អន្តរជាតិ
កិច្ចព្រមព្រៀង​លក់​ទឹក​រវាង​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ឡើង​កំដៅ​ជាថ្មី ដោយ​ម៉ាឡេស៊ី​ទារ​ឡើងថ្លៃ​ទៀត​
18, Feb 2019 , 5:54 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah នឹង​ដឹកនាំ​មន្ត្រី​មួយក្រុម​ដើម្បី​ទៅ​ចរចា​តម្លៃ​ទឹក​ដែល​លក់​ឲ្យ​សិង្ហ​បុរី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ​។ យ៉ាងណាមិញ​លោក​ពុំបាន​បង្ហើប​ពី​ទីតាំង​ឬ​កាលបរិច្ឆេទ​នៃ​ជំនួប​នេះឡើយ​។​

 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី ១៧ កុម្ភៈ លោក មហា​ធៀ បាន​បញ្ជាក់ថា លោក​កំពុង​ពិនិត្យ​លើ​តម្លៃ​លក់​ទឹក ៣ សេន​ម៉ាឡេស៊ី​(០,០០៥​ដុល្លារ​) សម្រាប់​បរិមាណ​ទឹក ៣៧៨៥ លីត្រ ដែល​ត្រូវ​បានសម្រេច​ក្នុង​ឆ្នាំ​១៩២៦ ជាមួយ​ភាគី​សិង្ហ​បុរី​។ 
 
«​កាលនោះ តម្លៃ ១ សេន អាច​ទិញ​ទំនិញ​បានជា​ច្រើន​មុខ ប៉ុន្តែ​ឥឡូវនេះ​ជាមួយ​លុយ ១ សេន យើង​មិនអាច​ទិញ​អ្វី​បាន​នោះទេ ទោះបីជា​លុយ ៣​សេន ក៏​យើង​ពុំ​អាច​ទិញ​អ្វី​បានឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​មហា​ធៀ ដោយ​បន្ថែមទៀតថា​៖«​ប្រសិនបើ​អ្នក​គិតថា​តម្លៃ​ត្រូវ​កំណត់​ក្នុង​ឆ្នាំ​១៩២៦ នៅតែ​អាច​រក្សា​រហូតដល់​ឆ្នាំ​៣០០០​នោះ​…​តើ​វា​សម​ហេតុផល​ទេ​? ខ្ញុំ​យល់ថា​វា​មិន​សម​ហេតុផល​នោះទេ​»​។  
 
​តាមពិតទៅ​កិច្ចព្រមព្រៀង​ទិញ​លក់​ទឹក​នេះ​ត្រូវបាន​បង្កើតឡើង​ឆ្នាំ ១៩៦២ ដែល​វា​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​សិង្ហ​បុរី​ក្នុង​ការទាញយក​ទឹក​ពី​ទន្លេ Johor រៀងរាល់ថ្ងៃ​ក្នុង​បរិមាណ ៩៤៧ លាន​លីត្រ​។ ចំណែក​រដ្ឋ Johor មាន​កាតព្វកិច្ច​ទិញ​ទឹក​ដែល​ច្នៃ​ហើយពី​សិង្ហ​បុរី​វិញ​ក្នុង​ទំហំ ២​ភាគរយ​នៃ​ទឹក​សិង្ហ​បុរី​បូម​បាន​សរុប ឬក៏​ស្មើ ១៨ លាន​លីត្រ​ដូចគ្នា​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផុតកំណត់​នៅក្នុង​ឆ្នាំ ២០៦១​ខាងមុខ​នេះដែរ​។​
 
​សម្រាប់​ការទាញយក​ទឹក​នេះ សិង្ហ​បុរី​ចំណាយលុយ ៣ សេន (០,០០៥​ដុល្លារ​) សម្រាប់​បរិមាណ​ទឹក ៣៧៨៥ លីត្រ ហើយ​សិង្ហ​បុរី​លក់​ទឹក​ចម្រាញ់​រួច​ទៅ​ឲ្យ​រដ្ឋ Johor ក្នុងតម្លៃ  ៥០ សេន (០,០៩​ដុល្លារ​) សម្រាប់​បរិមាណ​ទឹក ៣៧៨៥ លីត្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ។​
 
​កន្លងមក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ប្តេជ្ញា​សហការគ្នា​ដើម្បី​ធានាថា ការផ្គត់ផ្គង់​ទឹក​នេះ​នឹង​អាចធ្វើ​ទៅបាន​គ្រប់គ្រាន់ និង​អាច​ទុកចិត្តបាន​អនុលោម​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ឆ្នាំ ១៩៦២​នេះដែរ​។​
 
​យ៉ាងណាក៏ដោយ ការប្រឈមមុខគ្នា​ដោយសារ​ទឹក​មិនមែនជា​លើកទីមួយ​ឡើយ​សម្រាប់​សិង្ហ​បុរី និង​ម៉ាឡេស៊ី ព្រោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បន្ត​ប្រើប្រាស់​កិច្ចព្រមព្រៀង​នេះ​ជា​ឧបករណ៍​នយោបាយ​ដាក់​សម្ពាធ​លើ​សិង្ហ​បុរី​។ គេ​អាច​នៅ​ចាំបាន​ជម្លោះ​កាលពី​ឆ្នាំ ១៩៩៨  ព្រោះ​ធ្ងន់ធ្ងរ​ជាង​ពេលបច្ចុប្បន្ន​ឆ្ងាយ​ណាស់​៕ 
 

Tag:
 ម៉ាឡេស៊ី​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com