កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយក្លិបប្រដាល់សកលដ៏ធំរបស់ជប៉ុន Motohashi Boxing Gym។ តាមរយៈ MOU រយៈ៥ឆ្នាំនេះ ភាគីកម្ពុជាអាចបញ្ជូនកីឡាករទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅជប៉ុន ឬហៅកីឡាករខ្លាំងៗរបស់ជប៉ុនមកចែករំលែកបទពិសោធនិងហ្វឹកហាត់រួមគ្នានៅកម្ពុជា។ ទាំងភាគីកម្ពុជា និងជប៉ុនសុទ្ធតែជឿជាក់ថា MOU នេះ នឹងជួយជំរុញឲ្យវិស័យកីឡាប្រដាល់សកលកម្ពុជាកាន់តែរីកចម្រើន។
ចាប់ពីឆ្នាំ២០១៩នេះតទៅ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាអាចបញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅជប៉ុន ដើម្បីត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ សិទ្ធិបញ្ជូនកីឡាករទៅជប៉ុននេះ បន្ទាប់ពីសហព័ន្ធបានចុះអនុសារណៈយោគយល់គ្នាជាមួយក្លិបប្រដាល់សកលជប៉ុន Moyohashi Boxing Gym ដែលមានសុពលភាពរយៈពេល៥ឆ្នាំ។
ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ឆឹង យ៉ៅយ៉េន ជឿជាក់ថា តាមរយៈ MOU នេះ នឹងជួយជំរុញឲ្យវិស័យកីឡាប្រដាល់សកលកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំង ព្រោះជប៉ុនជាប្រទេសសក្កានុពលលើវិស័យកីឡា។ លោកចាត់ទុកភាពជាដៃគូនេះថា ជាសញ្ញាណវិជ្ជមានមួយក្នុងដំណើរឆ្ពោះទៅប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ពិសេសស៊ីហ្គេមឆ្នាំ២០១៩។
«យើងនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩ ដែលវាជាផែនការរយៈពេលខ្លី ដូច្នេះកិច្ចសហប្រតិបត្តិការនេះ វានឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា។ ឆ្លងកាត់ការចូលរួមស៊ីហ្គេមមួយរយៈកន្លងមក យើងតែងតែបញ្ជូនកីឡាករឲ្យទៅហ្វឹកហាត់នៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន តែនៅតែមិនអាចទៅរួច។ ហេតុនេះហើយទើបយើងសម្រេចចុះ MOU ជាមួយក្លិបជប៉ុន ដោយជប៉ុនថានឹងផ្តល់ឲ្យយើងទៅហ្វឹកហាត់នៅទីនោះរយៈពេលវែង ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣»។ នេះជាការលើកឡើងរបស់លោក ឆឹង យ៉ៅយ៉េន។
ក្រៅពីជួយផ្នែកបច្ចេកទេសហ្វឹកហាត់ ភាគីជប៉ុន ក៏បានជួយជាថវិកាក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារហ្វឹកហាត់ដល់ភាគីកម្ពុជាផងដែរ។ នេះជាការអះអាងរបស់ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ ជាក់ស្តែងក្នុងថ្ងៃចុះ MOU កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ភាគីជប៉ុនបានផ្តល់សម្ភារហ្វឹកហាត់មួយចំនួន និងថវិកាចំនួន២ពាន់ដុល្លារ ដើម្បីយកទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ។
លោក Motohashi Yukiharu ប្រធានក្លិបប្រដាល់សកលជប៉ុន Motohashi Boxing Gym បានបញ្ជាក់ថា ការដែលលោកសម្រេចចុះ MOU ជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ដោយសារចង់ជួយអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើននៅកម្ពុជា។ ព្រោះលោកជឿជាក់ថា ការហ្វឹកហាត់នៅជប៉ុន ឬហ្វឹកហាត់នៅកម្ពុជាដោយមានការចូលរួមពីកីឡាករជប៉ុន នឹងជួយឲ្យកីឡាករកម្ពុជាមានសមត្ថភាពល្អប្រសើរជាងការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ជាមួយការសន្យាផ្តល់បច្ចេកទេសហ្វឹកហាត់ថ្មីៗដល់កីឡាករកម្ពុជាក្នុងអភិវឌ្ឍន៍សមត្ថភាព លោក Motohashi Yukiharu ជឿជាក់ថា តាមរយៈ MOU នេះ កម្ពុជានឹងមានការរីកចម្រើនខ្លាំង រហូតឈានទៅទទួលបានលទ្ធផលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏មានគម្រោងនាំយកកីឡាករល្អរបស់ជប៉ុនមកចែករំលែកបទពិសោធន៍ និងប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយកីឡាករកម្ពុជាផងដែរ។
ប្រធានក្លិបប្រដាល់សកលជប៉ុនរូបនេះ សង្កេតឃើញថា បច្ចុប្បន្នសម្ភារហ្វឹកហាត់នៅកម្ពុជាមិនចោទជាបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺនៅខ្វះបច្ចេកទេសក្នុងការហ្វឹកហាត់។ ជាមួយគ្នានេះលោកសន្យាថា នឹងជួយផ្តល់បច្ចេកទេសល្អៗដល់កីឡាករកម្ពុជា។ លោកអះអាងថា បើសិនកីឡាករខិតខំហ្វឹកហាត់ដោយអនុវត្តតាមបច្ចេកទេសដែលលោកបានផ្តល់ឲ្យ កម្ពុជានឹងអាចដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាក់ជាមិនខានឡើយ។
កង្វះការចាប់អារម្មណ៍ពីមហាជននិងស្ថានីយទូរទស្សន៍ផ្សេងៗក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតប្រចាំសប្តាហ៍ឬខែត្រូវបានលោក ឆឹង យ៉ៅយ៉េន ចាត់ទុកជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជា។ លោកបន្ថែមថា បញ្ហានេះហើយ ដែលជំរុញកីឡាករឲ្យងាកទៅចាប់អារម្មណ៍លើវិស័យកីឡាប្រដាល់គុន ជាងប្រដាល់សកល។ ព្រោះប្រដាល់គុនខ្មែរមានការប្រកួតរៀងរាល់សប្តាហ៍នៅតាមស្ថានីយទូរទស្សន៍ ដែលអនុញ្ញាតឲ្យកីឡាករបានបង្ហាញសមត្ថភាពស្ទើររាល់សប្តាហ៍។
ជាមួយគ្នានេះ លោក ឆឹង យ៉ៅយ៉េន បានប្តេជ្ញាថា លោកនឹងខិតខំរិះរកវិធីសាស្ត្រដើម្បីអភិវឌ្ឍវិស័យប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេស លោក នឹងស្វែងរកដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ដើម្បីទាក់ទាញការចូលរួមកាន់តែច្រើនពីកីឡាករ និងមហាជន។
នាពិធីចុះអនុសារណៈយោគយល់គ្នាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ធ្វើឡើងក្រោមវត្តមានលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាជាមួយលោក Motohashi Yukiharu ប្រធានក្លិបប្រដាល់ជប៉ុន Motohashi Boxing Gym។ ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ៕