ជាតិ
សង្គមជាតិ
ដើមឆ្នាំ​២០១៩ គ្រោះ​អគ្គីភ័យ​បានកើត​ជិត​១៥០​លើក នៅ​ទូទាំងប្រទេស ភាគច្រើន​ជា​ករណី​ភ្លើង​ឆេះ​ព្រៃ
23, Feb 2019 , 9:59 pm        
រូបភាព
រូបបានពីនាយកដ្ឋានបង្ការ ពន្លត់ និងសង្រ្គោះអគ្គីភ័យ
រូបបានពីនាយកដ្ឋានបង្ការ ពន្លត់ និងសង្រ្គោះអគ្គីភ័យ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រោះ​អគ្គីភ័យ​បាន​កើតឡើង​ទូទាំងប្រទេស​ចំនួន​១៤៩​លើក នៅ​ដើមឆ្នាំ​២០១៩ ។ ក្នុង​គ្រោះ​អគ្គីភ័យ​នេះ មាន​មនុស្ស​១០​នាក់​បាន​ស្លាប់ របួស​២៤​នាក់ ឆេះ​ផ្ទះ​ជាង​១០០​ខ្នង​។ បើតាម​លោក  នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់ និង​សង្គ្រោះ​អគ្គីភ័យ  បាន​មានប្រសាសន៍ថា គ្រោះ​អគ្គីភ័យ​ឆ្នាំនេះ មានការ​កើនឡើង​ខ្លាំង បណ្តាលមកពី​ករណី​ភ្លើង​ឆេះ​ព្រៃ​កើត​ច្រើនជាង​រាល់​ឆ្នាំ​។​

 
​លោក​បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ ករណី​ភ្លើង​ឆេះ​ព្រៃ​កើត​ច្រើនជាង​រាល់​ឆ្នាំ​ព្រោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នីមួយៗ​មានការ​ធ្វេសប្រហែស​ច្រើន ក្នុង​ការដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ឬ​ដុត​ព្រៃ​ដើម្បី​រក​សត្វ​ជាដើម​។  ពិសេស​អាកាសធាតុ​ឆ្នាំនេះ​មានការ​កើតឡើង​កម្តៅ​ខ្លាំង​ជាង​រាល់​ឆ្នាំ​ផង​នោះ ទើប​ធ្វើឱ្យមាន​ការកើនឡើង​នូវ​ចំនួន​អគ្គីភ័យ​ដូច្នេះ​។ ក្រៅពី​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ ក៏មាន​ការកើនឡើង​ខ្លាំង​ពី​ឆ្លង​ចរន្តអគ្គិសនី​ច្រើន​ផងដែរ​។​
 
​ប្រធាន​នាយកដ្ឋាន​រូបនេះ បាន​និយាយថា ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះ​អគ្គីភ័យ​ទាំងនេះ ចាំបាច់​ត្រូវ​ពង្រឹង​ទៅលើ​ការចូលរួម​ពី​វិស័យ​អ្នកវិនិយោគ ប្រជាពលរដ្ឋ និង​ម្ចាស់​សំណង់​អគារ ជាដើម​។ ដោយ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែមាន​ការចូលរួម​ឲ្យ​បាន​កាន់តែខ្លាំង​ស្រុះគ្នា គ្រប់​រូបភាព​ក្នុងការ​ទប់ស្កាត់​អគ្គីភ័យ ដោយ​កុំ​មានគំនិត​ថា​គ្រោះ​អគ្គីភ័យ​កើតឡើង ជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ​អគ្គីភ័យ ឬ​ក្រុម​ពន្លត់អគ្គីភ័យ​។​
 
​លោក នេ​ត វ​ន្ថា បាន​ព្រមាន​ទៅដល់​ម្ចាស់ផ្ទះ ឬ​ជន​ណា​ដែល​បង្ក​ឲ្យ​កើតមាន​អគ្គីភ័យ ដោយ​ចេតនា និង​អ​ចេតនា នឹងត្រូវ​ទទួលរង​ការពិន័យ​និង​ប្រឈម​ផ្លូវច្បាប់​ជា​ធរមាន​។ ជាមួយគ្នានេះ លោក បាន​បញ្ជាក់ថា ការបាញ់​ពន្លត់អគ្គីភ័យ​ទាំងឡាយ​មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ឡើង​។  ព្រោះនេះ​ជា​ភារកិច្ច    និង​កា​ព្វ​កិច្ច​របស់​មន្ត្រីនគរបាល​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​។ 
 
​យោងតាម​របាយការណ៍ និង​លទ្ធផល​ការងារ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រយៈពេល​មួយឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០១៨ អគ្គីភ័យ​បានកើត​ឡើង​ចំនួន​៥៣៤​លើក គឺ​កើនឡើង​ចំនួន​២០​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។  អគ្គីភ័យ​ជាង​៥០០​លើក​នេះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់ របួស​៥២​នាក់ ឆេះ​ផ្ទះ​អស់​៥៥៣​ខ្នង និង​ឆេះ​តូប​អស់​ចំនួន​៣៩៦​តូប នៅ​ទូទាំងប្រទេស ជាមួយ​ទ្រព្យសម្បត្តិ​រាប់លាន​ដុ​លា្ល​រ​ទៀតផង​។​
 
​មូលហេតុ​នាំ​ឲ្យ​កើតមាន​អគ្គីភ័យ​ភាគច្រើន​បណ្តាលមកពី​កា​រត​ចរន្តអគ្គិសនី​ខុស​បច្ចេកទេស និង​ការធ្វេសប្រហែស​ភ្លើងចង្ក្រាន ភ្លើងទៀន និង​ធូប​។​ល​។ 
 
​ដោយឡែក កាលពី​ថ្ងៃទី​២១ កុម្ភៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  បានចេញ​សេចក្តីណែនាំ​មួយ​ស្តីពី​វិធានការ​ការពារ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង និង​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ត្រី​ក្នុង​រដូវប្រាំង ឆ្នាំ​២០១៩​។ ការណែនាំ​នោះបាន​បញ្ជាក់ថា កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត​អែល​នី​ណូ (El Nino) ដែល​បង្ក​ឱ្យ​អាកាសធាតុ​នា​រដូវប្រាំង​នេះ​មាន​សភាព​ក្តៅ​ហួតហែង​សីតុណ្ហភាព​អតិបរមា​អាច​ហក់​ឡើងដល់​៤០-៤២​អង្សា​សេ ដែល​ងាយ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​៕
 

Tag:
 អគ្គីភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com