ភ្នំពេញ៖ ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់ម្រេចខ្ចីកំពតជាមួយនឹងទឹកខ្មេះ ទឹកត្នោត តែម្រេចកំពត គឺសុទ្ធតែជាផលិតផល KIRUM ដែលបានបង្កើតឡើងដោយ ក្រុមហ៊ុនខនហ្វីរេល សម្រាប់ផ្សព្វផ្សាយម្រេចកំពត និងផលិតផលជាច្រើនទៀត។ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនប័ត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO)និងបទដ្ឋានរបស់អាមេរិក(NOP)។ ខាងក្រោមនេះគឺជាសំណួរ និងចម្លើយដើម្បីទទួលបានព័ត៌មានបន្ថែមពីផលិតផលឈ្មោះ KIRUM។
សំណួរ៖ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនប័ត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO)និងបទដ្ឋានរបស់អាមេរិក(NOP)។ តើអ្វីទៅជាស្ថាប័ន ECOCERT S.A?
ចម្លើយ៖ ECOCERT S.A គឺជាអង្គការត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩១ ដោយវិស្វករកសិកម្មដែលចង់ធ្វើការអភិវឌ្ឃលើវិស័យកសិកម្ម ដែលគោរពនូវបរិស្ថាន និងផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានចូលរួមនៅក្នុងការផលិតនេះ។ ដូចនេះចាប់ពីពេលបង្កើតឡើងមក ECOCERT S.A មានឯកទេសនៅក្នុងការផ្តល់វិញ្ញាបនបត្រ ចំពោះការធ្វើកសិកម្មសរីរាង្គ។ នៅក្នុងឆ្នាំ១៩៩០ ECOCERT S.A បានរួមចំណែកដល់ការអភិវឌ្ឍ នៃការធ្វើកសិកម្មសរីរាង្គ ដោយការចូលរួមក្នុងការធ្វើសេចក្តីព្រាងបទបញ្ញត្តិ នៅប្រទេសបារាំង និងអឺរ៉ុប។ ស្ថាប័ននេះទទួលបានទំនុកចិត្តពីអ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបានក្លាយទៅជាស្ថាប័នមួយដែលមានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ។
សំណួរ៖ តើការបញ្ជាក់វិញ្ញាបនបត្រដោយ ECOCERT S.A មានន័យដូចម្តេចសម្រាប់ម្រេចកំពត KIRUM?
ចម្លើយ៖ ម្រេចកំពត KIRUM បានទទួលវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្ត្រ ត្រូវបានការពារដោយច្បាប់ ឬហៅកាត់ថា IGP ដែលធានាការការពារប្រភពដើម គុណភាព និងជំនាញដាំដុះពិសេសរបស់ម្រេចកំពត KIRUM។ ជាមួយវិញ្ញាបនបត្រសរីរាង្គ ECOCERT S.A ចំនួន៣ ដែលចម្ការម្រេចកំពតរបស់ក្រុមហ៊ុនខនហ្វីរេលទទួលបាននេះផ្តល់ជូនអ្នកប្រើប្រាស់នូវការធានាដោយមិនអាចប្រកែកបានថាម្រេចកំពត KIRUM របស់យើង គឺជាផលិតផលសរីរាង្គដែលដាំដុះ និងគោរពដាច់ខាតចំពោះបរិស្ថាន។ IGP និងវិញ្ញាបនប័ត្រ ECOCERT S.A ទាំង៣នេះ ធ្វើឲ្យម្រេចកំពត KIRUM ក្លាយជាគ្រឿងទេសលេខមួយ សាកសមនឹងកេរ្តិ៍ឈ្មោះរបស់វាសម្រាប់ធ្វើ ម្ហូបអាហារ។
KIRUM ត្រូវបានស្គាល់ជាដំបូងតាមរយៈម្រេចកំពតពណ៌ខ្មៅ ក្រហម និងស។ ការផលិតរបស់ KIRUM មានការរីកចម្រើនយ៉ាងខ្លាំងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
