អន្តរជាតិ
កញ្ចប់​លុយ​ការពារជាតិ​របស់រប​ប​សឹក​ថៃ កើន​ដល់​៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩
15, Feb 2019 , 8:39 pm        
រូបភាព
ដោយ:
​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ថៃ បាន​ហក់​ឡើងជា​គំហុក​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​អំឡុងពេល​ក្រុម​យោធា​បាន​ដណ្តើម​ក្តាប់​អំណាច​ចំនួន​ពីរលើក​មកនេះ​។ សភា​ថៃ​ដែល​ជ្រើសតាំង​ដោយ​របប​សឹក​បានស្នើ​លុយ​ចំនួន ៧​ពាន់​លាន​ដុល្លារ​សម្រាប់​កញ្ចប់​ថវិកា​ការពារជាតិ​ក្នុង​ឆ្នាំ​២០១៩​។ ចំនួន​ថវិកា​ដែល​ដាក់​ស្នើ​ថ្មី​នេះ​គឺ​កើនឡើង​១​ពាន់​លាន​ដុល្លារ គិត​ចាប់ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក​។

 
​ការបង្កើន​ខ្ទង់ចំណាយ​ជា​បន្ត​បន្ទាប់ពី​សំណាក់​ក្រុង​បាងកក ជាការ​ពង្រឹងសមត្ថភាព​យោធា និង​ដើម្បី​ទិញ​សម្ភារៈ​យោធា​ថ្មី​ទុក​ប្រើ​ជំនួស​យុទ្ធោបករណ៍​មួយចំនួន​ហួស​សម័យ​។ ក្នុង​ឆ្នាំ​២០១៧ ថៃ​បាន​បញ្ជា​ទិញ​នាវាមុជទឹក​ប្រភេទ Yuan-039A ចំនួន​៣​គ្រឿង​ពី​ចិន ដោយ​មួយគ្រឿង​តម្លៃ​៣៩៣​លាន​ដុល្លារ​។ សម្រាប់​គោលបំណង​នៃ​ការបញ្ជាទិញ​នេះ របប​សឹក​ថៃ​បាន​អះអាងថា ខ្លួន​ត្រូវការ​ចាំបាច់​សម្រាប់​ការពារ​ធនធាន​នៅក្នុង​សមុទ្រ Andaman ។ ការចរចា​រវាង​ភាគី​ទាំងពីរ​ក៏​នៅតែ​បន្ត ខណៈ​ថៃ​ចង់​ឲ្យ​ចិន​សាងសង់​ទីតាំង​ជួសជុល​គ្រឿងបន្លាស់​យោធា​មួយកន្លែង​ក្នុងប្រទេស​ខ្លួន​។​
 
​ដើម្បី​ជា​កាដូរ​អបអរ​ចូលឆ្នាំថ្មី​២០១៩ យោធា​ថៃ​បានសម្រេច​បញ្ជា​ទិញ​រថ​គ្រោះ​ចម្បាំង​ចិន​ប្រភេទ VT-4 ចំនួន​១២​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២,២​ពាន់​លាន​បាត (៧០​លាន​ដុល្លារ​) ខណៈ​ក្នុង​ឆ្នាំ​២០១៧ ថៃ​ក៏បាន​ទិញ​រថ​គ្រោះ​ចិន​ប្រភេទ VT-4s  ចំនួន​១០​គ្រឿង​ដែរ​។ ជុំវិញ​រឿងនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​បាន​និយាយថា រថ​គ្រោះ​ប្រភេទ VT-4s នឹង​យកទៅ​ប្រើ​ជំនួស​រថ​គ្រោះ​អាមេរិក​ប្រភេទ M41 ដែល​ធ្លាប់​ប្រើប្រាស់​ចាប់តាំងពី​ស​ង្គ្រា​ម​លោក​លើក​ទី​ពី​រម​ក​។​
 
​ចិន​ពុំមែន​ជា​អ្នកផ្គត់ផ្គង់​អាវុធ​តែមួយគត់​របស់​ថៃ​នោះទេ​។ រដ្ឋាភិបាល​ក្រុង​បាងកក កាលពី​ឆ្នាំ​២០១៧ បានប្រកាសថា កងកម្លាំង​ជើង​អាកាស​របស់ខ្លួន​នឹង​ទទួលបាន​យន្តហោះ​ចម្បាំង​ដែល​ផលិត​ដោយ​កូរ៉េខាងត្បូង​ចំនួន ៨​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២,៦​ពាន់​លាន​ដុល្លារ​។ យន្តហោះ​ស៊េរី​ទំនើប​ទាំង​៨​គ្រឿង​នេះ​នឹងត្រូវ​ទ​ទួ​ឡ​បាន​ត្រឹម​ឆ្នាំ​២០២០​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ទ័ព​ជើង​អាកាស​ថៃ​ទើប​ទទួលបាន​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH Golden Eagles ចំនួន​៤​គ្រឿង ដែល​ស្មើនឹង​១១០​លាន​ដុល្លារ​។​
 
​ក្រៅពី​ចិន និង​កូរ៉េខាងត្បូង អាមេរិក​ក៏​ជា​ដៃគូ​លើ​វិស័យ​យោធា​ដ៏​សំខាន់​របស់​ថៃ​ដែរ​។ អាមេរិក​បាន​លក់​គ្រឿងបន្លាស់​យោធា​សំខាន់ៗ​ក្នុង​ទំហំ​ទឺ​ក​ប្រាក់ ៤៣៧​លាន​ដុល្លារ​ទៅ​ឲ្យ​ថៃ តាម​កម្មវិធី Foreign Military Sales (FMS) គិត​ចាប់ពី​ឆ្នាំ​២០១៤​មក​។ ស្ថានទូត​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖«​ថៃ​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ដៃគូ​ចាស់​របស់​យើង​ក្នុង​តំបន់​អាស៊ី ហើយ​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​ទូលាយ​របស់​យើង​នឹងធ្វើ​បន្តទៀត​លើ​រាល់​បញ្ហា ដែល​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​ទាំងពីរ​»​។​
 
​ដូច​ដឹង​ស្រាប់ ថៃ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​មួយ​របស់​អាមេរិក ប៉ុន្តែ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​ក្រោយពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។ យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រឹតបន្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ នៅពេលដែល​លោក​បាន​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ទៅកាន់​សេត​វិមាន​អាមេរិក​ក្នុង​ខែតុលា ឆ្នាំ​២០១៧៕
 

Tag:
 ថៃ​
  វិស័យ​ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com