អន្តរជាតិ
ចិន ព​ន្លឿ​ន​ការបង្កើត​ច្បាប់​ការពារ​កម្មសិទ្ធិបញ្ញា​និង​ទប់ស្កាត់​ចោរកម្ម​បច្ចេកវិទ្យា​ផ្គាប់ចិត្ត​អាមេរិក​
26, Dec 2018 , 10:36 am        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង កំពុង​ព​ន្លឿ​ន​ដំណើរការ​នីតិកម្ម ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​មាន​គោលដៅ​ការពារ​កម្មសិទ្ធិបញ្ញា និង​លើកទឹកចិត្ត​ដល់​ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​ស្ម័គ្រចិត្ត​។ ច្បាប់​នេះ​ហាម​ដាច់ខាត​លើ​អំពើចោរកម្ម​បច្ចេកវិទ្យា​។ ចំណាត់ការ​នេះ​ទំនង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ការទាមទារ​របស់​ក្រុង​វ៉ាស៊ីនតោន ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ព្យាយាម​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ 


 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការវិនិយោគ​បរទេស ត្រូវបាន​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន កាលពី​ថ្ងៃអាទិត្យ ទី​២៣​ខែធ្នូ ដើម្បី​ត្រួតពិនិត្យ​ជា​លើកដំបូង​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua សេចក្តីព្រាងច្បាប់​ថ្មី​នេះ ចែងថា គោលនយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល​ទាំងអស់ ក៏​នឹង​អនុវត្ត​លើ​បណ្តា​ក្រុមហ៊ុន​បរទេស​ផងដែរ​។​
 
​នេះ​មានន័យថា បណ្តា​ក្រុមហ៊ុន​បរទេស នឹង​ទទួលបាន​ឱកាស​ស្មើគ្នា​ដូច​ក្រុមហ៊ុន​ក្នុងស្រុក​ចិន​ដែរ ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ចិន​ដោយ​ស្មើភាព​រាប់ទាំង​លទ្ធកម្ម​សាធារណៈ​របស់​រដ្ឋាភិបាល​ចិន​ជាដើម​។ គេ​កត់សម្គាល់ថា សេចក្តីព្រាងច្បាប់​ថ្មី​នេះ ជា​ការវិវត្ត​ដ៏​ប្រសើរ​មួយ បើ​ធៀប​ទៅនឹង​សេចក្តីព្រាងច្បាប់​លើក​មុន  ដែល​ត្រូវបាន​ចេញផ្សាយ ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន កាលពី​ខែមករា​ឆ្នាំ​២០១៥​កន្លងទៅ​។ ប៉ុន្តែ​វា​ពុំ​ត្រូវ​បានអនុម័ត​ឡើយ គិត​មកដល់ពេលនេះ​។​
 
​ទោះបីជា​រដ្ឋាភិបាល​ចិន​នឹង​នៅតែមាន​សិទ្ធិ​ដកហូត​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​តាមច្បាប់​ក្រោម​កាលៈទេសៈ​ពិសេស​ក៏ដោយ​ក្តី សេចក្តីព្រាងច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​ដំណើរ​នៃ​ការដកហូត​នេះ​ត្រូវតែ​ធ្វើតាម​ច្បាប់ ព្រមទាំង​រាប់បញ្ចូល​សំណង​ដែល​អាច​ទទួលយកបាន និង​យុត្តិធម៌​ផងដែរ​។ 
 
​អ្វីដែល​ពិសេស​នោះ ជំពូក​មួយ​ស្តីពី​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ទៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដែលជា​បញ្ហា​រសើប​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។  បើតាម​សារព័ត៌មាន​ដដែល ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ  ចិន​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា  ដោយ​ផ្អែកលើ លក្ខខណ្ឌ​ដែល​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​។ លក្ខខណ្ឌ​ទាំងនេះ គួរតែ​ត្រូវបាន​ចរចា ដោយ​ក្រុម​អ្នក​វិនិយោគិន​បរទេស ហើយ​វិធានការ​រដ្ឋបាល​ដែល​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ត្រូវតែ​ហាមឃាត់​។ 
 
​សហរដ្ឋអាមេរិក តែងតែ​រិះគន់​រដ្ឋាភិបាល​ចិន ចំពោះ​បញ្ហា​មួយចំនួន រួមមាន កង្វះខាត​នៃ​ការបើកចំហ​ទីផ្សារ​ចិន​, ការ​លម្អៀង​របស់​រដ្ឋា​ភិ​បាល​ទៅលើ​ក្រុមហ៊ុន​ក្នុងស្រុក និង​ភាពខ្វះខាត​នៃ​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ជាដើម​។ បញ្ហា​ទាំងនេះហើយ ជា​បញ្ហា​ស្នូល​នៃ​ជម្លោះ​ពាណិជ្ជកម្ម ដែល​កំពុង​ឆាបឆេះ​៕ 
 

Tag:
 ​ចិន​
  សេដ្ឋកិច្ច​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com