ជាតិ
តំបន់មួយចំនួន នៅក្នុងខេត្ត៦ កំពុងខ្វះទឹកប្រើប្រាស់ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ តំបន់មួយចំនួន នៅក្នុងបណ្ដាខេត្តចំនួន៦ កំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់។ នេះបើតាមអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម។
លោក ចាន់ យុត្ថា បាននិយាយថា ការខ្វះទឹកប្រើប្រាស់នេះ បណ្ដាលមកពីអាកាសធាតុរាំងស្ងួត ប៉ុន្តែវាមិនបង្កឲ្យបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ ។ នោះក៏ព្រោះតែក្រសួងធនធានទឹក និងអង្គភាពពាក់ព័ន្ធ បានចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកនេះ ជូនប្រជាពលរដ្ឋជាដំណាក់កាលហើយ។
តំបន់មួយចំនួនដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់ គឺស្ថិតនៅក្នុងខេត្តបាត់ដំបង កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ កោះកុង និងព្រៃវែង។ ត្រង់ចំណុចនេះលោក ចាន់ យុត្ថា បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង២៨០០០ពាន់គ្រួសារ ដែលស្ថិតនៅក្នុងស្រុកកោះក្រឡ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងខ្វះទឹកប្រើប្រាស់ ដោយសារប្រភពទឹកក្នុងស្រុកនេះបានរីងស្ងួត។ ប៉ុន្តែបញ្ហានេះ ត្រូវបានអាជ្ញាធរដោះស្រាយហើយ ដោយពួកគេដឹកជញ្ជូនទឹកពីស្រុករតនមណ្ឌល មានចំងាយប្រមាណជាង១០០គីឡូម៉ែត ដើម្បីចែកចាយពលរដ្ឋរស់នៅក្នុងស្រុកទាំងពីរនេះ។
ងាកមកបញ្ហាទឹកនៅក្នុងស្រុកស្ទូង ខេត្តកំពង់ធំ វិញ ក៏ជួបបញ្ហាទឹកស្ទឹងរីងស្ងួតដាច់ជាកង់ៗដែរ។ ប៉ុន្តែជាដំណោះស្រាយនោះ រដ្ឋមន្រី្តក្រសួងធនធានទឹក បានប្រើគ្រឿងចក្រកាយនៅតាមបាតស្ទឹង ដើម្បីប្រមូលទឹកដែលមាននៅសល់និងចេញពីក្រោមដីសម្រាប់ពលរដ្ឋប្រើប្រាស់។ ចំណែកប្រជាពលរដ្ឋ ក៏បានបូមទឹកដែលចេញមក រក្សាទុកសម្រាប់ប្រើផងដែរ។
ដោយឡែកខេត្តកោះកុង ខាងមន្ទីរធនធានទឹក និងអាជ្ញាធរខេត្ត បានដឹកជញ្ជូនទឹកទៅតាមកន្លែងដែលជួបនឹងបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ហើយ ខណៈខេត្តព្រៃវែង កំពុងរងនូវការប្រឈមខ្វះទឹកប្រើប្រាស់ ជាពិសេសនៅតំបន់ស្រុកមេសាង។ រដ្ឋមន្រី្តក្រសួងធនធានទឹក បានរៀបចំអណ្ដូង ដើម្បីដោះស្រាយបញ្ហានេះ។
រីឯខេត្តឧត្តរមានជ័យ និង ព្រះវិហារ គឺមានការខ្វះទឹកប្រើប្រាស់នៅក្នុងពន្ធនាគារ។ ដើម្បីជាដំណោះស្រាយក្នុងខេត្តឧត្តរមានជ័យ ខាងមន្ទីរធនធានទឹកបានដឹកជញ្ជូនទឹកមួយថ្ងៃមួយជើងមានទឹក១០ម៉ែត្រគូប រហូតដល់មានទឹកប្រើប្រាស់គ្រប់គ្រាន់។ សម្រាប់ដំណោះស្រាយរយៈពេលវែងវិញ រដ្ឋមន្រី្តក្រសួងធនធានទឹកលោក លឹម គានហោ បានជីកស្រះទំហំ១ហិកតា ដើម្បីរក្សាប្រភពទឹកសម្រាប់ពលរដ្ឋប្រើប្រាស់។ ចំណែកពន្ធនាគារខេត្តព្រះវិហារវិញ គឺមានការបុកអណ្ដូងពី៨០ម៉ែត្រទៅជាង១០០ម៉ែត្រ ក្នុងនេះមួយម៉ោងអាចចេញទឹកប្រមាណជាង៣ម៉ែតគូប។ ហើយក្នុងរយៈពេល១០ម៉ោង អាចមានទឹកជាង៣០ម៉ែត្រគូប ដើម្បីផ្គត់ផ្គង់គ្រប់គ្រាន់ដល់អ្នកជាប់ឃុំពន្ធនាគារ។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា។
នៅរដូវប្រាំងចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១៩ កម្ពុជានឹងមានបាតុភូត «អែលនីណូ» ដែលបណ្តាលឲ្យអាកាសធាតុក្តៅហួតហែង សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា និងមានភ្លៀងកក់ខែ លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើន ដែលជាមូលហេតុនាំឲ្យប្រជាកសិករប្រមូលផលដំណាំបានតិចជាងរាល់ឆ្នាំផងដែរ។ករណីនេះ រាជរដ្ឋាភិបាល ប្រាប់ឲ្យពលរដ្ឋទាំងអស់ ជាពិសេសកសិករ គួរគប្បីរក្សាទឹកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ និងសម្រាប់ដាំដំណាំផ្សេងៗក្រៅពីដំណាំស្រូវជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com