អន្តរជាតិ
លោក ត្រាំ គំរាមកម្ទេចសេដ្ឋកិច្ចតួកគី បើហ៊ានវាយក្រុមឃើដស៊ីរី ប្រធានាធិបតីអាមេរិក និងសមភាគីតួកគីអំឡុងជំនួបមេដឹកនាំណាតូនៅបែលហ្ស៊ិក (រូបភាព AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមករា បានព្រមានតួកគីដោយចំៗជុំវិញការគំរាមវាយប្រហារលើក្រុមឃើដនៅស៊ីរី។ តួកគីដែលក្នុងភ្នែកមើលឃើញក្រុមឃើដស៊ីរី ជាពួកភេរវករនោះ បានប្រមូលផ្ដុំកម្លាំងត្រៀមកម្ទេចក្រុមជីវពលមួយនេះពេលអាមេរិកដកទ័ពចេញពីស៊ីរី ប៉ុន្តែត្រូវបានអាមេរិកហាមដាច់ខាត។ លោក ត្រាំ គំរាមធ្វើឲ្យសេដ្ឋកិច្ចតួកគីដុនដាប បើហ៊ានវាយក្រុមឃើដតាមចិត្តចង់របស់ខ្លួននោះ។
អាចចាត់ទុកថា នេះជារឿងកម្រដែលមេសម្ព័ន្ធយោធាណាតូគំរាមដោយផ្ទាល់ទៅសមាជិកមួយទៀត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្វើឲ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារញ្ជួយចិត្តពេលប្រកាសដកទ័ពពីស៊ីរី បានគំរាមតួកគីដែលជាសមាជិករបស់សម្ព័ន្ធយោធាណាតូ ដ្បិតតួកគីចង់កម្ទេចក្រុមឃើដស៊ីរីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិកក្នុងយុទ្ធនាការអន្តរជាតិបោសសម្អាតក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី។
តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី១៣ ខែមករា លោក ត្រាំ បានបង្ហើបព័ត៌មានទាក់ទងការចាប់ផ្ដើមដកទាហានអាមេរិកពីទឹកដីស៊ីរី ដែលលោកអះអាងថា ត្រូវបានពន្យារពេលជាយូរមកហើយ។ យ៉ាងណាមិញ ក្នុងពេលដកទ័ពនេះ អាមេរិកនឹងបន្តវាយប្រហារគោលដៅក្រុមរដ្ឋឥស្លាមដែលនៅសេសសល់ទៀតពីទិសដៅជាច្រើន។ លោកក៏ឆ្លៀតគំរាមថា អាមេរិកនឹងប្រើមូលដ្ឋានទ័ពនៅក្បែរស៊ីរីដើម្បីវាយប្រហារជាថ្មីទៀត បើក្រុមនេះងើបឡើងជាថ្មី។
ដោយនិយាយចំឈ្មោះតួកគី ប្រធានាធិបតីអាមេរិករូបនេះក៏ព្រមានសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បើនៅតែបន្តជំហរវាយក្រុមឃើដស៊ីរីនោះ។ តាមទម្លាប់ប្រើបណ្ដាញសង្គមដើម្បីផ្ញើសារទៅកាន់សាធារណជន លោក ត្រាំ សរសេរថា នឹងបំផ្លាញសេដ្ឋកិច្ចតួកគី បើតួកគីវាយក្រុមឃើដ ហើយអាមេរិកកំពុងបង្កើតតំបន់ទ្រនាប់សុវត្ថិភាព២០ម៉ាយល៍ ដើម្បីខណ្ឌចែកភាគីទាំងពីរ។ យ៉ាងណា លោកមិនបញ្ជាក់ពីទីតាំងនៃតំបន់នេះឡើយ។
ទន្ទឹមគ្នានឹងការគំរាមតួកគី លោក ត្រាំ ក៏ប្រាប់ឲ្យក្រុមឃើដនៅឲ្យស្ងៀម និងមិនត្រូវធ្វើអ្វីឲ្យតួកគីទាស់ចិត្តឡើយ។ កន្លងមក ក្រុងវ៉ាស៊ីនតោនក៏បានស្វែងរកការធានាពីក្រុងអង់ការ៉ា ដែលប្រុងបើកយុទ្ធនាការយោធាក្នុងទឹកដីស៊ីរីដែលកាន់កាប់ដោយសកម្មជនឃើដស៊ីរី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់និយាយហើយថា អាមេរិកនឹងឲ្យតួកគីធានាថា ខ្លួននឹងមិនសម្លាប់រង្គាលជនជាតិឃើដស៊ីរីឡើយ។
ហេតុអ្វីលោក ត្រាំ ចង់ការពារក្រុមឃើដស៊ីរី? ឃើដស៊ីរី (YPG) នេះហើយ ដែលជាកម្លាំងស្នូលរបស់ក្រុមសម្ព័ន្ធមិត្តចម្រុះក្នុងប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋឥស្លាមដែលធ្លាប់អុកឡុកនៅស៊ីរី។ អាមេរិកបានបំពាក់បំប៉នបច្ចេកទេស ការហ្វឹកហាត់ និងសព្វាវុធជាច្រើនឲ្យក្រុមសកម្មជនមួយនេះដើម្បីកម្ទេចក្រុមជ្រុលនិយមមួយនេះ។ ឃើដស៊ីរី នឹងដើរតួជាភ្នែកច្រមុះរបស់អាមេរិកនៅស៊ីរី ក្រោយអាមេរិកដកទ័ពនៅពេលខាងមុខនោះ។
ផ្ទុយពីអាមេរិក តួកគីមើលឃើញក្រុមឃើដនេះជាបន្លាក្នុងភ្នែករបស់ខ្លួនទៅវិញ។ តួកគីចាត់ទុកក្រុមឃើដស៊ីរី ជាខ្សែបណ្ដាញរបស់បក្សពលករឃើដ (KKK) ដែលអុកឡុកតួកគីតាំងពីឆ្នាំ១៩៨៤ មក។ មេដឹកនាំតួកគីក៏ធ្លាប់បានព្រមានប្រទេសមួយចំនួនរួចហើយដែលចង់ការពារក្រុមឃើដក្នុងកាលៈទេសៈនេះផងដែរ ខណៈការដកទ័ពរបស់អាមេរិកជាឱកាសល្អសម្រាប់ទីក្រុងអង់ការ៉ាក្នុងការលុបបំបាតការគំរាមកំហែងលើសន្តិសុខរបស់ខ្លួន៕
Tag:
អាមេរិក
តួកគី
ស៊ីរី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com