អន្តរជាតិ
ថៃកំណត់ថ្ងៃ ២៤ មីនា ជាថ្ងៃបោះឆ្នោតលើកដំបូងចាប់ពីរដ្ឋប្រហារយោធា
× ចុងក្រោយ ថៃកំណត់យកថ្ងៃ ២៤ ខែមីនា ជាថ្ងៃបោះឆ្នោតសាកលជាផ្លូវការ។ ការប្រកាសកាលបរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីមហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) ចេញព្រះរាជក្រឹតត្រាស់បង្គាប់ឲ្យមានការបោះឆ្នោត។ វានឹងក្លាយជាការបោះឆ្នោតជាលើកដំបូងបង្អស់ក្នុងរាជាណាចក្រនេះ គិតចាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ មក។
គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រកាសជាផ្លូវការនៅថ្ងៃពុធទី ២៣ ខែមករានេះថា ការបោះឆ្នោតសាកលនឹងត្រូវរៀបចំឡើងនៅថ្ងៃ ២៤ ខែមីនាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការប្រកាសពីកាលបរិច្ឆេទបោះឆ្នោតផ្លូវការ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យមួយដែលតម្រូវឲ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ។
នៅក្នុងព្រះរាជក្រឹត្យនេះ គណៈកម្មកានេះត្រូវកំណត់កាលបរិច្ឆេទបោះឆ្នោតជាផ្លូវការ ក្នុងអំឡុងពេល ៥ ថ្ងៃ ។
សូមបញ្ជាក់ថា នេះជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងបំផុត ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នៅខែឧសភា ឆ្នាំ២០១៤។ កាលបរិច្ឆេទនៃការបោះឆ្នោតនេះក៏ត្រូវបានលើកពេលជាបន្តបន្ទាប់កន្លងមក៕
Tag:
មហាក្សត្រថៃ
ការបោះឆ្នោតថ្នាក់ជាតិ
រដ្ឋប្រហារថៃ
© រក្សាសិទ្ធិដោយ thmeythmey.com