អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន​៖ ក្នុង​ក្រសែភ្នែក​ប្រជាជន​ជប៉ុន វៀតណាមជា​រដ្ឋ​ឧស្សាហ៍ ឆ្លាត និង​អត់ធ្មត់
18, Feb 2019 , 9:10 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានបង្ហាញ​ពី​ចក្ខុវិស័យ​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ និង​ចាប់​ដៃគូ​ជាមួយនឹង​វៀតណាម​ដើម្បី​កសាង​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សរសើរ និង​ទទួលស្គាល់​ពី​ការអភិវឌ្ឍ​ដ៏​លេចធ្លោ​របស់​វៀតណាម​ផងដែរ​។


 
​តាមរយៈ​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​ថ្ងៃ​១៦ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​អះអាងថា ជប៉ុន និង​វៀតណាម មាន​ទំនាក់ទំនង​ល្អ​ខ្លាំង​ទាំង​លើ​ផ្នែក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។ ជប៉ុន ក៏​កំពុង​សំឡឹង​មើលឃើញ​ពី​ភាពជា​ដៃគូ​ជាមួយនឹង​វៀតណាម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការពារ និង​សន្តិសុខ​, ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បញ្ហា​ក្នុង​តំបន់​ផងដែរ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​ពី​រយៈពេល ២៥​ឆ្នាំមុន ដែលជា​ពេល​លោក​ត្រូវបាន​ជ្រើសរើស​ជា​សមាជិកសភា​ជប៉ុន ហើយ ក៏​ជា​ពេល​លោក និង​បណ្តា​សមាជិកសភា​ជប៉ុន​ផ្សេងទៀត បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​វៀតណាម ដែល​ពេលនោះ លោក អះអាងថា វៀតណាម កំពុងតែ​ចាប់ផ្តើម​អភិវឌ្ឍ និង​អនុវត្ត​គោលនយោបាយ​កែទម្រង់​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក អា​បេ ដែល​អះអាងថា​ធ្លាប់បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​៤​ដង​ទៅកាន់​វៀតណាម​គិត​ចាប់ពី​លោក​ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ឆ្នាំ​២០០៦​មក​នោះ បានបង្ហាញ​ពី​សុទិដ្ឋិនិយម និង​ទទួលស្គាល់ថា វៀតណាម គឺជា​ប្រទេស​របស់​អាស៊ីអាគ្នេយ៍​មួយ ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ក្លៀវក្លា​។​
 
​តាម​សម្តី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ជប៉ុន វៀតណាម គឺជា​ប្រទេសមួយ​ដែលមាន​ភាព​ឧស្សាហ៍​ព្យាយាម វ័យឆ្លាត និង​អត់ធ្មត់ ហើយ​ប្រជាជន​វៀតណាម ក៏មាន​បេះដូង​កក់ក្តៅ​ទៀត​។​
 
​លោកនាយក​រដ្ឋមន្ត្រី ក៏​រំពឹង​ផងដែរ​ថា នឹងមាន​ប្រជាជន​ជំនាញ​របស់​វៀតណាម ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​កាន់តែច្រើន ស្របតាម​គោលនយោបាយ​ថ្មី និង​បើកចំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការទទួល​កម្លាំង​ពលកម្ម​បរទេស ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១ មេសា តទៅ​។ 
 
​ឆ្លៀតឱកាស​ផ្តល់​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​វៀតណាម​ស្រាប់​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បានបង្ហាញ​ចេតនា​ដោយ​ប្រយោល​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកល ខណៈដែល​វៀតណាម នឹងត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​៕ 

Tag:
 ជប៉ុន​
  វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com