អន្តរជាតិ
រដ្ឋាភិបាលមីយ៉ាន់ម៉ា បន្តហាមអ្នករាយការណ៍ UN ចូលក្នុងប្រទេស ព្រោះនិយាយរឿងអាក្រក់ពីខ្លួន គ្មានមូលដ្ឋាន
× រដ្ឋាភិបាលក្រុងណៃពិដោរ បានបន្តចេញបម្រាមមិនឲ្យអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា ចូលក្នុងប្រទេសខ្លួន។ វិធានការតឹងរឹងចំពោះអ្នករាយការណ៍រូបនេះ ដោយសារក្រុងណៃពិដោរ យល់ឃើញថា របាយការណ៍សិទ្ធិមនុស្ស ដែលធ្វើដោយអ្នករាយការណ៍រូបនេះ គ្មានមូលដ្ឋានត្រឹមត្រូវ និងប៉ះពាល់ដល់មុខមាត់ប្រទេស។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Aung Kyaw Zan នៅថ្ងៃ១៤ មករា បានឲ្យដឹងថា មីយ៉ាន់ម៉ា នឹងមិនដកចេញបម្រាមដែលហាមអ្នករាយការណ៍ពិសេសស្តីពីសិទិ្ធមនុស្សមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ លោកស្រី Yanghee Lee ឲ្យចូលទឹកដីមីយ៉ាន់ម៉ាវិញឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ារូបនេះ បានបន្តថា បម្រាមទៅលើលោកស្រី Lee ប្រហែលជាអាចអនុវត្តរហូតដល់លោកស្រី បញ្ចប់អាណត្តិបេសកកម្មតែម្តង។ តាមលោក Aung Kyaw Zan ការណ៍ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា តឹងតែងដាក់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ក៏ព្រោះតែលោកស្រី តែងតែធ្វើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សមីយ៉ាន់ម៉ា ដោយខ្វះឯករាជ្យ, តុល្យភាព និងមិនច្បាស់លាស់។
គួរជម្រាបថា លោកស្រី Lee ត្រូវបានហាមឃាត់មិនឲ្យចូលទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ដើម្បីអនុវត្តអាណត្តិ និងបេសកកម្មរបស់លោកស្រី ដែលផ្តល់សិទ្ធិដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការប្រជាជាតិ តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ កន្លងមករដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ ផ្លាស់ប្តូរលោកស្រី ចេញ ដ្បិតសេចក្តីថ្លែងការណ៍របស់លោកស្រី មានភាពលម្អៀង និងគ្មានភាពច្បាស់លាស់។
ទោះបីលោកស្រី មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីមីយ៉ាន់ម៉ាក៏ដោយ អ្នករាយការណ៍រូបនេះ នៅតែបន្តបេសកកម្មសិទ្ធិមនុស្សតាមមធ្យោបាយផ្សេង។ តាម Myanmar Times លោកស្រី Lee នៅខែមករានេះ បានបំពេញទស្សនកិច្ចទៅកាន់ថៃ និងបង់ក្លាដែសដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សមីយ៉ាន់ម៉ាបច្ចុប្បន្ន។
« ខ្ញុំ នៅតែបន្តរកមធ្យោបាយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយខ្ញុំ នៅតែបន្តប្តេជ្ញាចិត្តក្នុងអាណត្តិរបស់ខ្ញុំដើម្បីតាមដានស្ថានភាពសិទិ្ធមនុស្សមីយ៉ាន់ម៉ា។ ខ្ញុំ នឹងបន្តជួបជាមួយប្រជាជនដែលមកពីមីយ៉ាន់ម៉ា ហើយហ៊ាននិយាយពីបញ្ហាសិទ្ធិមនុស្សដែលបានកើតជុំវិញប្រទេស»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី Lee តបទៅនឹងចំណាត់ការរដ្ឋាភិបាលមីយ៉ាន់ម៉ា៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com