ជាតិ
សង្គមជាតិ
២ឆ្នាំជាប់គ្នា កម្ពុជា ជាប់​លេខ​១៦១ ក្នុងចំណោម​ប្រទេស​១៨០ ក្នុងការ​កម្ចាត់​អំពើពុករលួយ​
29, Jan 2019 , 3:49 pm        
រូបភាព
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (កាន់ក្បាលមេក្រូ)
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (កាន់ក្បាលមេក្រូ)
​ឆ្នាំ២១៧ កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១៦១ ក្នុងចំណោម​ប្រទេស​១៨០ ហើយ​ឆ្នាំ២១៨ កម្ពុជា នៅជាប់​ចំណាត់ថ្នាក់​នេះ​ដដែល ដែល​បង្ហាញថា កម្ពុជា មាន​ភាពទន់ខ្សោយ​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​។ មន្ត្រី​រដ្ឋាភិបាល មិន​ទទួលស្គាល់​របាយការណ៍​ឬ​ការដាក់​ចំណាក់​ថ្នាក់​នេះ ឲ្យ​កម្ពុជា​ឡើយ​។


 
​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ អង្គការ​តម្លាភាព​អន្តរជាតិ ដែលមាន​ការិយាល័យ​នៅ​ប្រទេស​អាល្លឺម៉ង់ បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ស្តីពី​ការវាយតម្លៃ​អំពើពុករលួយ​នៃ​ប្រទេស​១៨០​។ អង្គការ​តម្លា​កម្ពុជា (TI) ដែលមាន​លោក ព្រាប កុល ជា​នាយក​ប្រតិបត្តិ បានរៀបចំសន្និសីទសារព័ត៌មាន​ នៅ​សណ្ឋាគារ Raffle Le Royal​ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ និងបកស្រាយពីអំពើពុករលួយនៅកម្ពុជា។ 
 
សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​តម្លាភាព​កម្ពុជា បាន​បង្ហាញថា ក្នុងឆ្នាំ២០១៨ កម្ពុជា ទទួលបាន​ពិន្ទុ​២០ ក្នុងចំណោម​ពិន្ទុ​១០០ ក្នុងការ​លុបបំបាត់​អំពើពុករលួយ​។ មាត្រា​ដ្ឋា​ន​ពិន្ទុ គឺ​គិតពី ០ ទៅ ១០០ ដោយ ០​ពិន្ទុ មានន័យថា ពុករលួយ​ខ្លាំង ហើយ​១០០​ពិន្ទុ មានន័យថា​ស្អាតស្អំ​ខ្លាំង​។ 
 
​កាលពី​ឆ្នាំ២០១៧ កម្ពុជា ទទួលបាន​២១​ពិន្ទុ​។ ដូច្នេះ នៅឆ្នាំ២០១៨ កម្ពុជា បាន​ធ្លាក់​១​ពិន្ទុ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​។ ប៉ុន្តែ ចំណាត់ថ្នាក់ កម្ពុជា ពុំបាន​ធ្លាក់​ទេ ពោលគឺ ឆ្នាំ២០១៧ និង ឆ្នាំ២០១៨ កម្ពុជា នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១៦១ដដែល ក្នុងចំណោម​ប្រទេស​ទាំង​១៨០​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​តម្លាភាព​កម្ពុជា បាន​បញ្ជាក់ថា ទោះបី​កម្ពុជា សម្រេចបាន​លទ្ធផល​ជាក់លាក់​មួយចំនួន​ពី​កិច្ចប្រឹងប្រែង​លើ​កំណែទម្រង់ ដូចជា វិស័យ​អប់រំ ការចុះបញ្ជី​សាជីវកម្ម ការប្រមូល​ចំណូល​ថវិកាជាតិ និង ការផ្តល់​សេវាសាធារណៈ​មូលដ្ឋាន​ក្តី តែ​កិច្ចប្រឹងប្រែង​ទាំងនោះ មិនទាន់​អាច​ផ្លាស់ប្តូរ​ការយល់ឃើញរ​បស់​អ្នកជំនាញ និង​សហគមន៍​អាជីវកម្ម នៅឡើយ​ទេ ជាពិសេស​នៅពេល​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង អំពើពុករលួយ​ផ្នែក​នយោបាយ នៅតែមាន​ទំហំ​ដដែល ឬ អាច​កើនឡើង​នៅក្នុង​ទិដ្ឋភាព​មួយចំនួន​។ 
 
