អន្តរជាតិ
មនុស្ស​ជំនិត​លោក​ត្រាំ ត្រូវ​តែងតាំង​ជា​បេក្ខភាព​ប្រធាន​ធនាគារពិភពលោក
08, Feb 2019 , 9:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ៦ ខែកុម្ភៈ បានប្រកាសថា លោក​ស្នើ​តែងតាំង​លោក David Malpass ជា​ប្រធាន​ធនាគារពិភពលោក​ថ្មី​ជំនួស​លោក Jim Yong Kim ។ លោក Malpass ដែល​បច្ចុប្បន្ន​កាន់តំណែង​រដ្ឋលេខាធិកា​រ​ក្រសួង​រតនាគារ​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​។

 
​ថ្លែង​នៅក្នុង​បន្ទប់ Roosevelt  នៃ​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា រឿង​អាទិភាព​បំផុត​របស់​រដ្ឋបាល​លោក គឺ​ធានា​ឲ្យ​បាន​ថា​លុយ​ពន្ធ​របស់​ប្រជាជន​អាមេរិក ត្រូវបាន​យកទៅ​ចំណាយ​ដោយមាន​ប្រសិទ្ធភាព​និង​ឈ្លាសវៃ ក្នុង​គោលដៅ​បម្រើ​ដល់​ផលប្រយោជន៍​អាមេរិក និង​ការពារ​គុណ​តម្លៃ​ជនជាតិ​អាមេរិក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូបនេះ​អះអាងថា លោក David Malpass នៃ​បក្ស​សាធារណរដ្ឋ​គឺជា «​បុរស​ពិសេស​» ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​តួនាទី​កំពូល​មួយ​នេះ​។  
 
​ជាម​នុស្ស​ជំនិត​ម្នាក់​របស់លោក​ត្រាំ លោក Malpass ធ្លាប់​ធ្វើជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់លោក ត្រាំ អំឡុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​កាលពី​ឆ្នាំ  ២០១៦ ផងដែរ​។ ប្រសិនបើ​លោក​ឈ្នះ​ការបោះឆ្នោត​ក្នុងចំណោម​អ្នក​កាន់​ភាគហ៊ុន​របស់​ធនាគារពិភពលោក​មែ​ន​នោះ លោក​នឹង​កាន់តំណែង​ជំនួស​អតីត​ប្រធាន​ធនាគារពិភពលោក​លោក  Jim Yong Kim ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​កាលពី​ចុងឆ្នាំ ២០១៨ ហើយ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​។ 
 
 
​ក្នុង​រយៈពេល ២ ឆ្នាំ​ក្នុង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​អន្តរជាតិ លោក  David Malpass បាន​រិះគន់​លើ​ការផ្តល់​កម្ចី​អភិវឌ្ឍន៍​ធំៗ​ថា ជាការ​ខ្ជះខ្ជាយ​លុយ​និង​គ្មាន​ប្រសិទ្ធភាព ហើយ​ចង់​ឲ្យ​មានការ​ធ្វើកំណែទម្រង់​ទៀតផង​។ កាលពី​ឆ្នាំ ២០១៧ លោក​ធ្លាប់បាន​និយាយ​នៅក្នុង​ព្រឹទ្ធសភា​អាមេរិក​ថា ស្ថាប័ន​ដូចជា​ធនាគារពិភពលោក​បាន​ចំណាយលុយ​ជាច្រើន ប៉ុន្តែ​ពុំមាន​ប្រសិទ្ធភាព​ច្រើន​សោះ​។ 
 
«​ពួកគេ​ជារឿយៗ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​អនុវត្ត​លក្ខខណ្ឌ​ផ្តល់​កម្ចី និង​បរាជ័យ​ក្នុង​ការផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុងប្រទេស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Malpass ។ 
 
​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ធនាគារពិភពលោក ត្រូវធ្វើឡើង​ដោយ​ប្រើប្រាស់​នីតិវិធី​ពិសេស​មួយ ដែល​សមាជិក​ទាំង ២៥ ប្រទេស​នៃ​គណៈកម្មការ​កំពូល​មាន​ចំណែក​បោះឆ្នោត​ខុសៗ​គ្នា​។ សហរដ្ឋអាមេរិក​ដែលមាន​ចំណែក​បោះឆ្នោត​ធំជាងគេ​ចំនួន ១៦ ភាគរយ​នៃ​សំឡេងឆ្នោត​សរុប មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការសម្រេចចិត្ត​នេះ​។ ជា​ប្រពៃណី តំណែង​នេះ​ត្រូវ​ជ្រើសរើស​ដោយ​រដ្ឋបាល​អាមេរិក និង​ភាគច្រើន​ជា​ជនជាតិ​អាមេរិក​។ យ៉ាងណាមិញ ការតែងតាំង​បុគ្គល​ដែល​ធ្លាប់​រិះគន់​ដោយ​បើកចំហ​ទៅលើ​ធនាគារពិភពលោក អាច​បង្ក​ជា​រឿងចម្រូងចម្រាស់​នៅក្នុង​ការបោះឆ្នោត​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com