អន្តរជាតិ
តើ​តំបន់​ស្វយ័ត​ទាំង​ប្រាំ​របស់​ចិន​មាន​អ្វីខ្លះ​?
05, Feb 2019 , 8:19 pm        
រូបភាព
រូបភាព៖ ANU
រូបភាព៖ ANU
ដោយ:
​ចិន មាន​ផ្ទៃដី​ធំ​បំផុត​លំដាប់​ទី​បួន​លើ​ពិភពលោក​ដែលមាន​ទំហំ​សរុប​ចំនួន ៩ ៥៩៦ ៩៦១ គីឡូម៉ែត្រ​ការ៉េ​។  ជាមួយ​ផ្ទៃដី​ដ៏​ធំ​បែបនេះ ប្រទេស​នេះ​ត្រូវបាន​បែងចែក​ជា ខេត្ត​ចំនួន ២៣, តំបន់​ស្វយ័ត​ចំនួន​ប្រាំ​, ទីក្រុង​ពិសេស​ចំនួន បួន មាន​សៀង​ហៃ​, ចុង​ឈី​ង​, ធាន​ជីន​, ប៉េកាំង និង​តំបន់​រដ្ឋបាល​ពិសេស​ចំនួន​ពីរ​មាន​ហុងកុង និង​ម៉ា​កាវ​។ ក្នុងប្រទេស​ចិន តំបន់​ស្វយ័ត​ជា​តំបន់​ដែលមាន​រដ្ឋាភិបាល​ថ្នាក់​តំបន់​ផ្ទាល់ខ្លួន និង​ស្ថិតក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​។ បន្ថែម​ពីនេះ តំបន់​ស្វយ័ត​ត្រូវបាន​បង្កើតឡើង សម្រាប់​ក្រុម​ជនជាតិភាគតិច​។ ខាងក្រោម​នេះ គឺជា​តំបន់​ស្វយ័ត​ទាំង​ប្រាំ​របស់​ចិន​៖

 
១. ស៊ីន​ជាំ​ង (Xinjiang)
 
​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ស៊ីន​ជាំ​ង គឺជា​តំបន់​ស្វយ័ត​ធំ​បំផុត​របស់​ចិន ជាមួយ​ផ្ទៃដី​សរុប​ប្រមាណ ១ ៦៦០ ០០០ គីឡូម៉ែត្រ​ការ៉េ​។ តំបន់​នេះ​មាន​ប្រជាជន​សរុប​ចំនួន ២២,១​លាន​នាក់ (​ទិន្នន័យ​ធនាគារ ADB ឆ្នាំ ២០១៧)​។ 
 
២. ទី​បេ (Tibet) 
 
​ស្ថិតនៅ​ភាគ​នីរ​តី ទី​បេ គឺជា​តំបន់​ស្វ័​យ័​ត​ធំ​លំដាប់​ទី​ពីរ​របស់​ចិន ជាមួយ​ផ្ទៃដី​សរុប​ប្រមាណ ១ ២២៨ ៤០០ គីឡូម៉ែត្រ​ការ៉េ​។ តំបន់​នេះ​មាន​ប្រជាជន​សរុប​ចំនួន ៣,៣ លាន​នាក់ (​ឆ្នាំ​២០១៦)​។ ទី​បេ ត្រូវបាន​បង្កើតជា​តំបន់​ស្វយ័ត​ក្នុង​ឆ្នាំ​១៩៦៥​។ អ្វីដែល​សំខាន់ ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​លោក Everest មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ព្រំដែន​រវាង​តំបន់​ទី​បេ និង​ប្រទេស​នេ​ប៉ាល់​។ ភ្នំ Everest មាន​កម្ពស់​ប្រមាណ ៨ ៨៥០ ម៉ែត្រ​។ 
 
៣. ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) 
 
​ម៉ុង​ហ្គោ​លី​ខាងក្នុង គឺជា​តំបន់​ស្វយ័ត​មួយ​របស់​ចិន ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​។ តំបន់​នេះ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ម៉ុង​ហ្គោ​លី និង​រុស្ស៊ី​។ ម៉ុង​ហ្គោ​លី​ខាងក្នុង មាន​ផ្ទៃដី​សរុប​ប្រមាណ ១ ១៨៣ ០០០ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប​ជាង ២៤ លាន​នាក់ (​ឆ្នាំ​២០១០)​។ វា​ត្រូវបាន​បង្កើតជា​តំបន់​ស្វ័​យ័​ត​ក្នុង​ឆ្នាំ​១៩៤៧​។​
 
៤. គ័ង​ស៊ី (Guangxi)
 
​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន តំបន់​ស្វយ័ត​គ័ង​ស៊ី​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​។ តំបន់​នេះ​មាន​ផ្ទៃដី​សរុប ២៣៦ ៧០០ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប​ជាង ៤៨ លាន​នាក់ (​ឆ្នាំ​២០០៩)​។ គ័ង​ស៊ី​ត្រូវបាន​បង្កើតជា​តំបន់​ស្វយ័ត​ក្នុង​ឆ្នាំ​១៩៥៨​។ 
 
៥. និង​សៀ (Ningxia) 
 
​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន និង​សៀ ជា​តំបន់​ស្វយ័ត​តូច​ជាងគេ​បង្អស់​របស់​ចិន ជាមួយ​ផ្ទៃដី​សរុប ៦៦ ០០០ គីឡូម៉ែត្រ​ការ៉េ​។ តំបន់​នេះ​មាន​ប្រជាជន​សរុប​ជាង ៦ លាន​នាក់ (​ឆ្នាំ​២០០៩) ហើយ​វា​ត្រូវបាន​បង្កើតជា​តំបន់​ស្វយ័ត​ក្នុង​ឆ្នាំ​១៩៥៨៕ 
 
 

Tag:
 តំបន់​ស្វយ័ត​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com