អន្តរជាតិ
បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជិត​ផុត លោក ត្រាំ ថា​ចង់​ជួប​មេដឹកនាំ​ចិន​
01, Feb 2019 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ពេល​កំណត់​នៃ​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ខិត​កៀក​មកដល់ ពោលគឺ​ត្រូវ​នឹង​ថ្ងៃទី​១ ខែមីនា​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​ចង់​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង ដើម្បី​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​មួយ ក្នុង​គោលដៅ​បិទ​បញ្ចប់​ភាព​តានតឹង​ពាណិជ្ជកម្ម​។

 
​ថ្លែង​នៅ​ចំពោះមុខ​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He អំឡុង​ជំនួប​នៅ​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃទី​៣១ ខែមករា លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មាន​សុទិដ្ឋិនិយម​ថា​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​អាច​នឹង​ឈានដល់​ការបង្កើត​កិច្ចព្រមព្រៀង​ដ៏​ធំ​បំផុត​មួយ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ លើសពីនេះ លោក​ក៏បាន​បញ្ជាក់ទៀតថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នា​ខែក្រោយ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បន្ថែម​ពី​ការ​បង្ហើប​ពី​បំណង​ចង់​ជួប​មេដឹកនាំ​ចិន លោក ត្រាំ ក៏បាន​អះអាង​ទៀតថា លោក​ស៊ី ជិន​ភីង បាន​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្តូរ​គោលនយោបាយ​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន រួមមាន ការបើកចំហ​ទីផ្សារ​ចិន​កាន់តែ​ធំ​ទៅកាន់​ក្រុមហ៊ុន​អាមេរិក និង​ទិញ​ផលិតផល​ពី​អាមេរិក​បន្ថែមទៀត​។​
 
​ទោះបីជា​ពុំទាន់​មាន​គម្រោង​ច្បាស់លាស់​ណាមួយ សម្រាប់​ជំនួប​ជាមួយ​លោក ស៊ី ក្តី លោក​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់ថា ជំនួប​ជាមួយ​មេដឹកនាំ​ចិន អាច​នឹងមាន​ច្រើនជាង​មួយ​លើក នាពេលខាងមុខ​ឆាប់ៗ​នេះ​។ ការលើកឡើង​របស់លោក​ត្រាំ គឺធ្វើឡើង​បន្ទាប់ពី​ជំនួប​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់ រយៈពេល​ពីរ​ថ្ងៃ​ជាមួយ​ភាគី​ចិន​ដែល​ទើបតែ​បាន​បិទ​បញ្ចប់ ដោយ​លោក​បាន​អះអាងថា ជំនួប​នេះ​ទទួលបាន​ផ្លែផ្កា​ល្អ​។​
 
​ជាមួយគ្នានេះដែរ ក្រោយ​បញ្ចប់​ជំនួប​កម្រិត​ខ្ពស់​រយៈពេល​ពីរ​ថ្ងៃ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី​ចិន លោក Liu He ដែលជា​អ្នកចរចា​ពាណិជ្ជកម្ម​របស់​ក្រុង​ប៉េកាំង​ផង​នោះ បាន​ប្រា​ប់លោក​ត្រាំ​ថា ចិន​នឹង​បញ្ជា​ទិញ​សណ្តែកសៀង​របស់​អាមេរិក​ប្រមាណ ៥ លាន​តោន​ក្នុង​មួយថ្ងៃ​បន្ថែមទៀត​។  ចំនួន​នេះ​គឺ​កើនឡើង​ទ្វេដង​ពី​បរិមាណ​ដែល​ចិន​បាន​ទិញ ចាប់តាំងពី​ខ្លួន​ចាប់ផ្តើម​បញ្ជា​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​ឡើងវិញ កាលពី​ខែធ្នូ​កន្លងទៅ​។​
 
​ខណៈ​ចិន​បង្កើន​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​, ថាមពល​, និង​ផលិតផល​ផ្សេងៗ​ទៀត​ក្នុង​គោលដៅ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ភាគី​អាមេរិក​ក៏បាន​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​រសើប​មួយចំនួន​ផងដែរ​។ សហរដ្ឋអាមេរិក​ទាម​ទារ​ឲ្យ​ចិន​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​ក្រុមហ៊ុន​អាមេរិក និង​បញ្ចប់​គោលនយោបាយ​ដែល​ក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់ថា បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ទៅដល់​ក្រុមហ៊ុន​ចិន​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ សេត​វិមាន​អាមេរិក​បាន​គូសបញ្ជាក់ថា ការដំឡើង​ពន្ធ​ពី ១០ ភាគរយ​ទៅ ២៥ ភាគរយ​លើ​ទំនិញ​ចិន ២០០ ពាន់​លាន​ដុល្លារ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២ ខែមីនា នឹងត្រូវ​អនុវត្ត ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ អាច​សម្រេចបាន​ត្រឹម​ថ្ងៃទី​១ ខែមីនា​ទេនោះ​។ ទាក់ទិន​នឹង​រឿងនេះ លោក ត្រាំ ក៏បាន​បង្ហាញ​ជំហរ​ថា លោក​នឹងមិន​ពន្យារ​កាលកំណត់​នៃ​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះឡើយ​។  ត្រង់ចំណុច​នេះ លោក​លើកឡើងថា​៖«​ខ្ញុំ​គិតថា​នៅពេល​ខ្ញុំ​និង​ប្រធានាធិបតី​ស៊ី​ជួបគ្នា​នោះ គ្រប់​ចំណុច​ទាំងអស់​នឹងត្រូវ​បាន​យល់ព្រម​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ លោក ត្រាំ និង​លោក ស៊ី បាន​យល់ព្រម​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក រយៈពេល​៩០​ថ្ងៃ ហើយ​ពេលវេលា​កំណត់​នៃ​បទ​ឈប់​បាញ់​នេះ គឺ​ត្រូវ​នឹង​ថ្ងៃទី​១ ខែមីនា​ខាងមុខ ពោលគឺ​នៅសល់តែ​មួយខែ​ទៀត​ប៉ុណ្ណោះ​។ គោលបំណង​នៃ​ការបង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម គឺ​ដើម្បី​ទុកពេល​ឲ្យ​ភាគី​ទាំងពីរ​បង្កើត​ការចរចា​ពាណិជ្ជកម្ម ក្នុង​គោលដៅ​រក​ច្រក​ផ្លូវ​ដោះស្រាយ​ជម្លោះ​ដ៏​តានតឹង​មួយ​នេះ​។ 
 
​ក្រោយពី​ការយល់ព្រម​ផ្អាក​ដំឡើង​ពន្ធ​លើ​ទំនិញ​គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​រវាង​មហាអំណាច​ទាំងពីរ​នេះ ជំនួប​ចរចា​ពាណិជ្ជកម្ម​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​។ លទ្ធផល​វិជ្ជមាន​ជាច្រើន​ក៏បាន​លេចឡើង​ផងដែរ​ក្រោយ​ជំនួប​ទាំងនេះ​។ តួយ៉ាង ដូច​បានលើកឡើង​ហើយ ចិន​បាន​បង្កើន​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក និង​ក៏មាន​ជំហរ​កែប្រែ​គោលនយោបាយ​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ការពារ​កម្មសិទ្ធិបញ្ញា និង​ការបង្ខំ​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ដែលជា​បញ្ហា​រសើប​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
  ដូ​ណា​ល់​ត្រាំ​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com