តម្រូវការសកលលោក សម្រាប់ម្រេចកំពតកាន់តែខ្លាំងឡើងដោយសារតែគ្រប់គ្នាស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺពី សេ្តចនៃម្រេចមួយនេះ។ ក្រុមហ៊ុន ខនហ្វីរេល បានចាប់ផ្តើមដាំដំណាំម្រេចតាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្នម្រេចបានដុះនៅលើផ្ទៃដីចំនួន២៥ហិតា។ ការប្រមូលផលលើកដំបូងរបស់យើងគឺនៅក្នុងឆ្នាំ២០១៤ ហើយពួកយើងធ្វើការនាំចេញផលិតផលមួយផ្នែកធំទៅកាន់ទីផ្សារប្រទេសបារាំង។
សំណួរ៖ ផលិតផល KIRUM មិនមែនគ្រាន់តែជាគ្រាប់ម្រេចកំពតតែមួយមុខនោះទេ ប៉ុន្តែវាក៏មានផលិតផលទឹកជ្រលក់ម្រេចកំពត និងតែកញ្ចុំផ្កាម្រេចកំពតជាច្រើនរសជាតិផ្សេងទៀតផងដែរ។ ផលិតផលផ្សេងទៀតអាចនឹងត្រូវចេញលក់នៅឆាប់ៗខាងមុខនេះ។ តើគំនិតច្នៃប្រឌិតទាំងនេះមានសារៈសំខាន់ណាស់មែនទេសម្រាប់ក្រុមហ៊ុនខមហ្វីរេល?
ចម្លើយ៖ បំណងប្រាថ្នានៃការច្នៃប្រឌិតថ្មីមួយនេះគឺជាលទ្ធផលនៃទស្សនវិស័យដែលបណ្តាលឲ្យមានការបង្កើតនៅក្រុមហ៊ុនខនហ្វីរេលនេះឡើង។ ខនហ្វីរេលជាក្រុមហ៊ុនមួយដែលគិតពីប្រយោជន៍សង្គម និងប្រយោជន៍រួម ហើយបង្កើតឡើងដើម្បីក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍតំបន់ជនបទនៃប្រទេសកម្ពុជា។ គោលដៅរបស់យើងគឺដើម្បីរួមចំណែកការកាត់បន្ថយគម្លាតអ្នកមាន រវាងទីក្រុង និងជនបទដែលកាលពីអតីតកាលគម្លាតនេះ បានក្លាយជាប្រភពនៃការបំផ្លាញប្រទេសយើង ហើយពួកយើងចង់ចូលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងដល់ការចំណាកស្រុកដោយការលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ដើម្បីឲ្យប្រជាកសិករទទួលបានកម្រៃសមរម្យសម្រាប់ជីវិត និងដើម្បីទទួលបានការគោរពនូវកម្លាំងពលកម្មរបស់ពួកគេ យើងត្រូវតែលើកកម្ពស់យ៉ាងខ្លាំងនូវផលិតកម្មរបស់ពួកគេ ដោយការប្រែក្លាយផលិតផលក្នុងស្រុក ឲ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ ដែលអាចចែកចាយទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃដែលពួកគេអាចទទូលបានចំណូលសាកសមនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ទាំងនេះចាំបាច់ទាមទារឲ្យមានការបង្កើតថ្មីដែលនាំឲ្យផលិតផលក្នុងស្រុក ក្លាយជាផលិតផលចំណីអាហារដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខុមាលភាព ហើយទាក់ទាញដល់អតិថិជនតាមរយៈផលិតផលតែមួយគត់ដែលបញ្ជាក់ពីអត្តសញ្ញាណផលិតផលធម្មជាតិ និងបានប្តេជ្ញាចិត្តដើម្បីលើកកម្ពស់បរិស្ថាន និងសង្គម។
ក្រុមហ៊ុន ខនហ្វីរេល បានរួមចំណែកផងដែរក្នុងការទទួលខុសត្រូវផ្នែកសង្គមជាមួយនឹងការបរិចា្ជគ៥ភាគរយនៃប្រាក់ចំណួលសុទ្ធរបស់ខ្លួនសម្រាប់ជួយដល់ប្រជាជនដែលបានជួបនូវទុក្ខលំបាកតាមរយៈកម្មវិធីមួយច្បាស់លាស់ ហើយធានាបានថាប្រាក់ចំណូលទាំងអស់គឺបានទៅដល់អ្នកពាក់ព័ន្ធទាំងអស់។
សំណួរ៖ ជាមួយនឹងការផលិតតែម្រេចកំពត ក្រុមហ៊ុនខនហ្វីរេលចូលរួមកាន់តែច្រើននូវការផលិត អាហារដើម្បីសុខភាព។ តើហេតុអ្វី?
