ជាតិ
សង្គមជាតិ
NGOអន្តរជាតិ ចាត់ទុកជំនួបជាមួយរដ្ឋាភិបាល គឺជាសញ្ញាវិជ្ជមាន
× អង្គការអន្តរជាតិ ចាត់ទុកជំនួបរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលអន្តរជាតិ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ជាបង្កើនកិច្ចសហការគ្នាកាន់តែល្អនាពេលអនាគត។
អ្នកស្រី Edith van Wijngaarden នាយិកានៃអង្គការ Humanity & Inclusion ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការសន្ទនាគ្នា និងជជែកបន្ថែមជុំវិញចំណុចមួយចំនួន ដែលពួកយើងមិនទាន់បានយល់ច្បាស់ពីគ្នានេះ វាជារឿងមួយល្អសម្រាប់ការបំពេញការងាររវាងភាគីទាំងពី។ អ្នកស្រី Edith ស្នើឲ្យរដ្ឋាភិបាលរៀបចំជំនួបពិភាក្សាទៀងទាត់បែបនេះ ទៅថ្ងៃអនាគតផងដែរ។
អ្នកស្រី Edith van Wijngaarden នាយិកានៃអង្គការ Humanity & Inclusion ប្រចាំប្រទេសកម្ពុជា
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាយិការូបនេះ បាននិយាយដូច្នេះថា៖« ពួកយើងនឹងជជែកគ្នាអំពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលផងដែរ យើងយល់ថាច្បាប់នេះល្អហើយ។ ប៉ុន្តែយើងចង់យល់បន្ថែមនៅចំណុចមួយដែលបានចែង ដើម្បីងាយស្រួលយើងគោរពតាមកាតព្វកិច្ចដែលបានចែងក្នុងច្បាប់»។
លោក Roberto Pavetto ប្រធានផ្នែកហិរញ្ញវត្តុនៃអង្គការ Donbosco កម្ពុជា លោក Roberto Pavetto ប្រធានផ្នែកហិរញ្ញវត្តុនៃអង្គការ Donbosco កម្ពុជា បាននិយាយថា រាជរដ្ឋាភិបាលបានបើកឳកាសឲ្យអង្គការលោក ចូលរួមក្នុងការអភិវឌ្ឍកម្ពុជាតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ តាមរយៈវិស័យអបរំដោយបណ្ដុះបណ្ដាលយុវជនក្រីកលើជំនាញផ្សេងៗ។ រាជរដ្ឋាភិបាលក៏បានជួយគាំទ្រច្រើនដល់អង្គការលោកផងដែរ ដូចជាការមិនយកពន្ធលើសម្ភារៈ និងការសាងសងអាគារសិក្សាជាដើម។ ដូច្នេះវាជាឱកាសល្អបន្ថែមទៀត ដែលរដ្ឋាភិបាលបើក
ឱកាសឲ្យអង្គការ សមាគម បានចូលរួមប្រជុំរកដំណោះស្រាយបញ្ហានេះ។
លោក Roberto Pavetto ប្រធានផ្នែកហិរញ្ញវត្តុនៃអង្គការ Donbosco កម្ពុជា
សម្រាប់កិច្ចប្រជុំនៅក្រសួងការបរទេស នាព្រឹកថ្ងៃទី២៩មករានេះ គឺជាវេទិកាផ្ដល់ឲ្យអង្គការ សមាគមលើយកបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងការអនុវត្ត ច្បាប់និងបទបញ្ញត្តិជាធរមាន ឲ្យកាន់តែមានប្រសិទ្ធភាពសក្តិសមជានីតិរដ្ឋ។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ។ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលបរទេសមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្ត្រាលី ដែលមានគម្រោងសំខាន់ៗផ្តោតលើវិស័យអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន។ ដោយឡែកក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវបន្តសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការដែលនៅមានសុពលភាព MoU ជាមួយក្រសួងការបរទេស ក្នុងកិច្ចប្រតិបត្តិការសកម្មភាពរបស់ពួកគេ។ នេះជាការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេស។
តែយ៉ាងណាលោក ប្រាក់ សុខុន ក៏ស្នើឲ្យអង្គការ សមាគមទាំងអស់ បំពេញការងារដោយចូលរួមដោះស្រាយបញ្ហានានា ដែលស្ថិតនៅត្រឹមដែនកំណត់សិទ្ធិប្រតិបត្តិការរបស់ខ្លួន។ «រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន ហើយតែងឲ្យតម្លៃជានិច្ចដល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលជាផ្នែកមួយដំណើរ ការលទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជារដ្ឋអធិបតេយ្យ និងជាអង្គដែលទទួលបានអាណត្តិស្របច្បាប់តែមួយគត់ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងការដឹកនាំ, រាជរដ្ឋាភិបាលមានបំណងប្រាថ្នាតែមួយគត់ គឺរួមគ្នាធ្វើយ៉ាងណាឲ្យការចូលរួមទាំងនោះប្រព្រឹត្តទៅដោយការគោរពគ្នាទៅវិញទៅមកនូវអាណត្តិកិច្ច និងស្ថិតត្រឹមដែនកំណត់នៃសិទ្ធិ ក្នុងកិច្ចប្រតិបត្តិការរៀងៗខ្លួន»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស៕
Tag:
អង្គការសង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com