​អង្គការ​តម្លាភាព​កម្ពុ​ជា សង្កត់ធ្ងន់​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​កំណែទម្រង់​ជា​រចនាសម្ព័ន្ធ និង​ជា​ប្រព័ន្ធ​សំខាន់ៗ ជាពិសេស​ទាក់ទង​នឹង​នីតិរដ្ឋ មាន​ភាពប្រសើរឡើង​តិចតួច ឬ​មិន​ប្រសើរឡើង​នោះទេ​»​។ 
 
«​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ  គេ​កត់សម្គាល់​ឃើញថា បរិយាកាស​នយោបាយ មិន​អំណោយផល ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​មួយចំនួន អាចបំពេញ​តួនាទី​បាន​តិចតួច​បំផុត ក្នុងការ​ត្រួតពិនិត្យ​និង​ធានា​តុល្យភាព​អំណាច ដើម្បី​ប្រឆាំងនឹង​អំពើពុករលួយ ខណៈ​យន្ត​ការធានា​គណនេយ្យភាព​ផ្នែក​នយោបាយ ត្រូវបានធ្វើ​ឲ្យ​ធ្លាក់ចុះ​ទន់ខ្សោយ ក្រោយ​រំលាយ​គណបក្សប្រឆាំង​»​។ នេះ​ជាការ​អះអាង​របស់​អង្គការ​តម្លាភាព​កម្ពុជា ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​។ 

លោក ព្រាប កុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានបែបនេះថា៖«អំពើពុករលួយ កាន់តែរីកលូតលាស់ កាលណាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ និង ប្រព័ន្ធសុចរិតភាពមានភាពទន់ខ្សោយ»។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ឆ្លើយតប​ថា ក្រៅតែពី​អង្គការសហប្រជាជាតិ កម្ពុជា មិន​ទទួលយក​របាយការណ៍​ពី​អង្គការ​ណា​ទាំងអស់ ដែល​មក​វាយតម្លៃ​និង​ធ្វើ​ចំណាត់ថ្នាក់​ពី​អំពើពុករលួយ​នេះ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​របាយការណ៍​នេះ យើង​មិន​ឲ្យ​តម្លៃ​ទេ​»​។​
 
​លោក បន្តថា រដ្ឋាភិបាល ខិតខំ​ធ្វើកំណែទម្រង់​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស មាន​សុខសន្តិភាព និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ដែល​នាំមក​នូវ​ភាព​ក្សេមក្សាន្ត​សម្រាប់​ប្រជាជន​។ លោក បន្ថែមថា រដ្ឋាភិបាល មិន​ធ្វើ​អ្វី ដើម្បី​ឲ្យ​អង្គការ​ណា យកទៅ​វាយតម្លៃ​ឬ​ដាក់​ចំណាត់ថ្នាក់​ឲ្យ​នោះទេ​។ 

យ៉ាងណាក៏ដោយ អង្គការតម្លាភាពកម្ពុជា បន្តផ្តល់អនុសាសន៍ខ្លះ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យការកាត់បន្ថយអំពើពុករលួយ កាន់តែមានប្រសិទ្ធភាព។ អនុសាសន៍ទាំងនោះ មានដូចជា ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសការប្រកាសទ្រព្យសម្បត្តិ, ការអនុម័តឲ្យទាន់ពេលនូវបទបញ្ញត្តិ ដែលលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានសាធារណៈ និងការពារបុគ្គលរាយការណ៍, ការពង្រឹងស្ថាប័ន ដែលទទួលខុសត្រូវ ក្នុងការលើកកម្ពស់នីតិរដ្ឋ, ការបង្កបរិយាកាសឲ្យមានការចូលរួមយ៉ាងសកម្មពីអង្គការ-សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រឆាំងនឹងអំពើពុករលួយ, ការបង្កើតយន្តការគណនេយ្យភាព ប្រព័ន្ធត្រួតពិនិត្យ និងធានាតុល្យភាពអំណាចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាដើម៕ 
 

Tag:
 អំពើពុករលួយ​
  TI
© រក្សាសិទ្ធិដោយ thmeythmey.com