អន្តរជាតិ
តុលាការ​អាមេរិក បង្គាប់​កូរ៉េខាងជើង​ឲ្យ​បង់​ជំងឺ​ចិត្ត​៥០១​លាន​ដុល្លារ​ដល់​គ្រួសារ​និស្សិត Warmbier
25, Dec 2018 , 6:19 pm        
រូបភាព
​តុលាការ​អាមេរិក បាន​បញ្ជា​ឲ្យ​កូរ៉េខាងជើង​បង់ប្រាក់​ចំនួន​៥០១​លាន​ដុល្លារ​ដល់​គ្រួសារ​និស្សិត Otto Warmbier ដែល​ស្លាប់​កាលពី​ឆ្នាំមុន​។ ចៅក្រម​តុលាការ​ប្រចាំ District of Columbia សន្និដ្ឋាន​នៅ​ថ្ងៃទី​២៤ ខែធ្នូ ថា និស្សិត​សាកលវិទ្យាល័យ​រូបនេះ ទំនងជា​រងគ្រោះ​ដោយសារ​ការធ្វើ​ទារុណកម្ម​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា កូរ៉េខាងជើង​បង់លុយ​ដ៏​ច្រើន​នេះឡើយ ខណៈ​មានការ​លើកឡើងថា អាមេរិក​អាច​យក​រឿងនេះ​ដើម្បី​បង្ខំ​ឲ្យ​ព្យុងយ៉ាង​ចូល​តុ​ចរចា​វិញ​។​

 
​និស្សិត Otto Warmbier បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ត្រូវបាន​កូរ៉េខាងជើង​ដោះលែង​កាលពី​ឆ្នាំមុន​។ ទៅដល់​អាមេរិក យុវជន​វ័យ​២២​ឆ្នាំ​រូបនេះ ស្ថិតក្នុង​អាកា​រៈ​សន្លប់​ស្ដូកស្ដឹង មិន​ស្គាល់​គ្រួសារ​ឯង ហើយក៏​ផុតដង្ហើម​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់មក​។ ក្រុមគ្រួសារ​របស់ Warmbier ក៏​ប្ដឹង​កូរ៉េខាងជើង​ទៅ​តុលាការ​អាមេរិក​ក្រោម​ច្បាប់​ស្ដីពី​អភ័យឯកសិទ្ធិ​រដ្ឋាភិបាល​បរទេស ដែល​បើក​សិទ្ធិ​ឲ្យ​ជនជាតិ​អាមេរិក​ប្ដឹង​រដ្ឋាភិបាល​បរទេស ដែល​មិនត្រូវ​បានការ​ពារ​ដោយ​អភ័យឯកសិទ្ធិ​ការទូត​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប្រធាន​ចៅក្រម​នៃ​តុលាការ​ប្រចាំ​រដ្ឋធានី Washinton DC លោកស្រី Beryl Howell បាន​កាត់ក្ដី​ឲ្យ​កូរ៉េខាងជើង​ចាញ់ និង​បញ្ជា​ឲ្យ​បង់ប្រាក់​ចំនួន ៥០១,១៣៤,៦៨៣ ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ​។ ក្នុង​សាលក្រម​ថ្ងៃទី​២៤ ខែធ្នូ លោកស្រី Howell សរសេរថា កូរ៉េខាងជើង​ត្រូវ​ទទួលខុស​ត្រុ​វ​ចំពោះ​ការធ្វើ​ទារុណកម្ម ការចាប់ខ្លួន និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​និស្សិត Warmbier ។ 
 
​លោកស្រី​ចៅក្រម​រូបនេះ​បន្ថែមថា កូរ៉េខាងជើង​មិនបាន​ដាក់​ភស្តុតាង​ដើម្បី​ការពារ​ខ្លួន​ឡើយ​អំឡុងពេល​សវនាការ​នេះ​។ ជុំវិញ​ការសង​លុយ​ជំងឺ​ចិត្ត គេ​ក៏​មិន​រំពឹងថា កូរ៉េខាងជើង​នឹង​អនុវត្តតាម​សាលក្រម​នេះដែរ​។ ជា​រដ្ឋ​ដ៏​ឯកោ​មួយ​បំផុត​មួយ​លើ​ពិភពលោក កូរ៉េខាងជើង​ក៏​ទំនងជា​មិនមាន​ទ្រព្យសម្បត្តិ​ច្រើន​នៅ​អាមេរិក ដែល​អាច​រឹបអូស​ជា​សំណង​បានដែរ​។ 
 
Warmbier ត្រឡប់​ទៅកាន់​អាមេរិក​វិញ បន្ទាប់ពី​ត្រូវបាន​កូរ៉េខាងជើង​ចាប់ឃុំខ្លួន​អស់​១៧​ខែ​។ រូបគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​រង​ការ​ចោទថា ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ​តាមរយៈ​ការ​លួច​យក​ខិ​ត្ត​បណ្ណ​ពី​សណ្ឋាគារ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។ អាកា​រៈរ​បស់​យុវជន​រូបនេះ​ស្ថិតក្នុង​ភាព​ធ្ងន់ធ្ងរ គឺ​ភ្នែក​របស់គេ​ហើម​ត្រចៀក​ក៏​ថ្លង់ ហើយ​ធ្មេញ​វៀច​។ គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​សុខភាព Warmbier អះអាងថា លលា​ដ៏​ក្បាល​របស់គេ​មាន​បញ្ហា​កង្វះ​ឈាម​ហូរ​ទៅ​ខួរក្បាល​។​
 
​តាមពិតទៅ ការកាត់ក្ដី​ឲ្យ​កូរ៉េខាងជើង​បង់ប្រាក់​សន្ធឹកសន្ធាប់​បែបនេះ គឺ​អាមេរិក​ដឹង​មុន​ហើយ​ថា គ្មាន​ថ្ងៃ​កូរ៉េខាងជើង​ធ្វើតាម​ឡើយ​។ ប៉ុន្តែ​វា​អាច​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​ការបង្ខំ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ត្រឡប់​ចូល​តុ​ចរចា​វិញ​។ ការប្រឹងប្រែង​ផ្នែក​ការទូត​កំពុង​ធ្វើឡើង​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​ជំនួប​ទី​ពីរ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ដើម​ឆ្នាំក្រោយ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Otto Wambier
© រក្សាសិទ្ធិដោយ thmeythmey.com