អន្តរជាតិ
រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស S-400 ឲ្យ​ឥណ្ឌា​នៅ​ឆ្នាំ​២០២០
04, Jan 2019 , 8:59 am        
រូបភាព
ដោយ:
​ក្រុង​ញូ​វ​ដេលី នឹង​ចាប់ផ្តើម​ទទួលបាន​ប្រព័ន្ធ​ការពារ​អាកាស S-400 ដែល​ទិញ​ពី​រុស្ស៊ី ជា​លើកដំបូង​នា​ខែតុលា ឆ្នាំ​២០២០​។ យោងតាម​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌា ការបញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស​ទាំងអស់​៥​គ្រឿង​ពី​រុស្ស៊ី ត្រូវ​រំពឹងថា នឹងត្រូវ​បញ្ចប់​រួចរាល់​ត្រឹម​ខែមេសា ឆ្នាំ​២០២៣​។

 
 
​ថ្លែង​បញ្ជាក់​នៅឯ​សភា​ជាន់​ទាប​ឥណ្ឌា ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ទាក់ទង​នឹង​កិច្ចសន្យា​ទិញ​សព្វាវុធ​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ​ជាមួយ​រុស្ស៊ី លោក Subhash Bhamre អនុរដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា បាន​លើកឡើងថា​៖ «​ការបញ្ជូន​នឹង​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០២០ ហើយ​និង​ត្រូវ​បញ្ចប់​ត្រឹម​ខែមេសា ឆ្នាំ​២០២៣»​។ 
 
​ទន្ទឹមនឹងនេះ លោក Bhamre បាន​សង្កត់ធ្ងន់ថា ឥណ្ឌា​នឹងមិន​បញ្ឈប់​គម្រោង​បញ្ជា​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​លពី​រុស្ស៊ី​ឡើយ ទោះបី​រង​ការ​គំរាម​ដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ក៏ដោយ​ក្តី​។ យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik លោក​បាន​គូសបញ្ជាក់​បែបនេះ​ថា រដ្ឋាភិបាល​ឥណ្ឌា​ឈ្វេងយល់​ពី​ការវិវត្ត​ទាំងអស់ ដែល​អាច​ប៉ះពាល់​ដល់​ការបញ្ជាទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400​។ ហើយ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​នេះ​គឺធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ឥណ្ឌា ក្នុង​គោលដៅ​ទប់​ទល់នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នានា ដែល​អាច​កើតមានឡើង​។ 
 
​ការលើកឡើង​របស់​អនុរដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បានធ្វើ​ឡើង ក្រោយពី​ដើមខែ​តុលា​កន្លងទៅ ក្រុង​មូ​ស្គូ និង​ក្រុង​ញូ​វ​ដេលី បានបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ការបញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា អំឡុង​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​ឥណ្ឌា ។ 
 
​កាលពី​ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក បានអនុម័ត​ច្បាប់​ប្រឆាំង​សត្រូវ​អាមេរិក​តាមរយៈ​ការដាក់ទណ្ឌកម្ម  (CAATSA) ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី ដោយសារតែ​វិមាន​ក្រេ​ម​ឡាំង​បាន​លេប​ត្របាក់​តំបន់​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០១៤ និង​បាន​លូកលាន់​ការបោះឆ្នោត​អាមេរិក កាលពី​ឆ្នាំ​២០១៦​ផង​។ 
 
​ក្រោម​ច្បាប់​នេះ បណ្ដា​ប្រទេស​ណា​ដែលមាន​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ និង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​រុស្ស៊ី អាចនឹងទទួល​រង​ទណ្ឌកម្ម​នេះ​ផងដែរ​។ ជាក់ស្តែង​រដ្ឋបាល​អាមេរិក​កាលពី​ចុងខែ​កញ្ញា បានសម្រេច​ប្រើប្រាស់​ច្បាប់  CAATSA  ដើម្បី​ដាក់ទណ្ឌកម្ម​លើ​យោធា​ចិន ដែល​បាន​ទិញ​មី​ស៊ី​ល និង​នាវាចម្បាំង​ពី​រុស្ស៊ី​។​
 
​គួរបញ្ជាក់​ផងដែរ​ថា S-400 ជា​ប្រព័ន្ធ​មី​ស៊ី​ល​ជំនាន់​ចុងក្រោយបង្អស់​របស់​រុស្ស៊ី ដែល​អាច​ពាំ​ក្បាល​គ្រាប់​ចំនួន​បី​ប្រភេទ និង​មាន​សមត្ថភាព​បាញ់​ទម្លាក់​គោលដៅ រួមមាន មី​ស៊ី​ល​បាលី​ស្ទិ​ក​, យន្តហោះ​ចម្បាំង និង​ដ្រូ​ន ក្នុង​រយៈ​ចម្ងាយ ៦០០​គីឡូម៉ែត្រ និង​រយៈពេល​កម្ពស់​ច​ន្លោះ​ពី ១០​គីឡូម៉ែត្រ ទៅ​២៧​គីឡូម៉ែត្រ​៕
 

Tag:
 ឥណ្ឌា​
  ប្រព័ន្ធ​ការពារ​អាកាស​S-400
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com