អន្តរជាតិ
អតីត​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​៖ លោក​ប្រា​យុទ្ធ មិន​សក្តិសម​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ឡើយ​
25, Dec 2018 , 5:11 pm        
រូបភាព
រូបភាព៖ Business Times
រូបភាព៖ Business Times
ដោយ:
​អតីត​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​រដ្ឋាភិបាល​របប​សឹក​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​វាយប្រហារ និង​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ពាក់ព័ន្ធ​នឹង​បញ្ហា​ដឹកនាំ​ប្រទេស​កន្លងមក ថា​ជាការ​ដឹកនាំ​បក្សពួកនិយម និង​ពុករលួយ​។ អតីត​សមាជិក​រូបនេះ ថែមទាំង​បាន​អះអាងថា លោក ប្រា​យុទ្ធ មិន​សក្តិសម​នឹងធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​ទៀតផង​។​


 
​ថ្មីៗ​នេះ អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Pridiyathorn Devakula បានចេញ​ផ្សាយ​អត្ថបទ​មួយ​អំពី​ជំហរ​របស់លោក​ទៅកាន់​ប្រមុខ​របប​សឹក​ថៃ​បច្ចុប្បន្ន​។ អត្ថបទ​របស់លោក ត្រូវបាន​ចេញផ្សាយ​សាធារណៈ​តាមរយៈ​គេហទំព័រ​ក្នុងស្រុក ក្រោម​ចំណងជើង​ថា «​ប្រាំបី​ហេតុផល លោក ប្រា​យុទ្ធ ចន្ទ អូ​ចា មិន​សក្តិសម​ធ្វើជា​នាយករដ្ឋមន្ត្រី​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation នៅ​ថ្ងៃ​២៥ ធ្នូ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ហេតុផល​ទាំង​ប្រាំបី ដែល​អតីត​សហការី​របស់លោក​ប្រា​យុទ្ធ លើកឡើង​នោះ រួមមាន​ពាក់ព័ន្ធ​នឹង​បញ្ហា កង្វះ​គោលការណ៍​សារពើពន្ធ ជាពិសេស​នោះ​លើ​ការចំណាយ​លើ​វិស័យ​យោធា​, ទំនាក់ទំនង​ស្អិតល្មួត​ជាមួយនឹង​ចិន​លើស​ការកំណត់​, ការលើកកម្ពស់​យោធា​ឲ្យ​ខ្ពស់ជាង​ជន​ស៊ីវិល​, បក្សពួកនិយម​, ពុករលួយ និង​មិនសូវមាន​ឆន្ទៈ​ក្នុងការ​ប្រព្រឹត្ត​រឿង​ត្រឹមត្រូវ​ជាដើម​។ 
 
​តាមរយៈ​លិខិត​ចំហរ​ផ្ទាល់ខ្លួន​ដដែល​នោះ អតីត​ឧបនាយករដ្ឋមន្ត្រី ដែល​ធ្លាប់​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​រូបនេះ ក៏បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការបង្កើត​គណបក្ស  Phalang Pracharat ដែលជា​បក្ស​មាន​ទំនោរ​ទៅរក​របប​សឹក និង​ប្រើប្រាស់​ថវិការដ្ឋ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជាជន​ក្នុង​គោលដៅ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបន្ត​កាន់អំណាច​ទៀត​។ 
 
​ការចោទប្រកាន់​បែបនេះ ពិតប្រាកដ​ណាស់ ថា ធ្វើ​ឲ្យ​រដ្ឋាភិបាល​សឹក​ថៃ នៅ​មិន​សុខ​ឡើយ​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Buddhipong Punnakanta លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​ច្រាន​ចោទ​ការប្រកាន់​ទាំងអស់​ពិសេស​ពាក់ព័ន្ធ​នឹង​ការបំពាន​អំណាច​ទ ហើយ​លោក ក៏​មិនមាន​ខ្លាចរអារ​ទៅនឹង​ការចោទប្រកាន់​អ្វី​ឡើយ ពោលគឺ លោក នៅតែមាន​ឆន្ទៈ​បម្រើប្រជាជន​ដដែល​។​
 
​បន្ថែម​ពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwan បានចាត់ទុក​លិខិត​ចំហ​របស់​អតីត​សហការ​រី​របស់ខ្លួន​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ជា​លិខិត​ដែលមាន​កើតចេញពី​កំហឹង​និង​អារម្មណ៍​ផ្ទាល់ខ្លួន និង​មាន​ការយល់ច្រលំ​ពី​កិច្ចការ​មួយចំនួន​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ។​
 
​គួរ​ជម្រាប​ផងដែរ​ថា រាជាណាចក្រ​ថៃ ត្រូវបាន​ដឹកនាំ​ដោយ​របប​សឹក ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ តាំងពី​ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១៤ មកម្ល៉េះ​។ នៅ​ថ្ងៃ​២៤ កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​ដ៏​ខ្លី​នេះ ថៃ នឹងមាន​ការបោះឆ្នោត​សកល​លើកដំបូង​ក្នុង​រយៈពេល​បួន​ឆ្នាំ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ ថ្មីៗ​នេះ លោក​ប្រា​យុទ្ធ ក៏​រង​ការចោទប្រកាន់ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបែងចែក​ចំនួន​អាសនៈ​តាម​មណ្ឌលបោះឆ្នោត​ផងដែរ​៕ 
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com