អន្តរជាតិ
ជប៉ុន​គាំទ្រ​ការដើរ​ចេញ​របស់​អាមេរិក​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​
04, Feb 2019 , 5:40 pm        
រូបភាព
រូបភាព The Japan Times
រូបភាព The Japan Times
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បានប្រកាស​ជំហរ​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក ក្នុងការ​ដើរចេញ​ពីស​ន្ធិ​សញ្ញា​គ្រប់គ្រង​ស​ព្វា​អាវុធ ដែល​បាន​បង្កើតឡើង​កាលពី​សម័យ​សង្គ្រាមត្រជាក់​ជាមួយ​សហភាពសូវៀត (​រុស្ស៊ី​)​។ ប៉ុន្តែ​ក្រុង​តូ​ក្យូ​បាន​សង្កត់ធ្ងន់ថា ខ្លួន​មិនសូវ​ជា​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សន្ធិសញ្ញា​នេះឡើយ​។

 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ចន្ទ ទី​០៤ ខែកុម្ភៈ លោក Yoshihide Suga នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​គាំទ្រ​គោលជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​បានប្រកាស​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​ការលើកឡើង​របស់​អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជប៉ុន​រូបនេះ គឺធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ដោយបាន​ប្រកាសថា សហរដ្ឋអាមេរិក​បាន​ផ្តល់ដំណឹង​ទៅកាន់​រុស្ស៊ី​ជា​ផ្លូវការ ជុំវិញ​គោលបំណង​របស់ខ្លួន​ក្នុង​ការដើរ​ចេញពី​សន្ធិ​សញ្ញា INF ឆ្នាំ​១៩៨៧​។ សម្រាប់​ការដើរ​ចេញ​នេះ លោក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​រំលោភបំពាន​លើ​សន្ធិសញ្ញា​នេះ ដែល​ហាមឃាត់​ក្នុងការ​កាន់កាប់​ប្រភេទ​មី​ស៊ី​ល ដែល​អាច​បាញ់​ពីលើ​ផ្ទៃដី​ក្នុង​រយៈ​ចម្ងាយ​ពី ៥០០ ទៅ ៥៥០០ គីឡូម៉ែត្រ​។ 
 
​បើតាម​សារព័ត៌មាន​ដដែល លោក Suga បាន​និយាយទៀតថា​៖«​ដោយសារតែ​សន្ធិសញ្ញា​នេះ​បាន​ដើរតួរ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​សព្វាវុធ​នោះ វា​ពុំ​សូវ​ជា​រឿង​ល្អ​ប៉ុន្មាន​ទេ ដែល​សន្ធិសញ្ញា​នេះ​នឹងត្រូវ​បញ្ចប់​នោះ​»​។ ជប៉ុន​ជឿជាក់ថា វា​ពិតជា​ចាំបាច់​ក្នុងការ​ពិចារណា​ចំពោះ​ការអភិវឌ្ឍន៍ និង​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ដោយ​ប្រទេស​ផ្សេងៗ​ទៀត ក្រៅពី​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។ ត្រង់ចំណុច​នេះ លោក​ចង់​សំដៅ​ទៅកាន់​ប្រទេស​ចិន​តែម្តង​។ 
 
«​បញ្ហា​មី​ស៊ី​ល​ស្ថិតក្រោម​សន្ធិសញ្ញា​នេះ គឺ​ជាប់ទាក់ទង​ដោយផ្ទាល់​ទៅនឹង​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ជប៉ុន​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ រួមមាន រុស្ស៊ី និង​ចិន ខណៈ​ខ្លួន​កំពុង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Suga ៕​
 

Tag:
 រុស្ស៊ី​
  ជប៉ុន​
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com