អន្តរជាតិ
ប្រយ័ត្ន​ការ​ស្មើ​ដើម​! សមាជិកសភា​មី​យ៉ាន់ម៉ា​ប្រាប់​រដ្ឋាភិបាល​ឲ្យ​សងលុយ​ចិន​ឲ្យ​លឿន
25, Jan 2019 , 9:59 pm        
រូបភាព
​សមាជិកសភា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៤ ខែមករា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​សង​ប្រាក់​ជំពាក់​ទៅ​ឲ្យ​ចិន​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន​។ សមាជិកសភា Daw Cho Cho ស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំសភា​សហភាព​នៅ​ទីក្រុង​ណៃ​ពិដោ ក្រោម​ហេតុផល​ថា កម្ចី​ចិន​មានការ​ប្រាក់​ខ្ពស់ជាង​ប្រទេស​ដទៃទៀត​។ សមាជិកសភា​រូបនេះ​ទំនង​ចង់​បានន័យថា បើ​សង​ប្រាក់​ជំពាក់​ចិន​បាន​ឆាប់​កាលណា មី​យ៉ាន់​ម៉ា​អាច​សន្សំ​លុយ​បាន​ច្រើន​ពី​ការប្រាក់​។​

 
​សភា​សហភាព​មី​យ៉ាន់​ម៉ា បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​របាយការណ៍​ស្ថានភាព​បំណុល​ជាតិ​៦​ខែ​ក្នុង​ឆ្នាំ​២០១៨ ដែល​វាយតម្លៃ​ដោយ​គណៈកម្មាធិការ​គណ​នេ​យ្យ​រួម​នៃ​សភា​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៤ ខែមករា​សមាជិកសភា​មី​យ៉ាន់​ម៉ា​ក៏​ប្រាប់​ឲ្យ​រដ្ឋាភិបាល​រៀបចំ​សង​ប្រាក់​ទៅ​ឲ្យ​ចិន​វិញ សំដៅ​ចៀសវាង​ការបង់​ការប្រាក់​ច្រើន​។​
 
​បើតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ចិន​គឺជា​ម្ចាស់បំណុល​ធំជាងគេ​មួយ​របស់​មី​យ៉ាន់​ម៉ា ដែល​កម្ចី​ចិន​មាន​ទំហំ​៤០​ភាគរយ​នៃ​បំណុល​ជាតិ​សរុប​។ សមាជិកសភា​ជាន់​ទាប Daw Cho Cho និយាយថា មី​យ៉ាន់​ម៉ា​គួរ​ប្រញាប់​សងលុយ​ទៅ​ឲ្យ​ចិន​វិញ​ឲ្យ​លឿន​បំផុត​។ សមាជិកសភា​រូបនេះ​អះអាងថា កម្ចី​របស់​ចិន​មានការ​ប្រាក់​ខ្ពស់​ជាងគេ ខណៈ​លុយ​ជំពាក់​នេះ​អាច​សង​នៅពេលណា​ក៏បាន​ក្ដី​។ 
 
​ក្នុង​រ​បាយ​ការណ៍​ចុងក្រោយ​របស់​រដ្ឋាភិបាល​ស្ដីពី​បំណុល មី​យ៉ាម៉ា​មាន​ចំ​ណុល​ចំនួន​៤​ ពាន់​លានដុល្លារ​នៅត្រឹម​ឆ្នាំ​១៩៨៨ ហើយ​កើន​ចំនួន​២,៧​ពាន់​លាន​ដុល្លារ​ទៀត​ក្នុង​ឆ្នាំ​២០១១ ដែល​ក្នុងនោះ​៩៧​ភាគរយ​ជា​កម្ចី​របស់​ចិន​។ ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ពាក់កណ្ដាល​ស៊ីវិល​បាន​ជំពាក់​លុយ​បរទេស​ចំនួន​៣,១​ពាន់​លានដុល្លារ​ទៀត ហើយ​ចាប់ពីពេលនោះ​មក បំណុល​ជាតិ​ក៏​បន្ត​កើន​ចំនួន​៩១​លាន​ដុល្លារ​ទៀត​។   
 
​បច្ចុប្បន្ននេះ មី​យ៉ាន់​ម៉ា​ជំពាក់​បំ​ណុ​កប​រទេស​ចំនួន​១០​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​បំណុល​មាន​ចំនួន​ច្រើនជាង​៤ ​ពាន់​លាន​ដុល្លារ​។ បើតាម​សមាជិកសភា​មី​យ៉ាន់​ម៉ា ការប្រាក់​កម្ចី​របស់​ចិន​សម្រាប់​មី​យ៉ាន់​ម៉ា​មាន​៤,៥​ភាគរយ​។ សភា​មី​យ៉ាន់​ម៉ា​អាណត្តិ​មុន​សម័យ​រដ្ឋាភិបាល​លោក ថេ​ន សេន បានអនុម័ត​កម្ចី​ចំនួន​៣០០​លាន​ដុល្លារ​ពី​ធន​គារ​អាហរ័ណ​-​នីហរ័ណ​ចិន​ក្នុង​អត្រា​ការប្រាក់​ចំនួន​៤,៥​ភាគរយ​ដើម្បី​ផ្គត់ផ្គង់​ក្រុមហ៊ុន​ក្នុងស្រុក​។ 
 
​ប្រឈមមុខ​ស្ថានភាព​បែបនេះ សមាជិកសភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់ចែង​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​ដើម្បី​សង​ប្រាក់​ជំពាក់​ឲ្យ​ចិន​វិញ​។ ជាមួយ​គោលដៅ​សងលុយ​នេះ លោក U Than Soe ក៏​លើក​យោបល់​ឲ្យ​រដ្ឋាភិបាល​ធ្វើតាម​ប្រទេស​ផ្សេង​ក្នុង​ការសង​កម្ចី​ចិន​តាមរយៈ​ការ​កាត់កង​ជាមួយ​ការនាំចេញ​ស្រូវ​អង្ករ​វិញ ដ្បិត​ភាគ​ច្រើ​នៃ​អង្ករ​មី​យ៉ាន់​ម៉ា​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​តាម​រយៈពេល​ជំនួញ​តាម​ព្រំដែន​ស្រាប់​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com