អន្តរជាតិ
ស្រីលង្កាចង់ខ្ចីលុយចិន១ពាន់លានដុល្លារបន្ថែមសម្រាប់គម្រោងហេដ្ឋរចនាសម្ព័ន្ធថ្មី
× ស្រីលង្កា ដែលទើបតែប្រគល់កំពង់ផែយុទ្ធសាស្ត្រមួយទៅឲ្យចិនដើម្បីដោះបំណុលនោះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីលុយចំនួន ១ ពាន់លានដុល្លារជាមួយចិនបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។ សម្រាប់កម្ចីថ្មីនេះ រដ្ឋាភិបាលស្រីលង្កាគ្រោងនឹងយកទៅប្រើប្រាស់លើគម្រោងផ្លូវល្បឿនលឿនដ៏សំខាន់មួយ ដែលត្រូវបានពន្យារពេលសាងសង់ជាច្រើនឆ្នាំមកហើយ ។
គម្រោងផ្លូវល្បឿនលឿនដែលភ្ជាប់រដ្ឋធានីកូឡំបូទៅនឹងតំបន់ទេសរចណ៍សម្បូរដោយជួរភ្នំឈ្មោះថា Kandy របស់ស្រីលង្កា ត្រូវបានពន្យារពេលជាង ២ ឆ្នាំមកហើយ ដោយសារតែរដ្ឋាភិបាលខ្វះលុយសម្រាប់សាងសង់។ យោងតាមសារព័ត៌មាន Times of India អគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិន លោក Karunasena Kodituwakku បាននិយាយកាលពីថ្ងៃសុក្រ ទី១ ខែកុម្ភៈថា លុយ១ពាន់លានដុល្លារដែលត្រៀមខ្ចីពីចិននេះ នឹងត្រូវយកទៅចំណាយលើការសាងសង់ផ្លូវល្បឿនលឿនដំណាក់កាលទី១។ ចំណែកឯដំណាក់កាលបន្តបន្ទាប់ទៀត នឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុនស្រីលង្កា និងដោយកម្ចីពីជប៉ុន។
ទន្ទឹមនឹងគ្នានេះដែរ លោកអគ្គរដ្ឋទូតស្រីលង្ការូបនេះបានអរគុណដល់ភាគីចិន ដែលបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ស្រីលង្កាទាំងកម្ចីសម្រាប់គម្រោងរយៈពេលវែង និងតម្រូវការចាំបាច់ប្រចាំថ្ងៃ។ លើសពីនេះ លោក Kodituwakku ក៏បានបង្ហើបទៀតថា រដ្ឋាភិបាលកំពុងចរចាជាមួយធនាគាររបស់ចិនសម្រាប់កម្ចីរយៈពេលខ្លីផងដែរ។
ទាក់ទិននឹងការចោទប្រកាន់ថា ជំនួយផ្នែកហិរញ្ញវត្ថុរបស់ចិននឹងធ្វើឲ្យស្រីលង្កាធ្លាក់ចូលក្នុងអន្ទាក់បំណុលនោះ មន្ត្រីទូតជាន់ខ្ពស់របស់ស្រីលង្ការូបនេះបានបកស្រាយថា៖«យើងពុំយល់ស្របជាមួយរឿងនេះឡើយ។ ចិនមិនធ្លាប់បង្ខំយើងឲ្យទទួលយកកម្ចីនោះទេ។ ប្រសិនបើមានអ្វីខុសឆ្គងជាមួយកម្ចីទាំងនេះ វាគឺជាទំនួលខុសត្រូវរបស់យើង។ វាមិនយុត្តិធម៌នោះទេដែលទម្លាក់កំហុសលើចិន ឬក៏ប្រទេសដ៏ទៃទៀតនោះ ដោយនិយាយថា ស្រីលង្កាជាជនរងគ្រោះ»។
មែនទែនទៅ ភាគច្រើននៃបំណុលបរទេសរបស់ស្រីលង្កាគឺមកពីប្រទេសចិន។ បច្ចុប្បន្ននេះស្រីលង្កាត្រូវបានរាយកាណ៍ថា ជំពាក់បំណុលចិនប្រមាណ ៨ ពាន់លានដុល្លារឯណោះ។ ក្នុងក្រសែភ្នែករបស់ក្រុងប៉េកាំង ស្រីលង្កាគឺជាចំណុចភ្ជាប់ដ៏សំខាន់មួយ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមារបស់ខ្លួន ដែលត្រូវគេស្គាល់ថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងវិថីមួយ» ។
គួររម្លឹកផងដែរថា ស្រីលង្កា កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅ បានសម្រេចប្រគល់កំពង់ផែទឹកជ្រៅ Hambantota ទៅឲ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល ៩៩ ឆ្នាំ ដោយសារតែខ្លួនពុំមានសមត្ថភាពសងបំណុលចិនសម្រាប់គម្រោងតម្លៃ ១,៤ ពាន់លានដុល្លារនេះ៕
Tag:
ចិន. ស្រីលង្កា
BRI
© រក្សាសិទ្ធិដោយ thmeythmey.com