អន្តរជាតិ
ហុងដា​នឹង​បិទ​រោងចក្រ​នៅ​អង់គ្លេស ឯ​ក្រុមហ៊ុន​រថយន្ត​ឯទៀត​ព្រមាន​ពី​វិបត្តិ​បាត់បង់​ការងារ​ព្រោះ Brexit
19, Feb 2019 , 3:38 pm        
រូបភាព
រថយន្តហុងដាដែលផលិតដោយរោងចក្រនៅអង់គ្លេសកាលពីឆ្នាំ ២០០៩ (រូបភាពឯកសារ៖ AFP)
រថយន្តហុងដាដែលផលិតដោយរោងចក្រនៅអង់គ្លេសកាលពីឆ្នាំ ២០០៩ (រូបភាពឯកសារ៖ AFP)
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ហុងដា​ប្រកា​សបិទ​រោងចក្រ​របស់ខ្លួន​នៅ​ចក្រភព​អង់គ្លេស​ឆ្នាំ ២០២១ ខាងមុខ ហើយ​មនុស្ស ៣៥០០​នាក់​ស្ថិតក្រោម​គ្រោះថ្នាក់​ដោយសារ​បាត់បង់​ការងារ​។ ក្រុមហ៊ុន​រថយន្ត​ធំៗ​ផ្សេងទៀត​បាន​ព្រមាន​ពី​ផលប៉ះពាល់​ជាពិសេស​ហានិភ័យ​នៃ​ការបាត់បង់​ការងារ​ដោយសារ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​នោះ​។ តំណាង​ចក្រភព​អង់គ្លេស​អះអាងថា​ការសម្រេច​បិទ​រោងចក្រ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ឡើយ​។


 
​ការប្រកាស​ពី​ការបិទ​រោងចក្រ​ផលិត​រថយន្ត​របស់ខ្លួន​នៅ​ក្រុង Swindon ត្រូវ​ប្រកាសឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ហុងដា​នៅ​ថ្ងៃ​អង្គារ​ទី ១៩​ខែកុម្ភៈ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Sky News​។ 
 
​ការបិទ​រោងចក្រ​រថយន្ត​ហុងដា​នេះ​នឹងត្រូវ​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២១ ហើយ​អ្នក​រង​ផលប៉ះពាល់​ដោយ​បាត់បង់​ការងារ​មាន​ប្រហែល ៣៥០០​នាក់​ឯណោះ​។ ក្រុមហ៊ុន​រថយន្ត​ផ្សេងទៀត​ដូចជា នីសា​ន់​, Land Rover និង Ford បាន​ព្រមាន​ជាមុន​ថា ការបាត់បង់​ការងារ​នេះ​នឹងមាន​កាន់តែច្រើន ស្រប​ពេលដែល​អង់គ្លេស​ត្រៀម​ដើរ​ចេញពី​សហភាព​អឺរ៉ុប (Brexit) នៅត្រឹម​ខែមីនា​ខាងមុខនេះ​។​
 
 ក្រុមហ៊ុន​នីសា​ន់ ក៏បាន​សម្រេច​លុបចោល​គម្រោង​ក្នុងការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ប្រភេទ X-Trail SUV នៅ​អង់គ្លេស​ដែរ ដោយ​លើក​ហេតុផល​ភាពមិនច្បាស់លាស់​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ជា​សម្អាង​ជាពិសេស​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ត្រឹម​ថ្ងៃ ២៩ ខែមីនា​។ 
 
​តាមពិតទៅ​រោងចក្រ​ផលិត​រថយន្ត​ហុងដា​នៅ Swindon ជា​រោងចក្រ​តែមួយគត់​របស់​ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​នេះ​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​រោងចក្រ​នេះ​បាន​បើកទ្វារ​អស់​រយៈពេល​លើស ២៤​ឆ្នាំ​ទៅហើយ និង​បាន​ផលិត​រថយន្ត​ប្រហែល ១៥​ម៉ឺន​គ្រឿង​រៀងរាល់ឆ្នាំ​។ 
 
​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​អង់គ្លេស​ប្រចាំ​តំបន់ Justin Tomlinson បាន​អះអាងថា ការសម្រេច​របស់​ហុងដា មិន​ពាក់ព័ន្ធ​សោះ​ជាមួយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​ហុងដា​នឹង​រក្សាទុក​ទីស្នាក់ការ​របស់ខ្លួន​ប្រចាំ​អឺរ៉ុប​នៅ Bracknell ដដែល​។ 
 
«​ខ្ញុំ​បាន​និយាយ​ជាមួយ​តំណាង​ក្រុមហ៊ុន​ហុងដា​ហើយ​។ គេ​បញ្ជាក់​ច្បាស់​ថា ការសម្រេចចិត្ត​នេះ​មិនមែន​ដោយសារ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ទេ តែ​វា​ជា​ផ្អែក​ចរន្ត​សកល​តែម្តង​។ ហុងដា​ចង់​ប្រមូលផ្តុំ​ការផលិត​រថយន្ត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប​នៅ​ជប៉ុន​វិញ​។ 
 
​យ៉ាងណា​ក៏ដោយចុះ​ក្រុមហ៊ុន​ហុងដា​នឹងមិន​ប្រកាស​ពី​ការបាត់បង់​ការងារ​រ​បស់​បុគ្គលិខ​បម្រើ​ការងារ​នៅ​រោងចក្រ​របស់ខ្លួន​រហូត​ដល់ ឆ្នាំ ២០២១ បើតាម​ការបញ្ជា​ក់រប​ស់​តំណាងរាស្ត្រ​ខាងលើ​។ ចំណែក​ខាង​ក្រុមហ៊ុន​ហុងដា​មិនបាន​ផ្តល់​មតិយោបល់​អ្វី​ឡើយ​ជុំវិញ​ការសម្រេចចិត្ត ប៉ុន្តែ​បញ្ជាក់ថា ខ្លួន​នឹង​ទទួលខុសត្រូវ​ចំពោះ​អ្នកធ្វើការងារ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​សាកសួរ​បុគ្គលិក​បម្រើកា​រងារ​នៅ​រោងចក្រ​ផលិត​រថយន្ត​ហុងដា​ជុំវិញ​ព័ត៌មាន​នេះ ហើយ​បុគ្គលិក​ទាំងនោះ​បង្ហាញ​អារម្មណ៍​សោកស្តាយ​និង​ក្រៀមក្រំ​ដែល​រោងចក្រ​ត្រូវ​បិទទ្វារ​។ 
 
​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ Sue Davis វ័យ ៤៩​ឆ្នាំ​បាន​ប្រាប់ AFP ថា ការ​ឈានទៅ​បិទ​រោងចក្រ​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​លោកស្រី​។ «​ខ្ញុំ​គិតថា ក្រុង Swindon គឺ​ចប់​តែម្តង​ដោយ​គ្មាន​រោងចក្រ​ក្រុមហ៊ុន​ហុងដា​។ អតីត​ស្វាមី​ត​ខ្ញុំ​ធ្វើ​ការងារ​នៅទីនេះ ២០​ឆ្នាំ​ហើយ​។ គាត់​នឹង​គ្មាន​ការងារ​ធ្វើ​ឡើយ​នៅពេល​ខាងមុខ​។​ដូច្នេះហើយ​ខ្ញុំ​គិតថា វា​ជា​រឿង​អាក្រក់​បំផុត​មួយ​»​។​
 

Tag:
 Brexit
  អង់គ្លេស​
  ហុងដា​
  នីសា​ន់​
© រក្សាសិទ្ធិដោយ thmeythmey.com