អន្តរជាតិ
របាយការណ៍​៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​មានជោគ​ជ័យ​ក្នុងការ​អភិរក្ស​ព្រៃឈើ តែ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​រ៉ែ​
18, Feb 2019 , 10:39 pm        
រូបភាព
រូបភាព the Straits Times
រូបភាព the Straits Times
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ​វី ដូ​ដូ ទទួលបាន​ការសរសើ​រ និង​លើកទឹកចិត្ត​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ដើម្បី​អភិរក្ស​ព្រៃឈើ និង​ទប់ស្កាត់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ក៏ប៉ុន្តែ​ក៏​រង​ការរិះគន់​ខ្លាំង​ពី​ក្រុម​អង្គការ​ពាក់ព័ន្ធ​បរិស្ថាន​ជុំវិញ​ការ​បណ្តែតបណ្តោយ​ឲ្យ​ធនធានធម្មជាតិ​រ៉ែ ត្រូវបាន​បំផ្លាញ​ដែរ​។ រដ្ឋាភិបាល​ក៏​ពាក់ព័ន្ធ​នឹង​ការ​រឹត​ត្បឹ​ត​ខ្លាំង​ទៅលើ​ក្រុម​សកម្មជន និង​អ្នកតស៊ូ​មតិ​លើ​បញ្ហា​ធនធាន​រ៉ែ​ដែរ​។​


 
​វេទិកា​អ្នកឃ្លាំមើល​បរិស្ថាន​ឥណ្ឌូណេស៊ី ថ្មីៗ​នេះ បានធ្វើ​របាយការណ៍​មួយ​ដោយ​បញ្ជាក់ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ​កូ​វី ដូ​ដូ បានធ្វើ​ឲ្យ​ភាពល្អប្រសើរ​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការ​អភិរក្ស និង​ថែរក្សា​ព្រៃឈើ បើ​ប្រៀបធៀប​ជាមួយនឹង​រដ្ឋបាល​ដឹកនាំ​របស់​ប្រធានាធិបតី​អាណត្តិ​មុន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post​។ 
 
​ក៏ប៉ុន្តែ​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន​ឥណ្ឌូណេស៊ី មិនអាច​ទទួលយកបាន​ឡើយ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​លោក​ចូ​កូ​វី ទៅលើ​សកម្មជន និង​អ្នកតស៊ូ​មតិ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ទំនាស់​ដីធ្លី និង​បញ្ហា​រ៉ែ​។ ក្រុម​អ្នកឃ្លាំមើល បាន​ចោទប្រកាន់ថា ប្រធានាធិបតី​រូបនេះ​មិនបាន​គោរព​តាម​ការសន្យា ដែល​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​បញ្ហា​រ៉ែ​ឡើយ​។ 
 
​តាម​របាយការណ៍​រប​ស់​ក្រុម​អ្នកឃ្លាំមើល ក្នុងអំឡុងពេល​បួន​ឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់លោក​ប្រធាន​ធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ មាន​សកម្មជន​បរិស្ថាន​ជាង ៨០ នាក់ ទូទាំងប្រទេស ត្រូវបាន​កាត់ទោស​ដោយ​សារ​តែ​ពួកគេ ចូលរួម​តស៊ូ​មតិ​ពាក់​ព័​ន្ធនឹង​ការរំលោភបំពាន​លើ​ធនធាន​រ៉ែ​មាស និង​ធ្យូងថ្ម​។ 

 
​គួរ​ជម្រាប​ផងដែរ​ថា លោក ចូ​កូ វី​ដូ​ដូ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅក្នុង​ឆ្នាំ​២០១៤ ហើយ លោក ក៏​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការឃោសនា​រក​សំឡេងគាំទ្រ ដើម្បី​បើកផ្លូវ​ឲ្យ​លោក ទៅដល់​ការ​កាន់អំណាច​ជាថ្មី ក្នុង​អាណត្តិ​ទី​ពីរ ដែលជា​អាណត្តិ​ចុងក្រោយ​របស់លោក​ផងដែរ​៕ 


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com