អន្តរជាតិ
UN ថា អឺរ៉ុប​អាច​ទាញយក​ចំណេញ​ច្រើនជាងគេ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​
07, Feb 2019 , 8:39 am        
រូបភាព
រូបភាព AP
រូបភាព AP
ដោយ:
​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​អឺរ៉ុប ទំនងជា​ទទួលបាន​ផលចំណេញ​ច្រើនជាងគេ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន ដែល​បាន​ឆាបឆេះ​ឡើង​ចាប់តាំងពី​ឆ្នាំ ២០១៧ មក​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​ពាណិជ្ជកម្ម​រប​ស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ០៤ ខែកុម្ភៈ ។ យ៉ាងណាមិញ របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា ប្រទេស​ទាំង​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​វិវាទ​ពាណិជ្ជកម្ម​ដ៏​តានតឹង​មួយ​នេះ គឺជា​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​តែម្តង​។​


​សន្និសីទ​របស់​អង្គការសហប្រជាជាតិ សម្រាប់​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍន៍ ឬ​ហៅ​កាត់​ថា UNCTAD​បាន​ប៉ាន់​ស្មានថា ប្រមាណ ៨២ ភាគរយ​នៃ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ ដែល​ប​ច្ច​ប្បន្ន​ជាប់ពន្ធ​របស់​អាមេរិក នឹងត្រូវ​ដណ្តើមយក​ដោយ​ក្រុមហ៊ុន​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្រៅពី​សហរដ្ឋអាមេរិក ឬ​ចិន​។ ក្នុងនោះ​ត្រឹម ១២ ភាគរយ​ប៉ុណ្ណោះ​នឹងត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​។ 

​ដូចគ្នា​អ៊ីចឹង​ដែរ ប្រមាណ ៨៥ ភាគរយ​នៃ​ទំនិញ​អាមេរិក​តម្លៃ ១១០ ពាន់​លាន​ដុល្លារ ដែល​ជាប់ពន្ធ​របស់​ចិន នឹងត្រូវ​ដណ្តើមយក​ដោយ​ក្រុមហ៊ុន​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្រៅពី​មហាអំណាច​ទាំងពីរ​នេះ​។ ក្នុងនោះ​ត្រឹម ១០ ភាគរយ​ប៉ុណ្ណោះ នឹងត្រូវ​ក្តោប​ក្តាប់​ដោយ​ក្រុមហ៊ុន​អាមេរិក​។ យោងតាម​របាយការណ៍​ខាងលើ បណ្តា​ប្រទេស​ដែល​អាច​ទទួលផល​ចំណេញ​ច្រើន​ពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​គឺជា​ប្រទេស​ដែលមាន​សមត្ថភាព​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​គ្រប់គ្រាន់​អាច​ជំនួស​ក្រុមហ៊ុន​ចិន​និង​អាមេរិក​បាន​។ 

​ត្រង់ចំណុច​នេះ UNCTAD បាន​ប៉ាន់ប្រមាណ​ថា ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប​នឹង​ហក់​ឡើង​យ៉ាងខ្លាំង  ដ្បិត​អាច​ដណ្តើមយក​ការនាំចេញ​ផលិតផល​ក្នុង​ទំហំ​ទឹកប្រាក់ ៧០ ពាន់​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក​និង​ចិន ដែល​កំពុង​តានតឹង​។ បណ្តា​ក្រុមហ៊ុន​របស់​អឺរ៉ុប អាច​ដណ្តើម​កាន់កាប់​ការនាំចេញ​ទំនិញ​ពី​ចិន​ទៅកាន់​អាមេរិក​ដល់​ទៅ ៥០​ពាន់​លាន​ដុល្លារ និង​២០​ពាន់​លាន​ដុល្លារ​ពី​ការនាំ​ចេញពី​អាមេរិក​ទៅកាន់​ចិន​។ ចំណែក ជប៉ុន​, ម៉ិ​ក​ស៊ិ​ក និង​កាណាដា នឹង​ដណ្តើមបាន​ជាង ២០ ពាន់​លាន​ដុល្លារ​រៀងៗ​ខ្លួន​ផងដែរ​។​

​យ៉ាងណាមិញ របាយការណ៍​ដដែល​នេះ បានបង្ហាញ​ទៀតថា ខណៈ​តម្លៃ​នៃ​សង្វាក់​ផលិតកម្ម​របស់​តំបន់​អាមេរិក​ខាងជើង និង​អាស៊ី​បូព៌ា​កំពុង​រង​ឥទ្ធិពល​អវិជ្ជមាន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម តម្លៃ​នៃ​សង្វាក់​ផលិតកម្ម​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​ក៏​នឹងត្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក​ផងដែរ​។ តួយ៉ាង ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​បូព៌ា ត្រូវ​របាយការណ៍​នេះ​បាន​ប៉ាន់​ស្មានថា នឹងត្រូវ​កាត់បន្ថយ​ប្រមាណ ១៦០ ពាន់​លាន​ដុល្លារ​ឯណោះ​។ 

​ជា​ចុងក្រោយ UNCTAD ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ទៅលើ​កំណើនសេដ្ឋកិច្ច​របស់​ប​ណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​។ ជាក់ស្តែង ប្រមាណ​ជាង ៧០ ភាគរយ​នៃ​ប្រធាន​ក្រុមហ៊ុន​ធំៗ​ក្នុងប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បានបញ្ជាក់​នៅក្នុង​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឆាបឆេះ​នេះ នឹង​ផ្តល់​ផល​អាក្រក់​ដល់​ការធ្វើ​ជំនួញ​របស់​ពួកគេ​៕
 

Tag:
 UN
  EU
  សង្គ្រាម​ពាណិជ្ជកម្ម​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com