ជាតិ
សង្គមជាតិ
ការិយាល័យ​របស់​ក្រសួង​តាម​ក្រុង​-​ស្រុក នឹងត្រូវ​បញ្ចូល​ទៅក្នុង​រដ្ឋបាល​ក្រុង​-​ស្រុក​
29, Jan 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ការិយាល័យ​ស្ទើរទាំងអស់​របស់​ក្រសួង​និង​ស្ថាប័ន ដែលមាន​នៅតាម​ក្រុង​-​ស្រុក នឹងត្រូវ​ច្របាច់​បញ្ចូល​ទៅក្នុង​រចនាសម្ព័ន្ធ​ថ្នាក់ក្រុង​-​ស្រុក​។ លើកលែងតែ​ការិយាល័យ​មួយចំនួន​តូច​ប៉ុណ្ណោះ នឹងត្រូវ​រក្សាទុក  ដូចជា អប់រំ សុខាភិបាល និង នគរូបនីយកម្ម ជាដើម ដែល​រដ្ឋាភិបាល​យល់ថា​សំខាន់​។


 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​សំណើ​ទៅ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុំ​កែសម្រួល​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​ក្រុង​-​ស្រុក​។ ក្នុង​សំណើ ដែល​ចុះហត្ថលេខា តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ សម្តេច ស ខេង សុំ​លុប​ចោលកា​រិយា​ល័យ​ជំនាញ​របស់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្នាក់ក្រុង​-​ស្រុក​។ 
 
​ប៉ុន្តែ ការិយាល័យ​ទាំងនេះ មិនមែន​លុបចោល​ឲ្យ​បាត់​ឈឹង ឬ​រំលាយចោល​តែម្តង​នោះទេ  ពោលគឺ ក្រោយពី​លុប​ហើយ ការិយាល័យ​ទាំងនេះ នឹង​ត្រូវធ្វើ​សមាហរណកម្ម បញ្ចូល​ទៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ក្រុង​-​ស្រុក​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់​ក្នុង​សំណើ​ថា​៖«​ក្នុង​ការធ្វើសមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​បង្កើតជា​អង្គភាព ឬ​ការិយាល័យ​ចង្កោម​វិស័យ សម្រាប់​វិស័យ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ចង្កោម​វិស័យសេដ្ឋកិច្ច និង ចង្កោម​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន លើកលែង​វិស័យ​អាទិភាព​សំខាន់ៗ​មួយចំនួន ដូចជា អប់រំ សុខាភិបាល និង​នគរូបនីយកម្ម ដែល​ចាំបាច់​ត្រូវ​បង្កើតជា​អង្គភាព​ដាច់ដោយឡែកៗ​ពីគ្នា​»​។ 
 
​បើតាម​សំណើ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ អ្វីៗ​ទាំងអស់ ដែល​រួមមាន មុខងារ ធនធាន ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​បុគ្គលិក របស់​ការិយាល័យ​ទាំងនេះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​។ 
 
​ក្រោយ​លុបចោល​ការិយាល័យ​ទាំងនេះ អង្គភាព​ថ្មី​មួយចំនួន នឹងត្រូវ​បង្កើតឡើង នៅក្នុង​រដ្ឋបាល​ក្រុង​-​ស្រុក​។ សំណើ​នោះ បញ្ជាក់​បែបនេះ​ថា​៖«​អង្គភាព​មួយចំនួន ដែល​ត្រូវ​រៀបចំ​ថ្មី​នៅ​ថ្នាក់ក្រុង​-​ស្រុក ត្រូវ​ដំឡើង​ឋានៈ​ឲ្យ​បាន​សមស្រប​ទៅនឹង​ទំហំ​ការងារ និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់សេវា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​មន្ត្រី​ដែលមាន​សមត្ថភាព និង​មាន​ជំនាញ​ខ្ពស់​សមស្រប​ស្ម័គ្រចិត្ត ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង​-​ស្រុក​»​។​
 
​នៅលើ​សំណើ​នោះ គេ ឃើញ​ចំណារ​ឯកភាព​របស់​ស​ម្តេច ហ៊ុន សែន ដែល​មានន័យថា សម្តេច ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់​សម្តេច ស ខេង ហើយ​។  
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បង្ហើប​ពី​ផែនការ​នៃ​ការ​លុប​កា​រិ​យ​ល័យ​ទាំងនេះ​ចោល​ដែរ ដោយ​អះអាងថា ជាការ​ធ្វើកំណែទម្រង់ ដើម្បី​ឲ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​៕ 
 
 

Tag:
 ហ៊ុន សែន​
  ស ខេង​
  ការិយាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com