អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​ជប៉ុន​សុំទោស​ក្រោយ​និយាយថា ការធ្លាក់ចុះ​ចំនួន​ប្រជាជន​ជា​កំហុស​ស្ត្រី​
08, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​ជប៉ុន លោក Taro Aso ត្រូវបាន​រង​ព្យុះ​រិះគន់​យ៉ាងខ្លាំង ក្រោយពី​លោក​បាន​ទម្លាក់កំហុស​លើ​ស្ត្រី​ដែល​គ្មាន​កូន សម្រាប់​វិបត្តិ​ប្រជាសាស្ត្រ​ដែល​កំពុង​កើតឡើង​នៅ​ជប៉ុន​។ ប៉ុន្តែ​លោក Aso ក៏បាន​សុំទោស​វិញ​ដែរ​។

 
 
​ថ្លែង​អំឡុង​សន្ទរកថា​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣ ខែកុម្ភៈ លោក Taro Aso ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ផងដែរ​នោះ បាន​លើកឡើងថា មូលហេតុ​នៃ​កំណើន​មនុស្ស​វ័យ​ចំណាស់​គឺ​មកពី​ការធ្លាក់ចុះ​នៃ​អត្រាកំណើត និង​ការបង្កើន​ថ្លៃ​ចំណាយ​លើ​ផ្នែក​សន្តិសុខ​សង្គម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Japan Time ។​
 
​អ្នកនយោបាយ​វ័យ ៧៨ ឆ្នាំ​រូបនេះ បាន​គូស​បញ្ជាក់ទៀតថា មនុស្ស​ជាច្រើន​បាន​ទម្លាក់កំហុស​លើ​មនុ​ស្សវ័យ​ចំណាស់​សម្រាប់​បញ្ហា​នេះ ប៉ុន្តែ​លោក​មិន​យល់ឃើញថា​វា​គឺជា​រឿង​ត្រឹមត្រូវ​នោះទេ​។ ត្រង់ចំណុច​នេះ​លោក​បាន​បកស្រាយ​ថា​៖«​បញ្ហា​គឺ​កើតឡើង​ដោយសារតែ​អ្នក​ដែល​ពុំបាន​ផ្តល់កំណើត​នោះឯង​»​។ 
 
​យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ​ក៏​សុំទោស​វិញ​។ បើតាម​សារព័ត៌មាន The Guardian លោក Aso ប្រកាស​ដក​សម្ដី​វិញ និង​ប្រុងប្រយ័ត្ន​មាត់ក​ចាប់ពីពេលនេះ​ទៅ​។​
 
​ជប៉ុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា ប្រជាជាតិ​ដែល​ប្រជាជន​វ័យ​ចំណាស់​ច្រើន​បំផុត​មួយ​ពិភពលោក ដ្បិតថា​ប្រមាណ​ជាង ២០ ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ជប៉ុន​មាន​អាយុ​ច្រើនជាង ៦៥ ឆ្នាំ​។  ហើយ​អត្រា​នៃ​កំណើត​ប្រជាជន​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ជា​លំដាប់ គិត​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ មកម្ល៉េះ​។ 
 
​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​និង​សុខាភិបាល​ជប៉ុន ក្នុង​ឆ្នាំ​២០១៧ ទារក​តិចជាង ៩៥ ម៉ឺន​នាក់​កើត ខណៈដែល​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ១,៣ លាន​នាក់​។ ទីក្រុង​តូ​ក្យូ​ដែលមាន​ប្រជាជន​រស់នៅ​ជាង ៩ លាន​នាក់​មាន​អត្រាកំណើត​ទាប​បំផុត ត្រឹមតែ ១,១៧ ភាគរយ​ប៉ុណ្ណោះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ស្ត្រី​ដែលមាន​កូន​កំពុង​ជួបនឹង​ការលំបាក​ក្នុងការ​ស្វែងរក​ទីតាំង​ថែទាំ​កូនៗ​របស់​ពួកគេ នៅពេលដែល​អ្នក​ម្តាយ​ទាំងនោះ​ចេញទៅ​ប្រកបការងារ​នៅ​ខាងក្រៅ​ផ្ទះ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ ភាគរយ​នៃ​ស្ត្រី​ជប៉ុន​អាយុ​ចាប់ពី ៣០ ទៅ​៣៤ ឆ្នាំ ដែល​វិលត្រឡប់​ទៅ​ប្រកបការងារ​វិញ​ក្រោយពី​ក្លាយជា​ម្តាយ បាន​កើនឡើង​ពី ៥០ ភាគរយ ទៅ ៧៥ ភាគរយ​។ ប៉ុន្តែ​ភាគច្រើន​នៃ​ស្ត្រី​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ទទួលយក​ប្រាក់កម្រៃ​ទាប​ជាង​មុន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១៧៕
 

Tag:
 ជប៉ុន​
  វិបត្តិ​មនុស្សសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com