អន្តរជាតិ
ដើមឆ្នាំ​២០១៩ ការនាំចេញ​ផលិតផល​របស់​វៀតណាម​ថយចុះ តែ​ការ​នាំចូល​កើនឡើង​
01, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​ការនាំចេញ​ផលិតផល​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ប្រមាណ ១, ៣ ភាគរយ ក្នុង​ខែមករា​ដើមឆ្នាំ​២០១៩​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដែល​ស្មើនឹង ២០ ពាន់​លាន​ដុល្លារ​។ ចំណែក​ការនាំ​ចូល​វិញ​បាន​កើនឡើង​ប្រមាណ ៣,១ ភាគរយ​ឯណោះ ដែល​ស្មើនឹង ២០,៨ ពាន់​លាន​ដុល្លារ​។

 
​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការនាំចេញ​គ្រឿង​អេឡិចត្រូនិក ជា​មូលហេតុ​នៃ​ការធ្លាក់ចុះ​សរុប​របស់​វៀតណាម​។ យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម ការនាំចេញ​ទូរ​សព្ទ​ដៃ​បាន​ធ្លាក់ចុះ​ប្រមាណ ២៧, ៥ ភាគរយ គឺ​មក​ត្រឹម ២, ៩ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​កុំព្យូទ័រ និង​សម្ភារៈ​អេឡិចត្រូនិក​ផ្សេងទៀត បាន​ថយចុះ​ប្រមាណ ៥ ភាគរយ គឺ​មក​ត្រឹម ២,៣ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Vietnam Express  នៅ​ថ្ងៃទី​៣១ ខែមករា​។​
 
​យ៉ាងណាមិញ ការនាំចេញ​ផលិតផល​វាយ​ណ​ភណ្ឌ និង​សំលៀកបំពាក់ បាន​ហក់​ឡើង​ចំនួន ៦,៧ ភាគរយ ដែល​ស្មើនឹង ២, ៧ ពាន់​លាន​ដុល្លារ​។ ជាមួយគ្នានេះ ការនាំចេញ​ស្បែកជើង​គិត​ជា​ទឹកប្រាក់​ស្មើនឹង ១,៦ ពាន់​លាន​ដុល្លារ ដែល​កើនឡើង ១២,៨ ភាគរយ​។ ចំណែកឯ ការនាំចេញ​គ្រឿងយន្ត​ផ្សេងទៀត បាន​កើនឡើង​ប្រមាណ ១៥,២ ភាគរយ គឺ​ស្មើនឹង ១,៤ ពាន់​លាន​ដុល្លារ​។ 
 
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​ជាទី​ផ្សារ​នាំចូល​ដ៏​ធំ​បំផុត​របស់​វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់ ៤ ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ និង​ចុងក្រោយ​គឺ​សហភាព​អឺរ៉ុប​ក្នុង​ទំហំ​ទឹកប្រាក់ ៣,២ ពាន់​លាន​ដុល្លារ​។ ចំណែកឯ​ការនាំចេញរ​បស់​វៀតណាម​ទៅកាន់​ប្រទេសជិតខាង ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺមាន​ត្រឹមតែ ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​វៀត​ណា​ម ការនាំចេញ​របស់​កាល​ពី​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់ ២៤៤,៧២ ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ ១៣,៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ រីឯ​ការនាំ​ចូល​វិញ​គឺមាន​ចំនួន ២៣៧, ៥១ ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ​ផ្តល់​ឲ្យ​វៀតណាម​នូវ​អតិរេក​ពាណិជ្ជកម្ម (​ផល​លើស​) ខ្ពស់បំផុត​ក្នុង​កំណត់ត្រា​របស់ខ្លួន ដែល​ស្មើនឹង ៧,២១ ពាន់​លាន​ដុល្លារ​ឯណោះ​៕
 

Tag:
 ​វៀតណាម​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com