អន្តរជាតិ
ចិន ទាត់ចោល​ការទាមទារ​ឲ្យ​ដោះលែង​ជនជាតិ​កាណាដា​២​នាក់​
25, Dec 2018 , 9:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២៤​ ខែធ្នូ (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២៤​ ខែធ្នូ (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​ទាត់ចោល​ការទាមទារ​រ​បស់​អាមេរិក និង​កាណាដា​ឲ្យ​ដោះលែង​ជនជាតិ​កាណាដា​ចំនួន​២​នាក់ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ប៉ះពាល់​សន្តិសុខ​ចិន​។ ការចាប់ខ្លួន​ជនជាតិ​កាណាដា​ទាំង​២ នាក់ ធ្វើឡើង​បន្ទាប់​កាណាដា​ចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei តាម​សំណើ​អាមេរិក ប៉ុន្តែ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ ជុំវិញ​ការទាមទារ​ឲ្យ​ដោះលែង​នេះ ចិន​ក៏​រិះគន់​លោកខាងលិច​ថា អនុវត្ត​ស្តង់ដា​ពីរ​ជាន់​ទៀតផង​។​

 
​ចិន មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​អាមេរិក និង​កាណាដា​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​២៤ ខែធ្នូ តប​ទៅនឹង​ការស្នើ​ឲ្យ​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​។ តាមពិតទៅ ជនជាតិ​កាណាដា​ដល់​ទៅ​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន តែ​ក្នុងនោះ​មាន​ពីរ​នាក់​រង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ទាក់ទង​សន្តិសុខ​ជាតិ ឯ​ម្នាក់ទៀត​នឹងត្រូវ​បញ្ជូនទៅ​កាណាដា​វិញ​។​
 
​ទោះជា​មិនមាន​ការនិយាយ​ផ្លូវការ​ក្ដី ការចាប់ខ្លួន​ជនជាតិ​កាណាដា​ទាំងនេះ ត្រូវបាន​មើលឃើញថា ជាការ​សងសឹក​របស់​ចិន​ចំពោះ​ការឃាត់ខ្លួន​នាយក​ហិរញ្ញ​របស់​ក្រុមហ៊ុន​ចិន Huawei តែម្ដង​។ ក្រោយៗ​មក កាណាដា និង​អាមេរិក​ក៏​ទទូច​ឲ្យ​ចិន​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់ គឺ​លោក Michael Kovrig និង​លោក Michael Spavor ។ ក្រៅពី​ប្រទេស​ទាំងពីរ​នេះ បារាំង អង់គ្លេស អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ក៏​ចេញមុខ​បង្ហាញ​ក្ដីបារម្ភ​ដែរ​។​
 
​ក្រសួងការបរទេស​បារាំង បានស្នើ​ឲ្យ​អាជ្ញាធរ​ចិន​ធានាថា ជនជាតិ​កាណាដា​ទទួលបាន​ការយកចិត្ត​ទុកដាក់ ហើយ​សិទ្ធិ​ការពារ​ខ្លួន​របស់​ពួកគេ នឹងត្រូវ​បាន​គោរព​។ ឯ​សហភាព​អឺរ៉ុប​វិញ​យល់ថា ការចាប់ខ្លួន​ជនជាតិ​កាណាដា​នេះ បង្ក​ជាការ​ព្រួយបារម្ភ​ចំពោះ​ជនបរទេស​ដែល​កំពុង​ស្រាវជ្រាវ និង​រកស៊ី​ដោយ​ស្របច្បាប់​ក្នុង​ទឹកដី​ចិន​។ ចំណែក​ស្ថាប័ន​ផ្ដល់យោបល់​ចំនួន​ប្រាំមួយ របស់​អាល្លឺម៉ង់​ចាត់ទុក​សកម្មភាព​រប​ស់​ចិន ជាការ​នាំទៅ​ការមិនទុកចិត្ត និង​ភាពមិនច្បាសលាស់​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោកស្រី Hua បាន​បដិសេធ​ការព្រួយបារម្ភ​ទាំង​អម្បាលម៉ាន​នេះ​។ អ្នកនាំពាក្យ​រូបនេះ​ក៏​រិះគន់​ប្រទេស​ខាងលើ​ដែល​ប្រើប្រាស់​ស្តង់ដា​សិទ្ធិមនុស្ស​ផ្សេងគ្នា​លើ​ជនជាតិ​នៃ​ប្រទេស​ដទៃ​។ មន្ត្រី​ដដែល​នេះ​បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​សំណុំ​រឿងនេះ​មាន​អ្វី​ទាក់ទង​នឹង​អង់គ្លេស ឬ​សហភាព​អឺរ៉ុប​? តើ​ប្រទេស​ទាំងនេះ​នៅឯណា ពេល​កាណាដា​ចាប់ខ្លួន​ពាណិជ្ជករ​ចិន​ដោយ​ខុសច្បាប់ តាម​សំណើ​អាមេរិក​?»
 
​ជុំវិញ​ករណី​ជនជាតិ​កាណាដា​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​វិញ អ្នកនាំពាក្យ​ខាងលើ​អះអាងថា ស្ថាប័ន​ពាក់ព័ន្ធ​របស់​ចិន​បាន​ធានា​ពី​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ​តាមច្បាប់​កំណត់ និង​បាន​សម្រួល​ការងារ​ដល់​ភាគី​កាណាដា​ឲ្យ​ជួប​ជនសង្ស័យ​ផង​។ លើសពីនោះ លោកស្រី Hua ក៏​ស្នើ​ឲ្យ​ប្រទេស​នានា​គោរព​អធិបតេយ្យ​ប្រព័ន្ធយុត្តិធម៌​របស់​ចិន​ទៀតផង​៕ 
 

Tag:
 ចិន​
  អាមេរិក​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com