កីឡាជាតិ
ជាតិ
ស្ថានភាព​ផ្លូវ​បត់បែន​លើ​ភ្នំ​ប្រសិទ្ធិ៍ ធ្វើ​ឲ្យ​ការប្រកួត​កង់​ភ្នំ​ថ្នាក់ជាតិ​កាន់តែ​ស្វិតស្វាញ​ខ្លាំង​
30, Dec 2018 , 5:51 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​លើ​វិញ្ញាសា​កង់​ភ្នំ​បានបញ្ចប់​យ៉ាង​ជោគជ័យ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ដោយនៅ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​កជាង​៥០​នាក់​ចូលរួម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​លើ​បច្ចេកទេស​រៀបចំ និង​សមត្ថភាព​របស់​កីឡាករ​ទៀតផង​។

  
 
​ស្ថានភាព​ផ្លូវ​បត់បែន​ឡើង​ចុះ​រួមជាមួយ​ឧបសគ្គ​លើ​ភ្នំ​ប្រសិទ្ធិ៍ ធ្វើ​ឲ្យ​ការប្រកួតប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ទទួលបាន​ការទាក់ទាញ​កាន់តែខ្លាំង​ពី​សំណាក់​កីឡាករ​និង​អ្នកគាំទ្រ​។ លើសពីនេះ ធ្វើ​ឲ្យ​ការប្រកួត​មានការ​ប្រកួតប្រជែង​ខ្លាំង និង​ស្វិតស្វាញ​ជាង​មុន​។ មាន​ភាពស្វិតស្វាញ ក៏​ព្រោះតែ​សមត្ថភាព ក៏ដូចជា​បច្ចេកទេសរ​បស់​កីឡាករ​មានការ​កើនឡើង​។ 


 
​កត្តា​នេះ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទោចក្រយាន​បាន​វាយតម្លៃ​ខ្ពស់​។ លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​បាន​លើកឡើងថា​៖«​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើ​វិញ្ញាសា​កង់​ភ្នំ​របស់​យើង​បានបញ្ចប់​ដោយ​ជោគជ័យ និង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ខ្ញុំ​សង្កេតឃើញថា កីឡាករ​កីឡាការិនី​ពិសេស​យុវជន មាន​សមត្ថភាព និង​បច្ចេកទេស​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​ការប្រកួត​មាន​ភាព​ប្រកួតប្រជែង និង​តានតឹង​ជាង​មុន​»​។ 
 
​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា​៖«​បើ​ធៀប​នឹង​ការប្រកួត​កន្លងមក ឆ្នាំនេះ​មាន​បច្ចេកទេស​កើនឡើង​ខ្លាំង ពិសេស​ការប្រកួត​រវាង​ក្រុម​ជំនាញ ដោយសារ​ផ្លូវ​ប្រកួត​លំបាក​ខ្លាំង​មែនទែន គឺ​ត្រូវ​ជិះ​កង់​ឡើង​ចុះ​ភ្នំ កាត់​ព្រៃ និង​ថ្ម​តូច​ជាច្រើន បើ​អ្នក​អត់​មាន​បច្ចេកទេស​ខ្ពស់ គឺ​មិនអាច​ជិះ​បាន​នោះទេ​។ ក្មេងៗ​ជា​អត្ត​ព​លិ​កមាន​ការខិតខំ​ហ្វឹកហាត់​ខ្លាំង ធ្វើ​ឲ្យ​ការប្រកួតប្រជែង​មាន​លក្ខណៈ​ប្លែក​និង​អស្ចារ្យ​ជាង​មុន​»​។​


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​ពេញ​មួយ​ព្រឹក​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ កីឡាករ​ជម្រើសជាតិ យឿន ភី​យុទ្ធ បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​ជំនាញ​ក្រោយ​ប្រើពេល​៥៨​នាទី​៥៦​វិនាទី រីឯ​លេខ​២​បាន​ទៅ សាំង សីហា ជាមួយ​៥៩​នាទី​៧​វិនាទី និង​លេខ​៣​បាន​ទៅ ហួត លយ​រស្មី ក្រោយ​ប្រើពេល​១​ម៉ោង​១​នាទី​៧​វិនាទី​។ 
 
​ចំណែក​វិញ្ញាសា​កង់​ភ្នំ​កម្រិត​យុវជន កីឡាករ វ៉ុ​ន សា​វីន មកពី​ក្លិប Flying Bike ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្រោយ​ប្រើពេល​៥៣​នាទី​៥៨​វិនាទី រីឯ​កីឡាករ សាន ណា​ម៉ា បាន​លេខ​២​ក្រោយ​ប្រើពេល​៥៦​នាទី​៥​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ ប៊ុន សេង​ប៉ាវ ជាមួយ​ពេលវេលា​៥៧​នាទី​៥៤​វិនាទី​។ ចំណែក​ផ្នែក​នារី ជើងឯក​បាន​ទៅ​កីឡាការិនី​ថ្នាល​ជម្រើសជាតិ យឹម ចាន់​លាង​, លេខ​២ វង្ស ស៊ូ​ខេង និង​លេខ​៣ ហ៊ុល សុគន្ធា​៕  






















 

Tag:
 ​ប្រណាំង​កង់​
  វង្ស ខាន់​ពៅ​
  ជើងឯក​ថ្នាក់ជាតិ​
  ភ្នំ​ប្រសិទ្ធិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com