ប្រមុខការទូតរបស់ប្រទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បានចេញសេចក្តីថ្លែងការណ៍ក្រៅផ្លូវការមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមក្នុងការជួយដោះស្រាយវិបត្តិជនភៀសខ្លួនរបស់មីយ៉ានម៉ា។ ក៏ប៉ុន្តែអាស៊ាន នៅមិនទាន់មានដំណោះស្រាយដែលអាចអនុវត្តបាននៅឡើយនោះទេ ខណៈដែលស្ថានភាពរបស់ជនភៀសខ្លួន កាន់តែអាក្រក់ទៅៗ។
នៅចុងសប្តាហ៍មុនរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាន បានមានកិច្ចប្រជុំចង្អៀតមួយ ដែលរៀបចំដោយប្រធានវិលជុំអាស៊ានថៃ។ កិច្ចប្រជុំក្រៅផ្លូវការនេះ គឺជាជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងនាមថៃ ជាម្ចាស់ផ្ទះ ក្នុងគោលដៅដើម្បីធ្វើការសម្រេចលើបញ្ហាចម្បងមួយចំនួន ដែលគួរតែដាក់លើតុសម្រាប់ជជែកជាលក្ខណៈផ្លូវការ។
បើតាមសេចក្តីថ្លែងការប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីទាំងអស់បានប្រកាសពីសំណើមួយក្នុងការបញ្ជូនបេសកកម្មមនុស្សធម៌ទៅវាយតម្លៃនៅរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ាដើម្បីពន្លឿនដំណើរការនៃការបញ្ជូនជនភៀសខ្លួន។ សេចក្តីថ្លែងការណ៍ ក៏បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ដើម្បីស្វែងរកដំណោះស្រាយមួយគ្រប់ជ្រុងជ្រោយ និងអចិន្ត្រៃយ៍។
តែយ៉ាងណាតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ក្រុមអាស៊ាន នៅមិនទាន់អាចបង្ហើបពីកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមអនុវត្តបេសកកម្មផ្តល់ជំនួយមនុស្សធម៌នេះនៅឡើយនោះទេ។
ក្នុងប្រជុំចង្អៀត ដែលអវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដដែលនោះ មានរដ្ឋមន្ត្រីមួយចំនួន បានស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់សញ្ជាតិមីយ៉ាន់ម៉ាដល់ជនភៀសខ្លួនទាំងនោះ ក៏ប៉ុន្តែតំណាងមីយ៉ាន់ម៉ា ភ្លាមៗនោះ ក៏បានជំទាស់ផងដែរ។
គួរជម្រាបផងដែរថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាខានមីយ៉ាន់ម៉ា បានអូសបន្លាយអស់រយៈជាងមួយឆ្នាំហើយ ដោយគ្មានដំណោះស្រាយជាក់លាក់ និងប្រាកដប្រជា។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្លាប់បានព្រមព្រៀងទាំងជាមួយនឹងបង់ក្លាដែសផង ក៏ដូចជាភ្នាក់ងារជំនាញអង្គការសហប្រជាជាតិផង ក្នុងការរៀបចំបញ្ជូនជនភៀសខ្លួនជាងកន្លះលាននាក់ទៅមីយ៉ាន់ម៉ាវិញ។
ក៏ប៉ុន្តែ ការព្រមព្រៀងនោះ នៅត្រឹមតែជាក្រដាសប៉ុណ្ណោះ ពោលគឺ មីយ៉ាន់ម៉ា មិនទាន់បានអនុវត្តនៅឡើយនោះទេ ខណៈស្ថានភាពរបស់ជនភៀសខ្លួន ក៏កាន់តែអាក្រក់ៗទៅ។ ពួកគេ ជាពិសេសក្មេងៗ ប្រឈមនឹងការបាត់បង់ឱកាសសិក្សា និងអនាគត បើដំណោះស្រាយ នៅតែមិនមានវឌ្ឍនភាព។
កន្លងមក ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ាពីការមិនអើពើលើបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយនេះ។ អង្គការសហប្រជាជាតិ ថែមទាំងរំលេចនូវភាសាធ្ងន់ៗ សំដៅបញ្ហានេះ អាចធ្លាក់ចូលក្នុងបទល្មើសប្រល័យជាតិសាសន៍ទៀតផង៕