ហា​នេះ​កំពុង​ត្រូវបាន​ដោះស្រាយ​។​» នេះ​ជាការ​សរសរ​បន្ថែមរ​ប​ស់លោក ត្រាំ នៅ​ថ្ងៃទី​២៤ ខែធ្នូ​។ សំណេរ​របស់លោក ត្រាំ ជាការ​បើក​កកាយ​ឲ្យ​ឃើញ​ពី​ភាពមិន​ត្រូវ​គ្នា​រវាង​លោក និង​លោក ម៉ា​ធី​ស លើ​គោលនយោបាយ​អាមេរិក​លើ​ឆាក​អន្តរជាតិ ដែល​ទំនងជា​កប់​ទុក​ច្រើន​ឆ្នាំ​មកនេះ​។ ក្នុង​លិខិត​លាលែង លោក ម៉ា​ធី​ស បាន​អះអាងថា លោក ត្រាំ មាន​សិទ្ធិ​រើស​រដ្ឋមន្ត្រី​ការពារជាតិ​ដែលមាន​គំនិត​ស្រប​នឹង​លោក​។​
 
​ទោះ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​តំណែង​ប្រមុខ​មន្ទីរ​បញ្ច​កោណ​ក្ដី លោក ម៉ា​ធី​ស បាន​ចុះហត្ថលេខា​រួចហើយ​លើ​លិខិត​ដកទ័ព​ចេញ​ស៊ី​រី​ផ្លូវការ​តាម​ការចង់​របស់លោក ត្រាំ ។ ការដក​ទ័ព​នេះ ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​មិន​សប្បាយចិត្ត ឯ​អ្នកនយោបាយ​ក្នុងស្រុក​អាមេរិក​ខ្លះ​ក៏​បារម្ភ​ថា លោក ត្រាំ កំពុង​អនុវត្ត​នយោបាយ​ដែល​មិន​ងាយ​ទស្ស​ទាយ និង​ដើរ​តែឯង​លើ​វិស័យ​សន្តិសុខ​ពិភពលោក​។ 
 
​យ៉ាងណាមិញ លោក ត្រាំ បាន​ទាត់​ការព្រួយបារម្ភ​ទាំងនេះ និង​ជា​ចាត់ទុក​រឿង​ខុសឆ្គង​ផង​សម្រាប់​អ្នកណា​ដែល​គិតថា លោក​មិន​ចូលចិត្ត​សម្ព័ន្ធមិត្ត​អាមេរិក​នោះ​។ មេដឹកនាំ​អាមេរិក​រូបនេះ​បកស្រាយ​ថា អ្វីដែល​មិន​ចូលចិត្ត​នោះ គឺ​ប្រទេស​ខ្លះ​ដែលជា​មិត្ត​អាមេរិក បែរជា​កេងចំណេញ​ពី​អាមេរិក​ទៅវិញ តែ​ពេលនេះ អាមេរិក​បានទទួល​ការគោរព​ម្ដងទៀត​ហើយ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ជេ​ម ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com