កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការក្រុម ដែលដឹកនាំបង្វឹកកីឡាករផ្ទាល់ លោក ប្រាក់ សុវណ្ណារ៉ា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយតែងតាំងឲ្យធ្វើជាអ្នកចាត់ការក្រុមរបស់ប៉ូលិស
× លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកចាត់ការក្រុម(Team Manager)របស់ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)សម្រាប់រដូវកាលឆ្នាំ២០១៩។ សម្រាប់តួនាទីនេះ លោក ត្រូវមានទំនួលខុសត្រូវខ្ពស់លើផ្នែកបច្ចេកទេស ទាំងការរៀបចំដាក់ផែនការ និងដឹកនាំបង្វឹកកីឡាករដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់អតីតគ្រូបង្វឹកដឹកនាំឲ្យបឹងកេតលើកពានលីកកំពូលឆ្នាំ២០១៦រូបនេះ។
វាអាចជាលើកដំបូងសម្រាប់ក្លិបបាល់ទាត់នៅកម្ពុជា ដែលមានអ្នកចាត់ការក្រុម ឬហោថា Team Manager ជាអ្នកដឹកនាំការបង្វឹកកីឡាករដោយផ្ទាល់នៅលើទីលាន។ តែសម្រាប់លោក ប្រាក់ សុវណ្ណារ៉ា បញ្ហានេះវាជារឿងធម្មតាទៅហើយសម្រាប់ក្លិបធំៗនៅលើពិភពលោក។ ព្រោះពាក្យ Team Manager ត្រូវបានក្លិបធំៗនៅអង់គ្លេស និងអឺរ៉ុបមួយចំនួនប្រើជំនួសពាក្យគ្រូបង្វឹក ឬហៅថា Head Coach។
លោក ប្រាក់ សុវណ្ណារ៉ា ដែលទើបកាន់តំណែងជាអ្នកចាត់ការក្រុម បានពន្យល់ថា៖«ក្លិបទាំងអស់កន្លងមកមានអ្នកចាត់ការក្រុម(Team Manager) និងគ្រូបង្វឹក(Head Coach)។ ប៉ុន្តែតួនាទីក្នុងក្លិបអគ្គស្នងការនគរបាលជាតិ គឺអត់មាន Head Coach ទេ មានតែគ្រូបង្ហាត់ ឬហៅថា Coach។ ដូច្នេះពាក្យ Head Coach គឺប្រទេសធំៗនៅលើពិភពលោក ដូចជា នៅអង់គ្លេស ពិសេសនៅអឺរ៉ុប គេឲ្យឈ្មោះថា Team Manager»។
នៅពេលសួរពីតួនាទីរបស់អ្នកចាត់ការក្រុមក្នុងក្លិប អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា៖«និយាយជារួមខ្ញុំទទួលខុសត្រូវខ្ពស់ចំពោះការហ្វឹកហាត់ ទាក់ទងលទ្ធផល និងទាក់ទងសព្វបែបយ៉ាង និយាយឲ្យចំផ្នែកបច្ចេកទេស។ គ្រាន់តែយើងប្តូរពី Head Coach មកជា Team Manager។ ពាក្យថាអ្នកចាត់ការក្រុម គឺរឿងសំខាន់ទទួលខុសត្រូវទាំងស្រុងលើផ្នែកបច្ចេកទេស មានន័យថា យើងជាអ្នករៀបចំនិងដាក់ផែនការ និងបង្ហាត់»។
អតីតគ្រូបង្វឹកដឹកនាំក្លិបបឹងកេតឈ្នះពានលីកកំពូលឆ្នាំ២០១៦រូបនេះបានចាត់ទុកការផ្តល់តួនាទីជាអ្នកចាត់ក្រុមពីសំណាក់ថ្នាក់ក្លិបប៉ូលិសនេះថា វាជាមោទកភាព និងជារបត់ថ្មីមួយក្នុងការជំរុញឲ្យក្លិបនេះដើរតាមស្តង់ដារអន្តរជាតិ មុនឈានដល់ការទទួលស្គាល់ជាក្លិបអាជីពពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។ តួនាទីនេះ ក៏អាចជាកត្តាជួយជំរុញឲ្យឈានទៅរកការបញ្ចប់ថ្នាក់គ្រូបង្វឹក Pro-License សម្រាប់គ្រូបង្វឹករូបនេះនាពេលខាងមុខផងដែរ។
លោក សុវណ្ណារ៉ា រំពឹងថា ក្លិបទាំងអស់នៅកម្ពុជានឹងយល់ដឹងពីសារសំខាន់ពីតួនាទីនិងភារកិច្ចរបស់អ្នកចាត់ក្រុមក្នុងការអភិវឌ្ឍបាល់ទាត់ទាំងនៅលើទីលាននិងក្រៅទីលាន។ បច្ចុប្បន្នពិភពលោកឲ្យតម្លៃ៦០ភាគរយ លើការបណ្តុះបណ្តាលបច្ចេកទេស នៅក្រៅទីលាន។ ជាមួយគ្នានេះ លោកសង្ឃឹមក្លិបទទួលបានលទ្ធផលនៅរដូវកាលនេះ។
គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកចាត់ក្រុមរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈលោក សារ៉េត ស៊ីដន ជាជំនួយការ Team Manager។ ការតែងតាំងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា។ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញពីសមាសភាពកីឡាករ និងសម្លៀកបំពាក់សម្រាប់រដូវកាលថ្មីផងដែរ៕
Tag:
បាល់ទាត់
ប្រាក់ សុវណ្ណារ៉ា
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com