អន្តរជាតិ
មហាសេដ្ឋី​អង់គ្លេស Branson គ្រោង​ធ្វើដំណើរ​ទៅកាន់​អវកាស​ដោយ​ជិះ​យាន​ផ្ទាល់ខ្លួន​
09, Feb 2019 , 10:29 pm        
រូបភាព
ដោយ:
​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក Richard Branson ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ថា លោក​មាន​គម្រោង​ធ្វើដំណើរ​ទៅកាន់​អវកាស​ក្នុង​រយៈពេល ៤ ឬ ៥ ខែ​ខាងមុខ ដោយ​ប្រើប្រាស់​យានអវកាស​រប​ស់​ក្រុមហ៊ុន Virgin Galactic របស់លោក​ផ្ទាល់​តែម្តង​។

 
«​សេចក្តីប្រាថ្នា​របស់ខ្ញុំ​គឺ​ចង់​ឡើងទៅ​កាន់​អវកាស​ឲ្យ​ចំ​ថ្ងៃ​គំរប់​ខួប​ទី​៥០​ឆ្នាំ​នៃ​ការចុះ​ចត​លើ​ភព​ព្រះ​ចន្ទ​។ យើង​កំពុង​ប្រឹងប្រែង​ធ្វើការ​លើ​រឿងនេះ​។ ត្រឹម​ខែកក្កដា យើង​គួរតែ​អាច​បញ្ចប់​ការសាកល្បង​រួចរាល់​»​។ លោក Richard Branson ដែលជា​ប្រធាន​ក្រុមហ៊ុន Virgin និយាយ​បែបនេះ​នៅក្រៅ​ព្រឹត្តិការណ៍​មួយ​ដើម្បី​សាទរ​ដល់​ក្រុមហ៊ុន Virgin Galactic នៅឯ​សារមន្ទីរ​អវកាស​និង​អាកាស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ 
 
​បេសកកម្ម Apollo ទី​១១ របស់​អាមេរិក បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​ចន្ទ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩​។ មហាសេដ្ឋី​រូបនេះ ទំនង​សម្រេច​បំណង​របស់ខ្លួន​ឲ្យ​ទាន់​ខែកក្កដា​តែម្ដង​។ យ៉ាងណាមិញ លោក Branson បាន​និយាយថា លោក​មិន​ចង់​បង្កើត​ពាក្យសន្យា​ណា​ដែល​លោក​មិនអាច​រក្សា​វា​បាន​នោះឡើយ​។ ដូច្នេះ​លោក​ត្រូវ​រង់ចាំ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់លោក​ចេញមុខ​មក​បញ្ជាក់ថា​ពួកគេ​សម្រេច​ជោគជ័យ ១០០ ភាគរយ​សិន​។ 
 
​ម្យ៉ាងវិញទៀត លោក Branson លើកឡើង​ទៀតថា លោក​ត្រូវ​ចំណាយលុយ ៣៥ លាន​ដុល្លារ​ជា​រៀងរាល់ខែ​លើ​ក្រុមហ៊ុន Virgin Galactic​។ កាលពី​លើក​មុន​លោក​ក៏​ធ្លាប់​អះអាងថា លោក​បាន​វិនិយោគ​លុយ​ច្រើនជាង​មួយ​ពាន់​លាន​ដុល្លារ​ដោយ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ផ្សេង គិត​ចាប់ពី​ដើមឆ្នាំ​២០០០​មកម្ល៉េះ​។ 
 
​ក្រុមហ៊ុន Virgin Galactic មានបំណង​បញ្ជូន​អ្នកដំណើរ​ទៅកាន់​អវកាស តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ នេះ​មានន័យថា ពួកគេ​នឹងមិន​ទៅណា​ឆ្ងាយ​ឡើយ​ពី​គន្លង​របស់​ផែនដី​។ បេសកកម្ម​នេះ​នឹងមាន​រយៈពេល​ខ្លី​ជាង និង​ថោក​ជាង​គម្រោង​របស់​ក្រុមហ៊ុន SpaceX  របស់លោក Elon Musk ដែល​គ្រោង​បញ្ជូន​មហាសេដ្ឋី​ជនជាតិ​ជប៉ុន​ម្នាក់​ទៅកាន់​ភព​ព្រះ​ចន្ទ​នៅ​ដើមឆ្នាំ​២០២៣​។ 
 
​សូមបញ្ជាក់ថា យានអវកាស​របស់​ក្រុមហ៊ុន Virgin Galactic ធ្លាប់​ហោះ​ពីលើ​ផែនដី​ក្នុង​រយៈកម្ពស់ ៨០ គីឡូម៉ែត្រ ដែល​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ចាត់ទុកថា​ជា​ផ្នែក​ចុង​បំផុត​នៃ​អវកាស ជា​លើកដំបូង​បង្អស់​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។ សម្រាប់​កំណត់ត្រា​អន្តរជាតិ​គឺ​ក្នុង​រយៈកម្ពស់ ១០០ គីឡូម៉ែត្រ​ពី​ផែនដី​។ យាន​អវក​កាស​របស់​ក្រុមហ៊ុន Virgin Galactic ដែល​ត្រូវបាន​គេ​ហៅថា SpaceShipTwo ត្រូវបាន​បញ្ជា​ដោយ​អ្នកបើកបរ​ចំនួន ២ នាក់​។ យាន​នេះ​នឹង​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន ៦ នាក់ អម​ជាមួយនឹង​អ្នកបើកបរ​ចំនួន​២​រូប​ផងដែរ​៕
 

Tag:
 អវកាស​
  មហាសេដ្ឋី​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com