អន្តរជាតិ
សភា​សិង្ហ​បុរី សួរ​រដ្ឋមន្ត្រីការបរទេស​ខ្លួន​៖ «​ហេតុអ្វី​សិង្ហ​បុរី ឬ​អាស៊ាន​មិនអាច​កំណត់ពេល​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បាន​?»
19, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan បាន​ចេញមុខ​បកស្រាយ​ចំពោះមុខ​សភា​របស់ខ្លួន​ពាក់​ដំណើការ​វិវត្តន៍​នៃ​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។ លោក​រដ្ឋមន្ត្រី បាន​អះអាងថា ទាំង​សិង្ហ​បុរី ឬ​ទាំង​អាស៊ាន មិនអាច​ដើរតួ​ជំនួសមុខ​មី​យ៉ាន់​ម៉ា​លើ​បញ្ហា​នេះ​បានឡើយ ក៏ប៉ុន្តែ​សិង្ហ​បុរី ឬ​អាស៊ាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​គាំទ្រ និង​ជ្រោមជ្រែង​ដំណើការ​នេះ​។

 
​សភា​សិង្ហ​បុរី នៅ​ថ្ងៃទី​១៣ កុម្ភៈ បាន​កោះហៅ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន គឺ​លោក Vivian Balakrishnan ដើម្បី​បំ​ភឺ្ល​ពី​ការវិវត្ត​នៃ​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ជាមួយនឹង​សំណួរ​ថា​តើ «​ហេតុអ្វី​បានជា សិង្ហ​បុរី ឬ​អាស៊ាន មិនអាច​ដាក់​ពេល​កំណត់​សម្រាប់​ដំណើការ​នៃ​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​ទីកន្លែង​ដើម​របស់​ពួកគេ​បាន​?»
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី The Strait Times លោក​រដ្ឋមន្ត្រី Vivian បាន​បំភ្លឺថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា មាន​ច​រិ​ក​លក្ខណៈ​ស្មុគស្មាញ ហើយ​មាន​បញ្ហា​ជាច្រើន​ដែល​អាស៊ាន មិនអាច​សម្រេច និង​ពិភាក្សាបាន និង​តម្រូវ​ឲ្យ​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ផ្ទាល់ ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​របស់ខ្លួន​។ 
 
​រដ្ឋមន្ត្រីការបរទេស​រូបនេះ បន្តទៀតថា បញ្ហា​ដែល​លំបាក និង​ប្រឈម​ខ្លាំង​ក្នុង​រឿងនេះ គឺ​ការផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ស្របច្បាប់ និង​សិទ្ធិ​នយោបាយ ដែល​រឿង​ទាំងនេះ ត្រូវ​ស្ថិតនៅក្រោម​សិទ្ធិ និង​ការសម្រេចចិត្ត​របស់រ​ដ្ឋ​អធិបតេយ្យ ហើយ​អាស៊ាន ឬ​ប្រទេស​ដទៃ ក៏​មិនអាច​លើក​យកទៅ​ជជែក​ក្នុង​តុមូល​របស់ខ្លួន​បាន​ផងដែរ ។ 
 
​យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​សិង្ហ​បុរី ក៏បាន​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​សិង្ហ​បុរី ក៏ដូចជា​អាស៊ាន នៅក្នុង​ដំណើការ​នៃ​បញ្ហា​នេះ​ផងដែរ​។ លោក បញ្ជាក់ថា អាស៊ាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​គាំទ្រ​ជនភៀសខ្លួន តាមរយៈ​ការផ្តល់ និង​ជួយ​លើ​សម្ភារៈ​ថែទាំ​សុខភាព និង​អប់រំ និង​កិច្ចសន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​រលូត និង​អាច​ជឿទុកចិត្ត​បាន​។ 
 
​គួរ​ជម្រាប​ថា សិង្ហ​បុរី គឺជា​ប្រទេស​អភិវឌ្ឍ​បំផុត​មួយ​ក្នុង​តំបន់ និង​ពិភពលោក ដែល​ស្ថានភាព​ទោះ​ចង់ ឬ​មិន​ចង់ សិង្ហ​បុរី ត្រូវតែ​នាំមុខ​ក្នុងការ​ដោះស្រាយ​បញ្ហា ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​លើ​ការឆ្លើយតប​ទៅនឹង​បញ្ហា​ចម្បង​របស់​ពិភពលោក និង​តំបន់​។ 
 
​តែ​យ៉ាងណា​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ផ្ទុះ​ចេញពី​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ រ៉ា​ខាន ( Rakhine) និង​បណ្តាល​ឲ្យ​ប្រជាជន​ជាង​កន្លះ​លាន​នាក់ បង្ខំចិត្ត​ចាកចេញ​ពី​លំនៅឋាន មិនមែនជា​រឿង​ងាយ​ឡើយ​។ មិនមែនជា​រឿង​ងាយ​នោះ​ក៏​ព្រោះតែ វា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ផង ខណៈ​នៅ​មី​យ៉ាន់​ម៉ា មាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ច្រើន ហើយ​ក៏មាន​ក្រុម​ជនជាតិ​មួយ​ភាគ មាន​ទាំង​ទាហាន​ឯករាជ្យ​របស់ខ្លួន​ទៀត​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com