អន្តរជាតិ
មេគយចិនម្នាក់ឲ្យអាជីវកររួមភេទជាមួយខ្លួន ជាថ្នូរនឹងការមិនបង់ពន្ធគយ
× មេគយម្នាក់ប្រចាំក្រុងកំពង់ផែ Dalian ខេត្ត Liaoning របស់ចិន ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក តាមរយៈការឲ្យអាជីវករនារី រួមភេទជាមួយខ្លួនជាថ្នូរនឹងការអនុញ្ញាតឲ្យពួកគេនាំចូលទំនិញពីបរទេស ដោយមិនចាំបាច់បង់ពន្ធគយ។ នេះបើយោងតាមការផ្សាយរបស់ China Daily កាលពីសប្តាហ៍មុន។
មេគយឈ្មោះ Guan Zhaojin អាយុ៣៧ឆ្នាំ ត្រូវបានភរិយាខ្លួន ប្តឹងទៅការិយាល័យគយ Dalian Customs ដោយផ្ទាល់ ជាមួយនឹងភស្តុតាងឃ្លីបវីដេអូ ដែលលោក Guan មានទំនាក់ទំនងផ្លូវភេទជាមួយនារីផ្សេងជាច្រើននាក់។ វីដេអូនេះ ត្រូវបានបន្តបែកធ្លាយពេញបណ្តាញសង្គមនៅប្រទេសចិន ជាពិសេស Weibo និង WeChat។
South China Morning Post តំបន់កំពង់ផែ Dalian រួមចំណែកនាំចំណូលយ៉ាងហោចណាស់១០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយការបែកធ្លាយរឿងអាស្រូវផ្លូវភេទរបស់លោក Guan នាំឲ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំលើករណីពុករលួយនៅតំបន់ផែមួយនេះ។
Daigou សំដៅលើភ្នាក់ងារលក់ទំនិញ ដែលភាគច្រើនជាជនជាតិរស់នៅក្រៅប្រទេស តែងតែលក់ផលិតផលផ្សេងៗ តាម WeChat ទៅឲ្យមិត្តខ្លួន និងភ្ញៀវផ្សេងទៀតនៅក្នុងប្រទេសចិន។ ផលិតផលប្រេនទាំងនោះ ត្រូវការបង់ពន្ធខ្ពស់ ហេតុដូច្នេះហើយបានជាអាជីវករនារីមួយចំនួនយល់ព្រមតាមសំណើររបស់លោក Guan ជាថ្នូរនឹងការមិនបង់ពន្ធគយ។
លោក Guan ត្រូវបានដកចេញពីតួនាទី ហើយស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគយរូបនេះ បានបដិសេធរាល់ការចោទប្រកាន់លើខ្លួន ហើយលោកអះអាងថា នឹងបកស្រាយរឿងនេះឲ្យច្បាស់នៅតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com