អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ អ្នកស្លាប់​ព្រោះ​រលក​ស៊ូណាមិ​កើន​ដល់​លើ​៤០០​នាក់ ឯ​អ្នករងគ្រោះ​កំពុង​ដង្ហោយ​រក​ជំនួយ​
25, Dec 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្លាប់​ដោយ​ដោយសារ​រលក​យក្ស​ស៊ូណាមិ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​កើនឡើង​ដល់​ជាង ៤០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី ២៥ ខែធ្នូ ហើយ​ប្រជាជន​រាប់ពាន់នាក់​ផ្សេងទៀត​កំពុង​ដង្ហោយ​រក​ជំនួយ​សង្គ្រោះបន្ទាន់​។ ក្រុមការងារ​មនុស្សធម៌ និង​ក្រុម​សង្គ្រោះបាន​ព្រមាន​ថា កង្វះខាត​គ្រឿង​បរិក្ខារ ស្បៀងអាហារ ទឹកស្អាត និង​ថ្នាំសង្កូវ​ដោយសារ​ជនរងគ្រោះ​ច្រើនពេក​។​

 
​នៅ​ថ្ងៃ​អង្គារ ប្រជាជន​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​នៅ​កោះ​ជ្វា និង​កោះ​ស៊ូ​ម៉ា​ត្រា បន្ត​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌ ក្រោយ​រង​ការវាយប្រហារ​ដោយសារ​គ្រោះមហន្តរាយ​រលក​យក្ស​ស៊ូណាមិ​កាលពី​ថ្ងៃ​សៅរ៍​។​ខាង​អ្នកជំនាញ​បារម្ភ​ខ្លាំង​ពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ ដ្បិត​អ្នកស្លាប់​កើនឡើង​ដល់ ៤២៩ នាក់​ទៅហើយ និង​ការបញ្ចុះ​សាកសព​ក៏​ប្រឈម​បញ្ហា​ទៀត​។   
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​នៅតែ​បន្ត ព្រោះ​មកដល់​ថ្ងៃ​អង្គារ​នេះ​មនុ​ស្សបាត់​ខ្លួន​មាន​រហូតដល់  ១៥៤​នាក់​ឯណោះ​។ អាជ្ញាធរ​ប្រើប្រាស់​សុនខ​ដើម្បី​ហិតក្លិន និង​រុករក​អ្នក​បាត់​ខ្លួន និង​សាកសព​អ្នកស្លាប់​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ កង្វះ​ស្បៀង​និង​ថ្នាំសង្កូវ​កំពុង​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​។ 
 
 វេជ្ជបណ្ឌិត Rizal Alimin ដែល​មកពី​អង្គការ​សង្គម​ស៊ីវិល Aksi Cepat Tanggap បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្មេងៗ​ជាច្រើន​នាក់​កំពុង​ធ្លាក់ខ្លួន​ឈឺ​ដោយ​ខ្លះ​គ្រុនក្តៅ និង​ខ្លះ​ឈឺក្បាល ហើយ​ពួកគេ​មិនមាន​ទឹកស្អាត​គ្រប់គ្រង​សម្រាប់​បរិភោគ​ឡើយ​។ ក្រៅពី​ទឹកស្អាត វេជ្ជបណ្ឌិត​ខាងលើ​អះអាងថា ស្បៀងអាហារ និង​ថ្នាំសង្កូវ​ក៏មាន​ស្តួចស្តើង​ទៀត ដែល​វា​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ជំនួយ​ស្រាប់​នោះ​ត្រូវ​ប្រឈម​បញ្ហា​កាន់តែច្រើន​។ 
 
«​យើង​មាន​ថ្នាំសង្កូវ​តិចតួច​ជាង​ធម្មតា​។ វា​មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ពី​ទីកន្លែង​រងគ្រោះ​។ វា​មិនមាន​ទឹកស្អាត​គ្រប់គ្រាន់ ហើយ​ពួកគេ​ត្រូវការ​ចំណីអាហារ ខណៈដែល​មនុស្ស​ភាគច្រើន​ខ្វះ​កន្លែង​សម្រាក​និង​ត្រូវ​ដេក​លើ​កម្រាល​ឥដ្ឋ​»​។​នេះ​ជាស​ម្តី​របស់​វេជ្ជបណ្ឌិត Rizal Alimin​។ 
 
​ដោយឡែក អ្នកស្ម័គ្រចិត្ត​មនុស្សធម៌​ម្នាក់​មកពី​ស្ថាប័ន Tagana លោក Abu Salim បាន​មានប្រសាសន៍ថា ក្រុមការងារ​លោក​ផ្តោត​សំខាន់​លើ​ការ ជួយ​ប្រជាជន​រងគ្រោះ​រក​កន្លែង​ស្នាក់នៅ និង​ចែកចាយ​ជំនួយ​ជាពិសេស​ចំណីអាហារ​។ ប៉ុន្តែ ក្រុមការងារ​មនុស្សធម៌​នៅតែ​មិនអាច​ចែក​ជំនួយ​ដល់​ប្រជាជន​ខ្លះ​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ទី​ខ្ពស់ៗ​ឆ្ងាយ​ពេក បន្ទាប់ពី​មាន​រលក​យក្ស​ស៊ូណាមិ​កើតឡើង​។ បច្ចុប្បន្ន ជំនួយ​មនុស្សធម៌​ភាគច្រើន​ត្រូវបាន​ដឹកជញ្ជូន​ទៅតាម​ផ្លូវថ្នល់ ហើយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ត្រឹម​ប្រើប្រាស់​កាណូត​ធំៗ​ពីរ​ដើម្បី​ដឹក​ជំនួយ​ទៅ​ចែកចាយ​តាម​បណ្តា​កោះ​ដែល​រងគ្រោះ​ប៉ុណ្ណោះ​។ 
 
​ក្រោយ​មាន​គ្រោះមហន្តរាយ​នេះដែរ ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែល​បាន​ជម្លៀស​ទៅកាន់​ទីតាំង​សុវត្ថិភាព​ន​មិន​ហ៊ាន​ត្រឡប់ទៅផ្ទះ​សម្បែង​ខ្លួន​វិញ​ឡើយ ដ្បិត​បារម្ភ​ខ្លា​ចរលក​យក្ស​ស៊ូណាមិ​កើតឡើង​ជាថ្មីទៀត​។​
 
​សូមបញ្ជាក់ថា គ្រោះមហន្តរាយ​រលក​យក្ស​ស៊ូណាមិ​ដ៏​សាហាវ​ដែល​កើតឡើង​កណ្តាលយប់​ថ្ងៃ​សៅរ៍​កើតឡើង​បន្ទាប់ពី​មាន​ភ្នំភ្លើង Anak Krakatau ផ្ទុះ ហើយ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ជ្វា ជាទី​តាំង​ដែល​រងគ្រោះ​ខ្លាំងជាងគេ​។ វា​ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​កើតឡើង​នៅ​ឥណ្ឌូណេស៊ី​រាប់​ចាប់ពី​ខែកញ្ញា​។ កាលពី​ខែកញ្ញា ប្រជាជន​ឥណ្ឌូណេស៊ី​យ៉ាងហោចណាស់ ២០០០​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​ក្រុង Palu នៃ​កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi)​។ គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​បង្កើត​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ទ្រង់ទ្រាយ​ធំ​ដែរ​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក​
  ស៊ូណាមិ
© រក្សាសិទ្ធិដោយ thmeythmey.com