កីឡាជាតិ
ជាតិ
ហ៊រ វិចិត្រ យកការរត់ពង្រឹងសមត្ថភាព ត្រៀមប្រជែងជើងឯកពិភពលោកតេក្វាន់ដូ ITF កីឡាករ ហ៊រ វិចិត្រ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ការរត់របសខ្លួនក្នុងព្រឹត្តិការណ៍ Angkor Ultra Trail
× កីឡាករតេក្វាន់ដូ ITF ហ៊រ វិចិត្រ បានចូលរួមរត់ចម្ងាយ៣២គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail ដែលរៀបចំនៅខេត្តសៀមរាបពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៩។ សម្រាប់ វិចិត្រ នេះជាការពង្រឹងសមត្ថភាពមួយដ៏សំខាន់សម្រាប់គេ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពិភពលោកកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី នាខែសីហា ខាងមុខ។
ហ៊រ វិចិត្រ អាចជាកីឡាករមួយរូបក្នុងចំណោមកីឡាករជាច្រើនទៀតខុសពីគេ ដែលប្រើការរត់ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើការហ្វឹកហាត់ជាមួយគ្រូនិងមិត្តរួមក្រុម។ ព្រោះរូបគេជឿជាក់ថា ការរត់អាចជួយបង្កើនកម្លាំង និងសមត្ថភាពគេកាន់តែប្រសើរ។
កីឡាកររូបនេះបានរៀបរាប់ដូច្នេះថា៖«ក្នុងក្បាច់គុនតេក្វាន់ដូ ITF ការរត់និងហែលទឹកជាផ្នែកមួយជួយសម្រួលសាច់ដុំ។ ការរត់វាជួយបង្កើនកម្លាំងស៊ុះ និងធ្វើឲ្យបេះដូងមានចលនាល្អ ដែលនាំឲ្យការហ្វឹកហាត់របស់យើងភាពប្រសើរជាងមុន។ រាល់កីឡាករលើវិញ្ញាសាប្រយុទ្ធទាំងអស់ គឺគាត់ត្រូវការរត់ជាសំខាន់ ព្រោះវាធ្វើការប្រកួតកាន់តែស្វិតស្វាញ»។
ដោយមើលឃើញពីអត្ថប្រយោជន៍ទាំងនេះ កាលពីពេលថ្មីៗ កីឡាករ ហ៊រ វិចិត្រ បានចូលរួមរត់លើវិញ្ញាសា៣២គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail ដែលរៀបចំនៅបរិវេណអង្គរក្នុងខេត្តសៀមរាបពីថ្ងៃទី១៩-២០ ខែមករា។ សម្រាប់ វិចិត្រ នេះជាការពង្រឹងសមត្ថភាពដ៏សំខាន់ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពិភពលោកនៅប៊ុលហ្គារី នាខែសីហា ឆ្នាំ២០១៩ ខាងមុខ។
ជាមួយការរៀបរាប់ពីការលំបាកចំពោះការផ្លាស់ប្តូរពីកីឡាតេក្វាន់ដូ ITF ទៅចូលរួមកីឡារត់ វិចិត្រ បានបន្ថែមថា៖«យើងប្តូរពីកីឡាតេក្វាន់ដូ ITF មករត់ គឺដើម្បីពង្រឹងសមត្ថភាពយើង ត្រៀមប្រកួតជើងឯកពិភពលោកនៅប៊ុលហ្គារី។ ខ្ញុំមានអារម្មណ៍ប្លែកមែនទែន នៅពេលយើងផ្លាស់ប្តូរបែបនេះ។ តែសប្បាយចិត្តក្រោយរត់មកដល់ទី»។
នេះជាលើកទី១ហើយ ដែលកីឡាកររូបនេះចូលរួមរត់ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail។ ប៉ុន្តែរូបគេធ្លាប់ចូលរួមរត់ប្រណាំងផ្សេងៗជាច្រើនលើករួចមកហើយ។ ជាក់ស្តែងកាលពីពេលថ្មីៗ វិចិត្រ បានទៅចូលរួមរត់ប្រណាំងលើវិញ្ញាសា១០គីឡូម៉ែត្រនៅប្រទេសវៀតណាម៕
Tag:
តេក្វាន់ដូ ITF
ហ៊រ វិចិត្រ
Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com