អន្តរជាតិ
បញ្ហា​ផ្សែង​ពុល​៖ លោក ប្រា​យុទ្ធ ចេញ​បញ្ជា​បិទ​រោងចក្រ​៦០០​ជា​បណ្តោះអាសន្ន​
06, Feb 2019 , 10:19 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី ៥ ខែកុម្ភៈ បានចេញ​បញ្ជា​បិទ​រោងចក្រ​ប្រមាណ ៦០០ ទីតាំង​ជា​បណ្តោះអាសន្ន​សិន ក្រោយ​រកឃើញថា រោងចក្រ​ទាំងនោះ​បា​នប​ញ្ចេ​ញ​ផ្សែង​ពុល​ក្នុង​កម្រិត​គ្រោះថ្នាក់​។ លើសពីនេះ​លោក​បាន​ព្រមាន​ទៀតថា រោងចក្រ​មួយចំនួន​ផ្សេងទៀត​ក៏​អាច​នឹងត្រូវ​ផ្អាក​ប្រតិបត្តិការ​ដូចគ្នា ប្រសិនបើជា​រឿង​ចាំបាច់​ដើម្បី​សម្រួល​ស្ថានភាព​ខ្យល់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​នៅក្បែរៗ​នោះ​។

 
​ទាក់ទិន​នឹង​ការបញ្ចេញ​ផ្សែង​ពុល​ពី​រោងចក្រ លោក ប្រា​យុទ្ធ បាន​និយាយថា ក្រោយ​ត្រួតពិនិត្យ​លើ​រោងចក្រ​ប្រមាណ ១០ ម៉ឺន​ទីតាំង អាជ្ញាធរ​ថៃ​បាន​រកឃើញថា រោងចក្រ​ចំនួន ១៧០០ ទីតាំង បាន​បញ្ចេញ​ផ្សែង​ពុល​ក្នុង​កម្រិត​គ្រោះថ្នាក់​។ ជា​លទ្ធផល លោក ប្រា​យុទ្ធ បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​រោងចក្រ​ត្រឹម ៦០០ ទីតាំង​សិន រហូតដល់​ពួកគេ​កែសម្រួល​ប្រព័ន្ធ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឲ្យ​កាន់តែ​ប្រសើរ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ថៃ The Nation  លោក ប្រា​យុទ្ធ បាន​បញ្ជា​ឲ្យ​ក្រសួង​ដឹកជញ្ជូន​ថៃ​រក​ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​កម្រិត​ខ្យល់​កខ្វក់ ក្នុងនោះ​រួមមាន ហាមឃាត់​ការប្រើប្រាស់​រថយន្ត​ចាក់​ម៉ា​សូត និង​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ជាដើម​។ នេះ​ក៏​ដោយសារតែ​យានយន្ត​គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​ខ្យល់​កខ្វក់​នៅ​ទីក្រុង​បាងកក​។ 
 
​ទន្ទឹមនឹង​គ្នា​នេះដែរ នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាជន​កុំ​ចាត់ទុក​ប្រតិបត្តិ​ការបាញ់​ទឺ​ក​ទៅក្នុង​ខ្យល់​របស់​អាជ្ញាធរ​ជា​រឿង​លេងសើច ព្រោះថា​យ៉ាងហោចណាស់​វា​អាច​កាត់បន្ថយ​កម្រិត​ផ្សែង​ពុល​នៅក្នុង​ខ្យល់​បាន​ផងដែរ​។​
 
​សូមបញ្ជាក់ថា សាលាក្រុង​បាងកក​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥ ខែកុម្ភៈ​ថា មានតែ​សង្កាត់​មួយ​ប៉ុណ្ណោះ​ក្នុង​រាជធានី​បាងកក គឺ​សង្កាត់ Bang Khen ដែលមាន​កម្រិត​បំណុល PM2.5 លើសពី​កម្រិត​សុវត្ថិភាព ៥០ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​។ ទោះបីជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ថៃ​ក៏បាន​ព្រមាន​ទៀតថា ផ្សែង​ពុល​អាច​នឹងមាន​កម្រិត​ពុល​កាន់តែខ្លាំង គិត​ចាប់​ពីថ្ងៃ​ពុធ ដល់ ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ និង​ចាប់​ពីថ្ងៃ​ពុធ ដល់ ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​៕
 

Tag:
 ថៃ​
  ខ្យល់​កខ្វក់​
  ប្រា​យុទ្ធ​ចាន់​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com