ចម្លើយ៖ លោកឱសថបណ្ឌិតហៃលីអៀង ស្ថាបនិកនៃក្រុមហ៊ុនខនហ្វីរេលបានបញ្ចប់ការសិក្សាផ្នែកឱសថនៅប្រទេសបារាំង។ លោកស្គាល់ច្បាស់ពីគុណប្រយោជន៍នៃរុក្ខជាតិចំពោះសុខភាព។ ជាយូរណាស់មកហើយដែលធម្មជាតិផ្តល់ឲ្យប្រជាជនកម្ពុជានូវឱសថបុរាណជាច្រើន។ «សូមឲ្យអាហាររបស់អ្នកក្លាយជាឱសថរបស់អ្នក» វាជាគោលការណ៍វេជ្ជសាស្ត្ររបស់ជនជាតិឥណ្ឌាដែលលោកឱសថបណ្ឌិតហៃលីអៀង គាំទ្រទាំងស្រុង។ អតិថិជននៅទូទាំងពិភពលោកទាំងមូលទាមទារឲ្យមានម្ហូបអាហារដែលមានគុណភាពល្អតាមបែបធម្មជាតិគ្មានជាតិគីមី ហើយល្អសម្រាប់សុខភាព។ ដើម្បីលើកតម្កើងតម្លៃផលិតធម្មជាតិរបស់ប្រជាជនកម្ពុជាដោយប្រើប្រាស់សក្តានុពុលរបស់វាចំពោះសុខមាលភាព ជាមធ្យោបាយមួយដ៏អស្ចារ្យដើម្បីស្វែងរកឱកាសថ្មីនឹងអតិថិជនថ្មីសម្រាប់ផលិតផលទាំងអស់របស់កម្ពុជា។ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យើងធ្វើការដោយពុំនឿយហត់នៅក្នុងទិសដៅនេះ។ ស្ករត្នោតសរីរាង្គ ដែលមានលក្ខណៈសម្បត្តិល្អជាច្រើនពិសេស មានផលល្អសម្រាប់អ្នកកើតទឹកនោមផ្អែម បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតក្រុមហ៊ុនខនហ្វីរេលនៅក្នុងទិសដៅនេះ។
យើងបង្កើតតែម្រេចកំពតជាច្រើនប្រភេទ តែម្រេចកំពតដែលមានពហុតម្លៃដោយចាប់ផ្តើមចេញពីគំនិតដ៏សាមញ្ញមួយ ដែលមានរសជាតិល្អសម្រាប់ការទទួលទាន និងល្អសម្រាប់សុខភាព។ រូបមន្តនៃតែម្រេចកំពតរបស់យើងបានចុះបញ្ជីនៅវិទ្យាសា្ថនជាតិសម្បត្តិឧស្សាហកម្មដែលហៅកាត់ថា INPI (National Institute of Industrial Property) នៅប្រទេសបារាំង ហើយយើងកំពុងសុំប៉ាតង់អន្តរជាតិ។ យើងបានបន្តស្រាវជ្រាវដោយ (មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងសម្រាប់ស្រាវជ្រាវដល់កសិកម្ម និងការអភិវឌ្ឍ) CIRAD ដើម្បីផលិតចេញនូវផលិតផលផ្សេងៗទៀតដែលចេញពីកញ្ចុំផ្កាម្រេចកំពតផ្តល់ឲ្យអ្នកប្រើប្រាស់នូវផលិតផលគ្រប់ទម្រង់ដែលល្អសម្រាប់សុខភាព៕