អន្តរជាតិ
តុលាការ​កំពូល​ប៉ា​គី​ស្ថាន​ព្រមាន​យោធា​កុំ​ឲ្យ​លូកដៃ​ក្នុង​រឿង​នយោបាយ​
07, Feb 2019 , 10:19 pm        
រូបភាព
មន្ត្រីសន្តិសុខប៉ាគីស្ថានឈរយាមនៅក្រៅតុលាការកំពូលក្នុងរដ្ឋធានី Islamabad កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩។ រូបភាព៖ Straits Time
មន្ត្រីសន្តិសុខប៉ាគីស្ថានឈរយាមនៅក្រៅតុលាការកំពូលក្នុងរដ្ឋធានី Islamabad កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩។ រូបភាព៖ Straits Time
ដោយ:
​តុលាការ​កំពូល​របស់​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បាន​ព្រមាន​កង​យោធា​ដ៏​មាន​ឥទ្ធិពល និង​ភ្នាក់ងារ​សម្ងាត់ ដោយ​ប្រាប់​ឲ្យ​អ្នក​ទាំងនោះ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​នយោបាយ និង​ប្រកាន់ខ្ជាប់​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ​។ ការព្រមាន​ដ៏​កម្រ​មួយ​នេះ ធ្វើឡើង​ដើម្បី​រិះគន់​លើ​តួនាទី​របស់​យោធា​នៅក្នុង​បាតុកម្ម​មួយ ដែល​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។

​សាលក្រម​មួយ​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​ផ្លូវការ របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បាន​លើកឡើងថា​៖ «​ប្រសិនបើ​កងទ័ព​បណ្តោយ​ខ្លួន​ឲ្យ​ចូលក្នុង​សកម្មភាព​គ្រប់​ទម្រង់​នៃ​នយោបាយ ឬ​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពួកគេ​កំពុង​បំផ្លាញ​បូរណភាព​និង​វិជ្ជាជីវ​របស់​កង​ប្រដាប់អាវុធ​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បាន​សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ​របស់​ប៉ា​គី​ស្ថាន​ហាមឃាត់​សមាជិក​នៃ​កងកម្លាំងប្រដាប់អាវុធ​ពី​ការចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ​គ្រប់​ទម្រង់​ទាំងអស់​។  ត្រង់ចំណុច​នេះ តុលា​ការចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​និង​មេបញ្ជាការ​កងទ័ព​ទាំង​ជើងគោក​, ជើង​អាកាស និង​ជើង​ទឹក ចាត់វិធានការ​ប្រឆាំង​ទៅនឹង​បុគ្គល​ដែល​រកឃើញថា បាន​បំពាន​សច្ចាប្រណិធាន​រប​ស់​ពួកគេ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​បទបញ្ជា​។​
 
​គួរ​រម្លឹក​ផងដែរ​ថា បាត​កម្ម​ប្រឆាំង​រដ្ឋាភិបាល​មួយ​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម​មួយ​ឈ្មោះថា Tehreek-e-Labaik Pakistan ( TLP) ។ បាតុកម្ម​នេះ​ត្រូវបាន​រាលដាល​កាន់តែ​ធំ ក្រោយពី​មានការ​ប៉ះទង្គិច​ហិង្សា​ដែល​ឈានដល់​ការ​ជ្រៀត​ជ្រៀក​ពី​សំណាក់​កង​យោធា​។ ហេតុការណ៍​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋមន្ត្រី​ច្បាប់​របស់​ប៉ា​គី​ស្ថាន​ម្នាក់​លាលែង​ពី​តំណែង​។ 
 
​វីដេអូ​ជាច្រើន​ដែល​បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញថា អំឡុងពេល​បាតុកម្ម​ជាច្រើន​សប្តាហ៍​នៅក្នុង​រដ្ឋធានី កងទ័ព​ប៉ា​គី​ស្ថាន​បាន​ចែក​លុយ​ដល់​ក្រុម​អ្នក​បាតុករ​ទាំងនោះ​។ សកម្មភាព​នេះ​ត្រូវបាន​គេ​សង្ស័យថា ពួកគេ​ត្រូវបាន​គាំទ្រ​ដោយ​កងទ័ព ក្នុង​គោលដៅ​កេងចំណេញ​ផ្នែក​នយោបាយ ដោយ​ចង់​ដាក់​សម្ពាធ​លើ​បក្ស​កាន់អំណាច​របស់​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif ។​
 
​ម្យ៉ាងវិញទៀត សាលក្រម​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​ដដែល​នេះ ក៏បាន​លើកឡើង​ពី​ភាព​រាំងស្ទះ​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ ដោយ​ព្រមាន​ថា​គ្រប់​ភ្នាក់ងារ​សម្ងាត់​និង​សារព័ត៌មាន​គាំទ្រ​យោធា​ទាំងអស់​ពុំ​ត្រូវធ្វើ​ឲ្យ​ហួស​ព្រំដែន​អំណាច​របស់​ពួកគេ​នោះទេ​។ ជាក់ស្តែង សារព័ត៌មាន​ក្នុងស្រុក​ប៉ា​គី​ស្ថាន​ធ្លាប់បាន​បកស្រាយ​ថា ពួកគេ​ទទួលរង​សម្ពាធ​ក្នុងអំឡុងពេល​បោះឆ្នោត​ជាទូទៅ​កាលពី​ខែកក្កដា ដែល​ត្រូវ​បង្ខំ​ឲ្យ​ចុះផ្សាយ​តែ​អត្ថបទ​គាំទ្រ​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ថ្មី​របស់​ប៉ា​គី​ស្ថាន គឺ​លោក Imran Khan ៕
 

Tag:
 ប៉ា​គី​ស្ថាន​
  នយោបាយ​
  ប្រព័ន្ធ​ផ្សព្វផ្សាយ​
  តុលាការ​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com